"ការងារសង្គម" ជាទីផ្សារដ៏សំខាន់មួយជួយឱ្យក្រុមហ៊ុនមានមុខមាត់ល្អ
- 2016-02-15 17:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ការងារសង្គម" ជាទីផ្សារដ៏សំខាន់មួយជួយឱ្យក្រុមហ៊ុនមានមុខមាត់ល្អ
ចន្លោះមិនឃើញ
ឆ្លើយសំណួររបស់ Sabay ថាតើគួរធ្វើយ៉ាងណាដើម្បីឱ្យក្រុមហ៊ុនមួយរីកចម្រើនបាន លោក សេង ពិសិដ្ឋ បានលើកឡើងថា ការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហារបស់អតិថិជន ការកសាងកេរ្តិ៍ឈ្មោះ ទំនុកចិត្ត ដើមទុន និងទីផ្សារជាដើម ជាចំណុចចម្បងដែលម្ចាស់ក្រុមហ៊ុនត្រូវគិតគូរ។ ជ្រុងមួយនៃទីផ្សារ លោកថា ការងារសង្គម ជាទីផ្សារមួយសំខាន់ដែរ ដែលជួយឱ្យក្រុមហ៊ុន មានប្រជាប្រិយភាព និងមានមុខមាត់ល្អ។ យ៉ាងណាការលើកឡើងរបស់លោកមិនបានន័យថា យកសង្គមជាឈ្នាន់នោះទេ គឺត្រូវធ្វើឡើងទៅតាមលទ្ធភាព និងចេញពីចិត្ត ដើម្បីអភិវឌ្ឍសង្គមឱ្យរីកចម្រើន។
នាយកប្រតិបត្តិនៃក្រុមហ៊ុន ASNUSSA Event Planing រូបនេះបន្ថែមថា មិនខុសពីការពិតមួយដែលថា សង្គមចូលចិត្តមនុស្សល្អ ហើយសង្គមក៏ចូលចិត្តក្រុមហ៊ុនល្អដែរ។
"ត្រឹមត្រូវ...យើងមិនខ្វល់ថាក្រុមហ៊ុននោះចំណេញលុយ ឬយ៉ាងណាទេឱ្យតែសុចរិត។ បើយើងឃើញក្រុមហ៊ុនណាមួយតែងជួយសង្គម ចេះឈឺឆ្អាល ជួយសហគមន៍ ជួយធ្វើឱ្យប្រទេសជាតិរីកចម្រើន ចង់មិនចង់ យើងក៏ចូលចិត្ត ជាជាងក្រុមហ៊ុន ដែលគិតតែពីផលចំណេញផ្ទាល់ខ្លួន មិនគិតពីសង្គម"។
លោកថ្លែងថា បើទោះក្រុមហ៊ុននោះមានឆន្ទៈ ឬទឹកចិត្តជួយតិចច្រើនប៉ុណ្ណាក្ដី ឱ្យតែជួយសង្គមអស់ពីចិត្ត និងតាមលទ្ធភាព ក៏ជាការចូលរួមមួយផ្នែកដែរ ហើយប្រជាជនគួរយល់ថា ត្រូវគាំទ្រក្រុមហ៊ុននោះវិញក្នុងទំហំប៉ុណ្ណា តាមការមើលជាក់ស្ដែង។
“យើងសន្មតថា គាត់ (ថៅកែក្រុមហ៊ុន) អត់មានទឹកចិត្តជួយសង្គមទេ គាត់ធ្វើចង់គ្រាន់ចង់បានមុខមាត់។ គាត់យក១ម៉ឺនដុល្លារ ទៅបោះពុម្ពខិត្តប័ណ្ណផ្សព្វផ្សាយក្រុមហ៊ុន ផលិតផល សេវាកម្មរបស់គាត់ ហើយគាត់យក១ម៉ឺនដុល្លារ ទៅបោះពុម្ពជាអាវយឺតនិងមាន Logo របស់គាត់ ចែកជូនប្រជាជនកំពុងខ្វះខាតផ្សេងៗ កំពុងរងា ឬក៏ក្ដៅអីចឹង។ ពីរហ្នឹងសុទ្ធតែបម្រើផលចំណេញរបស់គាត់ តែសួរថាមួយណា ដែលសង្គមទទួលបានផលចំណេញជាង"។
លោកប្រាប់ថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានងាកមកធ្វើការងារសង្គម ហើយក្រុមហ៊ុនទាំងនោះ ប្រាកដជាមានគោលដៅថា ត្រូវចំណាយប៉ុន្មាន នៃប្រាក់ចំណេញរបស់ពួកគេ និងធ្វើក្នុងរូបភាពបែបណា ដើម្បីជួយដល់សង្គមជាតិ៕
២ ចំណុចធំៗធ្វើឱ្យក្រុមហ៊ុនជោគជ័យពីលោក ហ៊ន់ សុរចនា
ធ្វើការជាមួយអ្នកសុំ យើងជាអ្នកក្រ ធ្វើការជាមួយអ្នកឱ្យ យើងជាអ្នកមាន
អត្ថបទ៖ អ៊ុំ សុភក្តិ