១៧​ចំណុច ដែល​អ្នក​គួរ​ដឹង​មុន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​

  • 2014-10-28 17:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ញឹកញាប់ អាច​ចាត់​ទុក​ថា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ ព្រោះ​ធ្លាប់​មាន​បទពិសោធន៍​ច្រើន។ ចំណែក​អ្នក​ទើប​ចាប់​ផ្ដើម​ហោះហើរ​ចេញ​ទៅ​បរទេស​លើក​ទី​១ អាច​មាន​អារម្មណ៍​ច្របូក​ច្របល់​បន្តិច ដោយសារ​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាងណា ឬ​ត្រៀម​ខ្លួន​យ៉ាងណា។

 

គេហទំព័រ Travel Zoo បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​មួយ​ចំនួន​មុន​ពេល​ចេញដំណើរ​ទៅ​​ក្រៅ​ប្រទេស​​​ដូច​​តទៅ៖ ​​

 

ប្រាក់​កាស

 

 

១. គួរ​ស្វែង​រក​ព័ត៌មាន​ពី​អត្រា​ប្ដូរ​ប្រាក់​នៅ​ប្រទេស​ដែល​អ្នក​ចង់​ទៅ ដើម្បី​កុំ​ឲ្យ​ខាត​បង់​ច្រើន​ព្រោះ​គេ​ស៊ី​ហាង​ឆេង។

 

២. ពេល​ចង់​ប្ដូរ​ប្រាក់ គួរ​ទៅ​ធនាគារ​ធំ​ៗ​ដោយ​ផ្ទាល់ ជៀសវាង​ប្ដូរ​នៅ​តាម​ព្រលាន​យន្តហោះ ឬ​ទីកន្លែង​ផ្សេង​ៗ ព្រោះ​អត្រា​ប្ដូរ​ប្រាក់​នៅ​ក្រៅ​តែង​គិត​ខុស​ច្រើន​ពី​ធនាគារ និង​ហាងឆេង​ប្ដូរ​ប្រាក់​ទូទៅ។

 

៣. គួរ​ដាក់​លុយ​សុទ្ធ​ខ្លះ​តាម​ខ្លួន​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស ព្រោះ​កន្លែង​ខ្លះ​មិន​គិត​ជា​សែក ឬ​ឆូត​កាត​ទេ ជាពិសេស​ថ្លៃ​រថភ្លើង និង​ឡាន​ក្រុង។

 

កាត ATM ​

 

៤. ត្រូវ​ដឹង​ថា​កាត ATM របស់​អ្នក​ដំណើរ​ការ​នៅ​ប្រទេស​ដែល​អ្នក​មាន​គម្រោង​ទៅ​ឬ​ទេ​។ ​

 

៥. ទំនាក់​ទំនង​ទៅ​កាន់​ធនាគារ​ដែល​អ្នក​បើក​គណនី មុន​ពេល​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស ព្រោះ​ធនាគារ​ខ្លះ​អាច​គិត​ថា​ជា​ការ​បន្លំ​ពេល​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ផ្សេង​ដែល​ម្ចាស់​គណនី​​រស់នៅ ហើយ​គេ​នឹង​បិទ​គណនេយ្យ​នោះ​ភ្លាម​ដើម្បី​ការពារ​សុវត្ថិភាព។

​​

​​​ព័ត៌មាន​នានា

 

៦. ត្រូវ​ដឹង​ថា​ប្រទេស​ដែល​អ្នក​ទៅ គិត​ថ្លៃ​ចេញ​ចូល​ប្រទេស ឬ​អត់។ ប្រទេស​ខ្លះ តម្រូវ​ឲ្យ​អ្នក​ដំណើរ​បង់​ប្រាក់​ដើម្បី​ចេញ​ចូល​ប្រទេស។ ប្រាក់​ទាំង​នោះ មិន​រាប់​បញ្ចូល​ទៅ​ក្នុង​តម្លៃ​សំបុត្រ​យន្តហោះ​ទេ ហើយ​អាច​មាន​តម្លៃ​ចន្លោះ​ពី ២៥ ទៅ​ ២០០​ដុល្លារ។

 

៧. ទិញ​សំបុត្រ​យន្តហោះ សម្រាប់​កន្លែង​ដែល​អ្នក​ចង់​ទៅ​ទុក​ជា​មុន។ ការ​ទិញ​ទុក​មុន​អាច​ឲ្យ​អ្នក​ចំណេញ​ជើង​ហោះហើរ ជៀសវាង​ចុះ​ច្រើន​កន្លែង។

 

៨. គួរ​មាន​សៀវភៅ​ណែនាំ​ជាប់​ខ្លួន ដែល​ក្នុង​នោះ​មាន​ភ្ជាប់​ជាមួយ​ផែនទី ពាក្យ​គន្លឹះ និង​ឃ្លា​ដែល​អាច​ប្រើប្រាស់​បាន​នៅ​ប្រទេស​នោះ។

 

៩. ស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ធំ​ៗ ឬ​កម្មវិធី​កម្សាន្ត​នានា​នៅ​ប្រទេស​នោះ ដើម្បី​ប្រាកដ​ថា​អ្នក​មិន​ខក​ខាន​ចូលរួម។

 

គ្រឿង​អេឡិចត្រូនិក

 

១០. ត្រូវ​យក​ឆ្នាំង​សាក​ថ្ម​ទៅ​តាម​ខ្លួន ព្រោះ​ឆ្នាំង​សាក​អាច​ប្រើ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស ឯ​ទំហំ​ព្រី​ភ្លើង​​ក៏​មិន​ដូច​គ្នា​ទាំង​អស់​ដែរ។ លើស​ពី​នេះ ត្រូវ​ដឹង​ពី​កម្លាំង​វ៉ុល​ដែល​ឆ្នាំង​សាក​ស៊ី​ផង ព្រោះ​ប្រទេស​ខ្លះ​ប្រើ​កម្លាំង​ភ្លើង​​ខ្លាំង ដែល​ឆ្នាំង​សាក​ថ្ម​របស់​អ្នក​មិន​អាច​ប្រើ​ការ​បាន។

 

១១. ដោនឡូត​កម្មវិធី​នានា​ដែល​ត្រូវ​ការ ដាក់​ក្នុង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ទុក​ជា​មុន ព្រោះ​ដោនឡូត​នៅ​បរទេស​អាច​គិត​ថ្លៃ​សេវា។

 

ការ​រៀប​ចំ

 

 

​​១២. ត្រូវ​ដឹង​ពី​ចំនួន​អីវ៉ាន់​ដែល​ជើង​ហោះហើរ​នីមួយៗ​អនុញ្ញាត​ឲ្យ​យក​តាម​ខ្លួន ការពារ​កុំ​ឲ្យ​គិត​ថ្លៃ​បន្ថែម​លើ​អីវ៉ាន់​លើស។

 

១៣. ដាក់​ចំណី​កំដរ​មាត់​ខ្លះ​តាម​ខ្លួន។ ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​គឺ​ជា​រឿង​កម្សាន្ត ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​អផ្សុក​ដែរ ដូច​នេះ​គួរ​ដាក់​អ្វី​ខ្លះ​កំដរ​មាត់ រហូត​ដល់​ពេល​អ្នក​រក​បាន​ភោជនីយដ្ឋាន ឬ​ហាង​អាហារ​ដើម្បី​ទទួល​ទាន។

 

១៤. សាកសួរ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុខភាព និង​អាយុ​ជីវិត​របស់​អ្នក ថា​គេ​អនុវត្ត​នៅ​ក្រៅ​ប្រទេស ឬ​អត់។ បើ​មិន​អនុវត្ត​ទេ ត្រូវ​បង់​បន្ថែម​ឬ​យ៉ាង​ណា ដើម្បី​ប្រាកដ​ថា​អ្នក​អាច​ទៅ​បរទេស​ដោយ​ស្ងប់​អារម្មណ៍។

 

លិខិត​ឆ្លង​ដែន

 

១៥. ថត​ចម្លង​លិខិត​ឆ្លង​ដែន រួច​ដាក់​តាម​ខ្លួន ដើម្បី​ប្រាកដ​ថា​ទោះ​ជា​លិខិត​ឆ្លង​ដែន​ត្រូវ​គេ​លួច និង​ជ្រុះ​បាត់ ក៏​អ្នក​នៅ​តែ​អាច​ត្រលប់​មក​មាតុប្រទេស​វិញ ឬ​បញ្ជាក់​អត្តសញ្ញាណ​ថា​អ្នក​ជា​ប្រជាជន​នៃ​ប្រទេស​ណា​ដែរ។

 

១៦. ទុក​លិខិត​ឆ្លង​ដែន​ថត​ចម្លង នៅ​ផ្ទះ ឬ​នៅ​នរណា​ម្នាក់​ដែល​អាច​ទុក​ចិត្ត​បាន។ បន្ថែម​ពី​លើ​នេះ អ្នក​គួរ​ថត​ទុក​ក្នុង​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ការពារ​ការ​បាត់​បង់​ដោយ​ប្រការ​ណាមួយ។ ​​​​

 

១៧. គួរ​ចុះ​ឈ្មោះ​នៅ​ស្ថានទូត​ខ្លួន​ឯង ក្នុង​ប្រទេស​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ ដើម្បី​ងាយ​ស្រួល​ពេល​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​នោះ គេ​អាច​ទាក់ទង​អ្នក និង​ការពារ​សុវត្ថិភាព​ដល់​អ្នក។ ​

 

ចុចអាន៖ ពេល​ទៅ​ថៃ ទេសចរ​គួរ​ដឹង​អ្វី​ខ្លះ?

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ travelzoo

 

អត្ថបទពេញនិយម