ចូល​ឆ្នាំ​វក​នេះ​តើ​ឆ្នាំ​ណា​ខ្លះ​​ឆុង ឆ្នាំ​ណា​ខ្លះ​កាក់កប?

  • 2016-01-27 18:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​វក​នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ លោក​ កុក​ ឡុង គ្រូ​ចិន​សែ​នៅ​ ស៊ិនសែ​ហោរា​បកប្រែ​​ឯកសារ​ខ្មែរ-ចិន ចិន-ខ្មែរ បាន​ប្រាប់​ថា ​​មាន​ឆ្នាំ​ខ្លះ​កាក់កប​ ឯ​ឆ្នាំ​ខ្លះ​​ឆុង​នឹង​ឆ្នាំ​នេះ ប៉ុន្តែ​នៅ​មាន​ដំណោះ​ស្រាយ។

 

ឆ្នាំ​ដែល​ឆុង មាន​ឆ្នាំ​ខាល (ឆុង​ពី​ម៉ោង ៣ ដល់ ៥ ល្ងាច និង ៩ ដល់ ១១ ព្រឹក) គួរ​តែ​សែន​នៅ​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ក្នុង​ផ្ទះ​ដើម្បី​កាត់​ឆុង និង ឆ្នាំ​វក​ (ឆុង​ម៉ោង ៣ ដល់ ៥ ព្រឹក​ និង ម៉ោង ៩ ដល់ ១១ យប់) គួរ​តែ​សែន​​នៅ​ផ្ទះ​នៅ​ថ្ងៃ​ទី​១៦ ខែ​ កុម្ភៈ ឆ្នាំ ២០១៦ ដើម្បី​កាត់​ឆុង។

 

​អ្នក​កើត​ឆ្នាំ​ទាំង​ពីរ​មិន​គួរ​ ទៅ​ការដ្ឋាន​សាង​សង់​​ទេ តែ​បើ​មាន​ការ​សាង​សង់​ផ្ទះ​ខ្លួន​ឯង​គួរ​ពឹង​បង​ប្អូន​ឱ្យ​ជួយ​មើល​ការ​ខុស​ត្រូវ​ជំនួស​ ​មិន​គួរ​ទៅ​មើល​ខ្លួន​ឯង​ទេ​ នាំ​មាន​រឿង​រ៉ាវ​ជាមួយ​ជាង​ធ្វើ​ផ្ទះ។ កុំ​ទៅ​បុណ្យ​សព ព្រោះ​អាច​នាំ​រឿង​ស៊យ​ដល់​ខ្លួន​ បើ​ចាំ​បាច់​ខ្លាំង​មែន​ទែន​មិន​អាច​ចោល​បាន​​មុន​នឹង​ទៅ​ត្រូវ​ងូត​ទឹក​ឱ្យ​ស្អាត​បាត និង ដាក់​ផ្លែ​ទទឹម​តាម​ខ្លួន​។ ពេល​ទៅ​ដល់​​ផ្ទះ​បុណ្យ​សព កុំ​អង្គុយ​មុខ​ផ្ទះ​ និង ត្រូវ​កន្លង​ក្អម​ភ្លើង​ដែល​ដាក់​សម្រាប់​ដុត​ក្រដាស​សែន​ដើម្បី​ យក​ឈ្នះ​វិញ្ញាណ​ខ្មោច។ ពេល​ត្រឡប់​មក​ពី​បុណ្យ​សព​វិញ​ គួរ​កុំ​ជិះ​ផ្លូវ​ដដែល គួរ​ជិះ​ផ្លូវ​ផ្សេង​។ មុន​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ត្រូវ​ យក​ផ្កា​ម្លិះ​ ផ្កា​ឈូក​ ឬ ផ្កា​ទទឹម​ទៅ​បាច​លើ​ខ្លួន​ លុប​មុខ​ឱ្យ​ស្អាត​បាត​សឹម​ចូល​ក្នុង​ផ្ទះ។

 

 

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

ឆ្នាំ​ជូត​ (ឆុង​ម៉ោង ១១ ដល់ ៣ រសៀល និង ម៉ោង ១១ ដល់ ១ យប់) គួរ​ប្រយ័ត្ន​ប្រយែង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ។ អ្នក​កើត​ឆ្នាំ​នេះ​គួរ​សែន​អ្នក​តា​ខ្លា​ស ដែល​មាន​នៅ​តាម​កន្លែង​ផ្សេងៗ​ដូច​ជា​ វត្ត​ភ្នំ​ ឬ ក្រុង​តាខ្មៅ​ជា​ដើម។ សំណែន​មាន​ដូច​ជា សាច់​ជ្រូក​ឆៅ​បី​ជាន់ មួយ​ដុំ​ ពង​ទា​ឆៅ​ពីរ​​គ្រាប់​ ដោយ​មួយ​គ្រាប់​ដាក់​សែន​ជាមួយ​សាច់​ជ្រូក ឯ​មួយ​គ្រាប់​ទៀត​យក​ទៅ​គោះ​នឹង​មាត់​ខ្លា​បន្តិច​ ហើយ​យក​ទៅ​គប់​​លើ​ផ្លូវ​ឧបកិច្ច​ថា​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍។

 

អ្នក​កើត​ឆ្នាំ​ឆ្លូវ​ ឆុង​តិច​តួច​ គួរ​សែន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​នៅ​ម៉ោង ៥ ដល់ ៦ ល្ងាច នៅ​ថ្ងៃ​ទី​​២២ ខែ កុម្ភៈ​ ឆ្នាំ ២០១៦ ហើយ​ពេល​អុជ​ធូប​ត្រូវ​ ឧទ្ទិស​ដល់​ទេវតា ឈ្មោះ​ ឡេង តិច​ ដើម្បី​ជួយ​ថែរក្សា​ខ្លួន។

 

ចំណែក​អ្នក​កើត​ឆ្នាំ​ម្សាញ់​ រក​ទទួល​ទាន​កាក់កប​ណាស់​ក្នុង​ឆ្នាំ​វក​នេះ​ ប៉ុន្តែ​ត្រូវ​ចេះ​ទុក​ដាក់​សន្សំ​សំចៃ​ផង។ ចំណែក​អ្នក​កើត​ឆ្នាំ​ ផ្សេង​ពី​ឆ្នាំ​ខាង​លើ លោក​ថា​ល្អ​បង្គួរ​​៕

 

ចុចអានអត្ថបទ អបិយជំនឿ ជាច្រើនទៀត

 

 

អត្ថបទ៖ ណេង ណេង