គង្គ ប៊ុនឈឿន សល់​បទ​ចម្រៀង​ស្នា​ដៃ​ចុង​ក្រោយ​មួយ​ អត់​ទាន់​បានបញ្ចេញ

  • 2016-06-03 16:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៊ុនឈឿន និលវឌ្ឍន៌ ដែល​ជា​កូន​ប្រុសបង្កើត​​របស់​កវី​ គង្គ ប៊ុនឈឿន បាន​ប្រាប់​មក​កាន់ Sabay ថា ​លោក​ឪពុក​របស់​ខ្លួន ​នៅ​បន្សល់​ស្នាដៃ​​និពន្ធ​ចុង​ក្រោយ​មួយ ដែល​មិន​ទាន់​បង្ហាញ​នៅ​ឡើយ។

 

 

(លោក ប៊ុនឈឿន និលវឌ្ឍន៌ ដែល​ជា​កូន​ប្រុស​របស់​កវី​ គង្គ ប៊ុនឈឿន)

 

ស្នាដៃ​ចម្រៀង​ចុង​ក្រោយ​នោះ​មាន​ចំណង​ជើង​ថា​ "វ័យ​ជរា" យក​លំនាំ​សាច់​ភ្លេង​របស់​បទ "នេះ​ឬ​ជីវិត" ដែល​លោក​ គង្គ ប៊ុនឈឿន បាន​សរសេរ​បទ​​ចប់​ កំឡុង​ខែ​មករា​ឆ្នាំ​២០១៦ ​ហើយ​បទ​នេះ​ដែរ ​គឺ​រៀប​រាប់​ពី​ជីវិត​របស់​លោក​​តាំង​ពី​ពេល​ដំបូង​ មុន​​ក្លាយ​ជា​កវី​និពន្ធ​មក​ម្លេះ នេះ​បើ​តាម​ការ​អះអាង​របស់​កូន​ប្រុស។

 

"ប៉ា​ផ្ដាំ​ថា ​បើ​មាន​នរណា​ចង់​យក​បទ​នេះ​ទៅ​ធ្វើ​ ត្រូវ​តែ​ធ្វើ​ចង្វាក់​រន្ថើន​ និង​មាន​វីយោឡុង​ដែល​ស្រដៀង​ហ្នឹង​បទ "ម្លប់​ដូង​ទី​១០" ព្រោះ​ប៉ា​ចូល​ចិត្ត ​វីយោឡុង" លោក ប៊ុនឈឿន និលវឌ្ឍន៌ បន្ថែម។

 

 

ស្រប​គ្នា​នេះ​ដែរ​លោក​ យ៉ង​ ពៅ​ ដែល​ជា​នាយក​គ្រប់គ្រង​ Bosba Media ក៏​បាន​ទទួល​យក​បទ​នេះ​ទៅ​ធ្វើ​សាច់​ភ្លេង​​បន្ត ចំណែក​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈ​ករ​ខ្មែរ​វិញ​អះ​អាង​ថា ​បើ​សំឡេង​គាត់​សាក​ទៅ​ស៊ី​ហ្នឹង​បទ​នេះ ​លោក​នឹង​ច្រៀង​ផ្ទាល់​តែ​ម្ដង៕

 

អត្ថបទ៖ SAMEDY​​​​​​​​