អ្នក​និពន្ធ​និយាយ​អ្វី​ខ្លះ​ពីមរណភាព​របស់​កវី គង្គ ប៊ុនឈឿន?

  • 2016-04-19 17:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មរណភាព​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន គឺ​ជា​ការ​សោកស្ដាយ​ចំពោះ​មហាជន​ទូទៅ ពិសេស​អ្នក​និពន្ធ​ជំនាន់​ក្រោយ ដែល​ធ្លាប់​ទទួល​ស្គាល់​ស្នាដៃនិពន្ធ​របស់​លោក​ទាំង​បទ​ចម្រៀង ប្រលោមលោក និង​អត្ថបទ​កំណាព្យ​អប់រំ​ជា​ដើម។

 

 

អ្នក​និពន្ធ ពៅ សុខ លោក​​ពេញ​ចិត្ត​ស្នាដៃ​ដ៏​មាន​ទេពកោសល្យ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ ព្រោះ​​មួយ​ចំនួន​បង្ហាញ​ពី​សេរី​ភាព និង​សិល្បៈ​នៃ​ការ​សរសេរ ធ្វើ​ឱ្យ​លោក​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ដែរ។

 

“ពេល​ខ្ញុំ​អាន​អត្ថបទ​របស់​គាត់ ធ្វើ​ឱ្យ​ខ្ញុំ​រំភើប និង​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​និពន្ធ នៅ​ថ្ងៃ​ណា​មួយ ហើយ​ក៏​ចាប់​ផ្ដើម​រៀន​ពី​សិល្ប​វិធី​តែង​និពន្ធ​នៅ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ក្នុង​ឆ្នាំ ២០០១"។ លោក​បន្ត​ថា ការ​ស្លាប់​របស់​កវី គង្គ ប៊ុនឈឿន ជា​ការ​បាត់​ធនធាន​មនុស្ស​ដ៏​សំខាន់​ទាំង​ផ្នែក​អក្សរសិល្ប៍ និង​សិល្បៈ។

 

"គាត់​ធ្លាប់​មាន​ប្រសាសន៍​ថា ដង្ហើម​ចុង​ក្រោយ​របស់​គាត់​សូម​បាន​ស្លាប់​នៅ​កម្ពុជា​មាតុភូមិ​ជា​ទី​ស្នេហា។ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ក្រោយ​ដឹង​ថា​មនុស្ស​ចាស់​ជរា​ម្នាក់​រស់​នៅ​ឯ​នាយ​សមុទ្រ​នឹក​ភូមិ​កំណើត​ដល់​ថ្នាក់​ហ្នឹង"។ នេះ​ជា​លើក​ឡើង​របស់​អ្នក​និពន្ធ កែវ សាស្ត្រា។

 

 

ចំពោះ​អ្នក​និពន្ធ គង់ រង្សី ក៏​បាន​លើក​ឡើង​ដែរ​ថា៖"កើត ចាស់ ឈឺ ស្លាប់​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ស្លាប់​របស់​លោក គង្គ ប៊ុនឈឿន ជា​ការ​បាត់បង់​ធនធាន​ដ៏​សំខាន់​ក្នុង​វិស័យ​តែង​និពន្ធ​ខ្មែរ ដែល​គួរ​ឱ្យ​សោកស្ដាយ​ជា​ទី​បំផុត"។

 

ចំណែក​អ្នក​ស្រី កែវ ច័ន្ទបូរណ៍ ដែល​រស់​នៅ​ឯនាយ​សមុទ្រ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖"ខ្ញុំ​សូម​សន្យា​ថា នឹង​សរសេរ​កំណាព្យ​ក្នុង​១​ថ្ងៃ​ឱ្យ​បាន​១​ឱ្យ​គ្រប់​ចំនួន ១០០ កំណាព្យ ក្នុង​ការ​ចូលរួម​មរណទុក្ខ​ជូន​លោក​កវី​រៀមច្បង គង្គ ប៊ុនឈឿន រហូត​ដល់​គ្រប់​បុណ្យ​ខួប ១០០​ថ្ងៃ"៕

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម