អង្ករ​ក្លាយ​ជា​បាយ បើ​ចាក់​សាំង​នៅ​ហ្ការ៉ាស់​អត់​ពន្លត់​ម៉ាស៊ីន​ឡាន

  • 2016-03-30 14:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ពន្លត់​ម៉ាស៊ីន​ឡាន​ពេល​ចាក់​សាំង អាច​ថា​ជា​រឿង​សាមញ្ញ តែ​ម្ចាស់​រថយន្ត​ទាំង​អស់​ចាំបាច់​ត្រូវ​ដឹង​និង​អនុវត្ត​ជា​និច្ចកាល មិន​អ៊ីចឹង​អាច​នាំ​ការ​ខាតបង់​ធំ​មិន​ខាន។

 

 

ម្ចាស់​ហ្ការ៉ាស់​ជួសជុល​រថយន្ត វើ សឺស ខេមបូឌា លោក រដ្ឋា ដាស់តឿន​ដូច្នេះ​ថា រាល់​ពេល​ទៅ​ចាក់​សាំង​នៅ​ហ្ការ៉ាស់​ម្តងៗ អ្នក​បើកបរ​រថយន្ត​ទាំងអស់​គួរ​ពន្លត់​ម៉ាស៊ីន​ឡាន​ជា​មុន​សិន មុន​ពេល​ចាក់​សាំង ព្រោះ​ដើម្បី​បង្ការ​ខូច​ម៉ាស៊ីន​រថយន្ត ដោយ​សារ​ការ​ច្រឡំ​ចាក់​សាំង​ចូល​ឡាន​ម៉ាស៊ូត និង​ចាក់​ម៉ាស៊ូត​ចូល​ឡាន​សាំង

 

លោក​ហ៊ាន​ណែនាំ​ដូច្នេះ គឺ​ដោយ​សារ​ពេល​ខ្លះ អ្នក​ចាក់​សាំង​​អាច​ស្តាប់​ម្ចាស់​ឡាន​មិន​ច្បាស់​ក៏​ច្រឡំ​ចាក់​ម៉ាស៊ូត​ចូល​ឡាន​សាំង​និង​សាំង​ចូល​ឡាន​ម៉ាស៊ូត ហើយ​ការ​ភាន់​ច្រឡំ​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​កំប៉ុង​ធ្យូង។ កាលណា​កំប៉ុង​ធ្យូង​ខូច ត្រូវ​ដូរ​ចេញ​ដោយ​ចំណាយ​ប្រមាណ ១៤០ដុល្លារ (សម្រាប់​របស់​មួយ​ទឹក)។

 

ដោយ​ឡែក​ចំពោះ​ឡាន​​ប្រើ​សាំង​វិញ អាច​ជួប​បញ្ហា​ឆាប​ឆេះ បើ​ម៉ាស៊ីន​ឡាន​ពុំ​បាន​​ពន្លត់​ស្រួល​បួល​មុន​ពេល​ចាក់​សាំង​នៅ​ហ្ការ៉ាស់។

 

ម្យ៉ាង​ទៀត បើ​ម៉ាស៊ីន​ឡាន​កំពុង​តែ​ដំណើរ​ការ ខណៈ​ច្រឡំ​ចាក់​សាំង​និង​ម៉ាស៊ូត នោះ​ក៏​បណ្ដាល​ឱ្យ​មាន​បញ្ហា​ប៊ិច​សាំង និង​កូន​ជ្រូក​ផង​ដែរ។ ប៉ុន្តែ បើ​សិន​ឡាន​បាន​ពន្លត់​ម៉ាស៊ីន ទោះ​បី​ច្រឡំ​ចាក់​ម៉ាស៊ូត​ឬ​សាំង ក៏​នៅ​អាច​លាង​ធុង​បាន​ទាន់​ពេល​វេលា​មិន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីន​ឡាន​មាន​បញ្ហា​នោះ​ទេ។

 

ទោះ​បី​បញ្ហា​លើក​ឡើង​ខាង​លើ​កម្រ​នឹង​កើត​ឡើង តែ​អ្នក​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​​កុំ​ឱ្យ​ខាត​បង់​ប្រាក់​កាស​និង​ពេល​វេលា​ឥត​ប្រយោជន៍ ឱ្យ​ដូច​ពាក្យ​គេ​ថា "ការ​ពារ​ប្រសើរ​ជាង​ព្យាបាល"៕

 

អត្ថបទ៖ ប៉ែត ផាន់និត