អង្គរ​វត្ត​ឈ្នះ​ការ​បោះ​ឆ្នោត ក្លាយ​ជា​ម្ចាស់​ជយលាភី ArchaeoMadness 2014

  • 2014-10-22 16:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​ក្នុង​ខែ​តុលា​នេះ បន្ទាប់​ពី​ប្រាសាទ​អង្គរ​វត្ត​បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី Archaeo​Madness​2014 ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​បុរាណ​វត្ថុ​វិទ្យា​នៃ​សហរដ្ឋអាមេរិក។ ចំណាត់​ថ្នាក់​កំពូល​គេ​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​អង្គរវត្ត​កម្ពុជា​បាន​ឈ្នះ​សំឡេង​ឆ្នោត​លើ​ទីតាំង​ប្រវត្តិសាស្ត្រ​នានា​ដែល​មាន​ទាំង​អស់ ៣១​កន្លែង​ផ្សេង​ទៀត។

 

 

 

ការ​ប្រកួត​ប្រជែង​នេះ រៀប​ចំ​ឡើង​ដូច​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ដែរ ដោយ​មាន​ទី​តាំង​ប្រវត្តិសាស្ត្រ​ទាំង​អស់ ៣២​កន្លែង​ត្រូវ​ដាក់​ផ្គូផ្គង​គ្នា​ឲ្យ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ តំបន់​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​នឹង​ឡើង​ទៅ​វគ្គ​ជម្រុះ​បន្ត​ទៀត និង​ជម្រុះ​បន្តបន្ទាប់​រហូត​រក​ឃើញ​តំបន់​ឈ្នះ​ចុង​ក្រោយ​ ​ជា​ម្ចាស់​ជយលាភី​ទីតាំង​ប្រវត្តិសាស្ត្រ​ល្អ​ផ្ដាច់​គេ ArchaeoMadness 2014។ ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​តាម​គេហទំព័រ​​វិទ្យាស្ថាន​បុរាណ​វត្ថុ​វិទ្យា​នៃ​សហរដ្ឋអាមេរិក។ ​

 

មុន​ឈាន​មក​គ្រង​តំណែង​ជា​ម្ចាស់​ជយលាភី​២០១៤ នេះ ប្រាសាទ​អង្គរវត្ត​បាន​យក​ឈ្នះ​សួន​ឧទ្យាន​ប្រវត្តិសាស្ត្រ Chaco Canyon របស់​សហរដ្ឋ​អាមេរិក​ក្នុង​វគ្គ ៣២​កន្លែង។ បន្ទាប់​មក​ផ្ដួល​តំបន់​ប្រវត្តិសាស្ត្រ Machu Picchu របស់​ប្រទេស​ប៉េរូ​ក្នុង​វគ្គ ១៦​កន្លែង ​ និង​បន្ត​យក​ឈ្នះ​ទីក្រុង​បុរាណ Tikal របស់​ប្រទេស​ហ្គាតេម៉ាឡា នៅ​វគ្គ ៨​កន្លែង​ចុង​ក្រោយ។

 

 

 

វគ្គ ៣២​កន្លែង ​អង្គរវត្ត​បាន​យក​ឈ្នះ​សួន​ឧទ្យាន​ប្រវត្តិសាស្ត្រ Chaco Canyon ​សហរដ្ឋ​អាមេរិក

 

នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ អង្គរ​វត្ត​នៅ​តែ​បន្ត​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​លើ​ទីក្រុង​បុរាណ Cahokia របស់​សហរដ្ឋអាមេរិក និង​ចុង​ក្រោយ​យក​ឈ្នះ​តំបន់​ប្រវត្តិសាស្ត្រ Caracol របស់​សហរដ្ឋ​អាមេរិក​ទៀត ក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​លេខ​មួយ​ក្នុង​ឆ្នាំ​២០១៤ នេះ។

 

វគ្គ ១៦​កន្លែង រហូតដល់វគ្គផ្តាច់ព្រ័ត្រ

 

ទោះ​ជា​ការ​បោះ​ឆ្នោត​នេះ​រៀបចំ​ឡើង​ក្រៅ​ផ្លូវ​ការ​មែន ប៉ុន្តែ​វា​អាច​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្គាល់​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា និង​បោះ​ឆ្នោត​ឲ្យ​សម្បត្តិ​បេតិកភណ្ឌ​នេះ​ ឈ្នះ​តំបន់​ប្រវត្តិសាស្ត្រ​នានា​ជា​ច្រើន​លើ​លោក៕

​​​​​

ចុចអាន៖ កំពូល​មេ​ដឹក​នាំ​ពិភពលោក​​ណា​ខ្លះ​​ធ្លាប់​មក​ទស្សនា​អង្គរវត្ត?

 

ដោយ​ គង់ វិសាល

ប្រភព៖ archaeological.org