ឃាត់​ខ្លួន៤នាក់​ ពាក់​ព័ន្ធ​គ្រោះ​ថ្នាក់​​​ស្លាប់​ប្រធាន​តូតាល់

  • 2014-10-23 22:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​​អាជ្ញា​រុស្ស៊ី បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួន​អ្នក​ធ្វើការ​នៅ​ព្រលាន​យន្តហោះ​រដ្ឋធានី​មូស្គូ ៤​នាក់​បន្ថែម​ទៀត ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​យន្តហោះ ដែល​បណ្ដាល​ឲ្យ​នាយក​ប្រតិបត្តិ​តូតាល់ លោក Christophe de Margerie បាត់បង់​ជីវិត​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​នៅ​ថ្ងៃ​នេះ។

 

យន្តហោះដែលជួបគ្រោះថ្នាក់

 

​​​ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​ដើម្បី​សាកសួរ និង​ស្វែង​រក​អ្នក​ទទួល​ខុសត្រូវ​​ចំពោះ​សោកនាដកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​សុវត្ថិភាព​ហោះ​ហើរ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ​គណៈកម្មការ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា រដ្ឋ​អាជ្ញា​បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួន​ប្រធាន​សេវា​បច្ចេកទេស​វាល​យន្តហោះ ដែល​មើល​ការ​ខុសត្រូវ​លើ​ការងារ​ឈូស​សម្អាត​ព្រិល​នៅ​ពេល​យប់​កើតហេតុ។ ចំណែក​ឯ​មនុស្ស ៣​នាក់​ទៀត​ដែល​ត្រូវ​ឃាត់​ខ្លួន​ជាមួយ​គ្នា​មាន ប្រធាន​ផ្នែក​ហោះហើរ សិក្ខាកាម​ផ្ដល់​ដំណឹង​ពី​ការ​ហោះ​ហើរ និង​អ្នក​បម្រើ​ការងារ​ផ្នែក​ផ្ដល់​ដំណឹង​ម្នាក់​ទៀត។ ​​​

 

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ យន្តហោះ​ឯកជន​ដែល​នាយក​ប្រតិបត្តិ​តូតាល់​ជិះ បាន​បុក​ជាមួយ​ត្រាក់ទ័រ​ឈូស​សម្អាត​ព្រិល​នៅ​ផ្លូវ​ហោះ​ឡើង បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​នៅ​លើ​យន្តហោះ​ស្លាប់​ទាំង​អស់។ ចំណែក​នាយក​ប្រតិបត្តិ​ថ្មី ត្រូវ​បាន​គេ​បោះ​ឆ្នោត​​តែងតាំង​ហើយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ដោយ​ជ្រើសរើស​យក​លោក Patrick Pouyanne ដែល​ពី​មុន​ជា​ប្រធាន​ផ្នែក​​ចម្រាញ់​​ប្រេង និង​ត្រូវ​ដឹកនាំ​ក្រុមហ៊ុនប្រេង​​លំដាប់​ទី​៣ នៅ​អឺរ៉ុប​នេះ រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៥។

 

ចុចអាន៖ ប្រធាន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់ ស្លាប់​ក្នុង​គ្រោះ​​ថ្នាក់​​យន្ត​​ហោះ​​យប់​មិញ

 

ចុចអាន៖ មូល​ហេតុ​​លម្អិត​​គ្រោះ​ថ្នាក់​​យន្តហោះ​​​ប្រធាន​​ក្រុមហ៊ុន​​តូតាល់

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ businessinsider

អត្ថបទថ្មី