តើអ្នកចង់បង្ហាញក្ដីស្រលាញ់ថ្ងៃ ១៤ កុម្ភៈអត់? តោះ! ទៅបរិច្ចាគឈាមនៅមន្ទីរពេទ្យព្រះអង្គឌួង
- 2016-02-12 16:49:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកចង់បង្ហាញក្ដីស្រលាញ់ថ្ងៃ ១៤ កុម្ភៈអត់? តោះ! ទៅបរិច្ចាគឈាមនៅមន្ទីរពេទ្យព្រះអង្គឌួង
ចន្លោះមិនឃើញ
ថ្ងៃ ១៤ កុម្ភៈ ជាទិវានៃក្ដីស្រលាញ់ ដែលយុវវ័យខ្មែរ តែងបង្ហាញការគោរពស្រលាញ់ ទៅគ្នាទៅវិញទៅមក បើទោះបីវាមិនមែនជាវប្បធម៌ប្រពៃណីរបស់កម្ពុជាក៏ដោយ ហើយទិវានេះទៀតសោត មិនមែនធ្វើសំដៅលើតែគូសង្សារនោះទេ ពោលគឺមិត្តភ័ក្ដិ បងប្អូន ឪពុកម្ដាយ ឬលោកគ្រូអ្នកគ្រូ ជាដើម។
លោក អ៊ួរ សុខលាង មន្ត្រីអប់រំផ្សព្វផ្សាយរកអ្នកបរិច្ចាគឈាម មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឱ្យដឹងថា ថ្ងៃ ១៤ កុម្ភៈ ជាឱកាសល្អមួយដែលប្រជាជនខ្មែរ អាចបង្ហាញក្ដីស្រលាញ់របស់ពួកគេជូនសង្គមជាតិ តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
"បងប្អូនអាចចូលរួមបានដោយស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៤ ល្ងាច"។
លោក អ៊ួរ សុខលាង បន្តថា ក្រោយបរិច្ចាគឈាម សប្បុរសជននឹងទទួលបានផ្ដាកុលាបមួយទង ដើម្បីបង្ហាញពីក្ដីស្រលាញ់ ថតរូប Selfie ភ្លាមបានភ្លែតទុកជាអនុស្សាវរីយ៍ និងទទួលបានអារម្មណ៍រីករាយជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗ ការសម្ដែងរបាំផ្សេង ហើយក៏មានការចូលរួមពីកញ្ញា ស៊ូ ស៊ីរីកា លោក អ៊ាម វ៉ាន្នី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធា គ្រុយ រួមទាំងកាកបាទក្រហមផងដែរ។
ការបរិច្ចាគឈាមគឺធ្វើឡើងស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ហើយមុននឹងគេអនុញ្ញាតឱ្យផ្ដល់ អ្នកបរិច្ចាគត្រូវគោរពលក្ខខណ្ឌបី៖
១. ត្រូវមានអាយុ ១៨ ឆ្នាំឡើងទៅ ២. ត្រូវមានទម្ងន់ ៤៥ គីឡូក្រាមឡើងទៅ ៣. ត្រូវមានសុខភាពល្អ (ល្អផ្លូវចិត្ត ល្អផ្លូវកាយ និងល្អផ្លូវសង្គម)
បើមិនគោរពលក្ខខណ្ឌទាំងនេះទេ នោះអ្នកស្ម័គ្រចិត្តមិនត្រូវអនុញ្ញាតឱ្យផ្ដល់នោះឡើយ។ ឈាមជាសម្បត្តិធម្មជាតិ ក្រោយបរិច្ចាគ សប្បុរសជនគ្រាន់តែញ៉ាំទឹកឱ្យបានច្រើន នំចំណី ផ្លែឈើទឹកក្រូចទៀតសោត នោះឈាមនឹងដូចធម្មតាវិញ។ នេះជាការបញ្ជាក់របស់លោក សុខលាង៕
សៀវភៅ ១ ក្បាលរៀនពីរឆ្នាំ ឡើងថ្នាក់លុបហើយ យកសរសេរឡើងវិញ
អត្ថបទ៖ អ៊ុំ សុភក្តិ