២ ចំណុច ជាប្រភពទ្រព្យមិនចេះរីងស្ងួត
- 2016-05-02 17:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ ចំណុច ជាប្រភពទ្រព្យមិនចេះរីងស្ងួត
ចន្លោះមិនឃើញ
សេចក្ដីទៀងទាត់ និងសេចក្ដីស្មោះត្រង់ គឺជាប្រភពទុនមិនចេះរីងស្ងួត ដែលលោក សោម សម្បត្តិ នាយកប្រតិបត្តិ នៃសហគ្រាសផលិតថ្នាំពណ៌ជាតិ Cam-Paint បានលើកឡើង និងបកស្រាយ នៅក្នុងសិក្ខាសាលាមួយស្ដីពី “សិល្បៈនៃការដឹកនាំ” កាលពី ខែមករា ឆ្នាំ ២០១៦ កន្លងមក។
នេះជាសម្ដីរបស់លោក សោម សម្បត្តិ៖ "ភាពទៀងទាត់ ដែលខ្ញុំលើកឡើងថ្ងៃនេះ ចង់សំដៅទៅលើការគោរពពេលវេលា។ អម្បាញ់មិញ ខ្ញុំមកយឺត ២ នាទី ខ្ញុំស្ដាយណាស់។ ពេលបើកឡានមក ខ្ញុំសុខចិត្តឈប់នៅមុខ ចុះដើរមក (ខ្លាចខកពេលកាន់តែច្រើន)។ ទី២ សេចក្ដីស្មោះត្រង់។ ខ្ញុំឃើញថា អ្នកខ្លះគេឱ្យប្រាក់ខែតិច គាត់ពិបាករស់ពេកទៅ គាត់ចាប់ផ្ដើមរកកន្លែងស៊ី។ គេឱ្យទិញទឹកសុទ្ធមួយយួរ ៤ ពាន់ គាត់ដាក់ ៤ ពាន់ ៥ រយ។ គេឱ្យទៅទិញវីស ១០ គ្រាប់ ៧ រយ គាត់ដាក់ ១ ពាន់ ៣ រយ"។
មិនបកស្រាយច្រើនលើចំណុចទីមួយ ប៉ុន្តែបុរសចូលចិត្តរឿងថ្មី និងប្លែករូបនេះ បានសង្កត់ធ្ងន់ត្រង់ចំណុចទីពីរថា ៖ "បើចរិតនេះកំពុងមាននៅក្នុងខ្លួន ក្រវាត់វាចោលទៅ ព្រោះនៅពេលយើងចង់មាន ចង់បាន ចង់ធ្វើការធំដុំ យើងជាអ្នកសម្រេចចិត្តជាមួយលុយរាប់ម៉ឺន រាប់សែន រាប់លាន។ អ៊ីចឹងយើងត្រូវសួរខ្លួនឯងថា គេទុកចិត្តយើងបានអត់ បើគ្រាន់តែលុយតែ ៥០០៛, ១ ០០០៛ លុយខ្មែរ ចាប់ផ្ដើមស៊ីបាត់ទៅហើយហ្នឹង ចុះទម្រាំឃើញលុយពាន់លុយម៉ឺន ដឹងខ្វារករប៉ុណ្ណាទៅ"។
វិនិយោគិនមានកម្រិតវប្បធម៌ ត្រឹមថ្នាក់ទី ៦ រូបនេះ បញ្ជាក់ថា ភាពស្មោះត្រង់មិនស្ថិតនៅលើបបូរមាត់ទេ គឺនៅលើទង្វើ ហើយក៏គ្មានមនុស្សអាក្រក់ណា មកប្រាប់អ្នកថា គេជាមនុស្សមិនត្រង់ដែរ។
ក្នុងនាមជាម្ចាស់ក្រុមហ៊ុន មានបទពិសោធន៍យូរឆ្នាំ ក្នុងវិស័យជំនួញ លោក សោម សម្បត្តិ សូមឱ្យមនុស្សគ្រប់រូប មានភាពស្មោះត្រង់ និងសេចក្ដីទៀងទាត់ ដើម្បីឱ្យជីវិតមានសេចក្ដីថ្លៃថ្នូរ និងរីកចម្រើន៕
ធ្វើការជាមួយអ្នកសុំ យើងជាអ្នកក្រ ធ្វើការជាមួយអ្នកឱ្យ យើងជាអ្នកមាន
លោក សោម សម្បត្តិ បង្ហាញ ៧ ចំណុចបញ្ជាក់ពីគុណភាពនៃភាពជាអ្នកដឹកនាំ
អត្ថបទ៖ អ៊ុំ សុភក្តិ