មូល​ហេតុ​​លម្អិត​​គ្រោះ​ថ្នាក់​​យន្តហោះ​​​ប្រធាន​​ក្រុមហ៊ុន​​តូតាល់

  • 2014-10-22 00:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុមហ៊ុន​តូតាល់ Christophe de Margerie បាន​បាត់​បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​យន្តហោះ​កាល​ពី​យប់​មិញ​នេះ ប៉ុន្តែ​ភ្លាមៗ​នោះ​មិន​មាន​របាយការណ៍​លម្អិត​បង្ហាញ​ពី​មូលហេតុ​នោះ​ទេ។ ទោះ​យ៉ាង​ណា មក​ដល់​ពេល​នេះ គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​បើកបរ​ត្រាក់ទ័រ​សម្អាត​ព្រិល​ដែល​យន្តហោះ​បុក​នោះ បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង (ចុច​អាន)។

 

 លោក Christophe de Margerie

 

ប្រធាន​ក្រុមហ៊ុន​ប្រេង​លំដាប់​ទី៣ នៅ​អឺរ៉ុប Christophe de Margerie បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​មូស្គូ ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev ពិភាក្សា​លើ​ការ​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ បុរស​វ័យ ៦៣​ឆ្នាំ​នេះ បាន​ជិះ​នៅ​លើ​យន្តហោះ​ម៉ាក Falcon 50 ដែល​ក្នុង​នោះ​មាន​ក្រុម​ការងារ​លើ​យន្តហោះ ៣​នាក់​ផ្សេង​ទៀត។

 

ពេល​កំពុង​រត់​លើ​ផ្លូវ​ក្នុង​ព្រលានVnukovo ​ដើម្បី​ហោះ​ត្រលប់​ទៅ​បារាំង​វិញ យន្តហោះ​បាន​បុក​កង់​ខាង​មុខ​ជាមួយ​ត្រាក់ទ័រ​ឈូស​សម្អាត​ព្រិល បណ្ដាល​រមៀល​ធ្លាក់​ផ្លូវ និង​បុក​ដី​ផ្ទុះ​ឆេះ​តែ​ម្ដង។ អ្នក​បើក​ត្រាក់ទ័រ​ស្រវឹង​ស្រា​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​កើត​ឡើង បាន​រួច​រស់​ជីវិត​ និង​កំពុង​ទទួល​ការ​សាកសួរ​ព័ត៌មាន​ពី​គ្រោះ​ថ្នាក់​នេះ។

 

 

ទិដ្ឋភាព​នៅកន្លែងយន្តហោះជួបគ្រោះថ្នាក់

 

​លោក ​Vladimir Putin បាន​និយាយ​ថា "លោក​សូម​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ការ​លះបង់​របស់​គាត់ ក្នុង​ការ​រឹត​ចំណង​សាមគ្គី​ភាព​រវាង​ប្រទេស​រុស្ស៊ី និង​បារាំង"។ ហើយ​នៅ​ថ្ងៃ​នេះ​ដែរ ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​ប្រធាន​ក្រុមហ៊ុន​តូតាល់ ​Christophe de Margerie ផង​ដែរ។

 

ចំណែក​នាយក​រដ្ឋមន្ត្រី​បារាំង Manuel Valls ​បាន​ថ្លែង​ថា "បារាំង​បាន​បាត់​បង់​អ្នក​ដឹកនាំ​អស្ចារ្យ​ប្លែក​គេ​ម្នាក់ ដែល​អាច​ប្រែ​តូតាល់​ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​យក្ស​លើ​លោក"។ លោក​បាន​បន្ត​ទៀត​ថា "បារាំង​បាន​បាត់​បង់​អ្នក​នាំមុខ​គេ​ផ្នែក​ឧស្សាហកម្ម និង​អ្នក​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ​"។ ​​

 

សារព័ត៌មាន​​​​​ Life News របស់​រុស្សី បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សោកនាដកម្ម បន្ទាប់​ពី​គ្រោះ​ថ្នាក់​កើត​ឡើង។ នៅ​ក្នុង​វីដេអូ​រយៈ​ពេល ៥៣​វិនាទី យើង​អាច​ឃើញ​គ្រោង​យន្តហោះ​ កំពុង​មាន​ភ្លើង​ឆេះ និង​ផ្សែង​ហ៊ុយ​ទ្រលោម ហើយ​ពេល​នោះ​ដែរ ​ជើង​ហោះ​ហើរ​ទាំង​អស់​ត្រូវ​បាន​ផ្អាក​ការ​ឡើង​ចុះ​បណ្ដោះ​អាសន្ន។

 

សូម​ទស្សនា​វីដេអូ៖

 

http://youtu.be/sqOw-zXbumU

 

ចុច​អាន៖ ប្រធាន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់ ស្លាប់​ក្នុង​គ្រោះ​​ថ្នាក់​​យន្ត​​ហោះ​​យប់​មិញ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail

 

អត្ថបទពេញនិយម