ថៃនិយាយអ្វីខ្លះ ក្រោយអ្នកប្រើបណ្ដាញសង្គមខ្មែរផ្ទុះប្រតិកម្មជុំវិញល្ខោនខោល?
- 2016-06-07 20:21:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃនិយាយអ្វីខ្លះ ក្រោយអ្នកប្រើបណ្ដាញសង្គមខ្មែរផ្ទុះប្រតិកម្មជុំវិញល្ខោនខោល?
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ៧មិថុនានេះ ការសែតអនឡាញល្បីៗរបស់ថៃ The Nation និង Bangkok Post បានចុះផ្សាយស្ដីពីអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាផ្ទុះកំហឹងលើការស្នើដាក់បញ្ចូលល្ខោន Khon ថៃក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។
ល្ខោន Khon របស់ថៃ
រដ្ឋាភិបាលថៃកាលពីថ្ងៃម្សិលមិញ បានព្យាយាមឲ្យប្រជាជនខ្លួនរំងាប់អារម្មណ៍ ជុំវិញចំណាត់ការចុះបញ្ជីល្ខោន Khon ជាសម្បត្តិបេតិកភណ្ឌអរូបី។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោក Veera Rojpojanarat និយាយថា "ទោះបីប្រទេសថៃមានគម្រោងស្នើ ប៉ុន្តែខ្លួនមិនទាន់បានចាត់វិធានការនៅឡើយទេ ពីព្រោះថៃមិនទាន់ក្លាយជារដ្ឋសមាជិកមហាសន្និបាតឆ្នាំ ២០០៣សម្រាប់ការការពារបេតិកភណ្ឌអរូបីពិភពលោក។ ការចុះបញ្ជីនេះ មិនមែនចុះជាម្ចាស់កម្មសិទ្ធិទេ ប៉ុន្តែយើងចង់រក្សាវប្បធម៌ ហើយ Unesco ក៏មិនបានហាមឃាត់សំណើសុំវប្បធម៌ដែលស្រដៀងគ្នាក្នុងបញ្ជីដែរ"។
បើយោងទៅតាមរឿង «រាមាយណ» ល្ខោនពាក់មុខនេះ ត្រូវបានគេសម្ដែងតាមទម្រង់ផ្សេងៗគ្នាទៅតាមប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងឡាវ។ Mask Dance នេះ ត្រូវថៃហៅថាល្ខោន «Khon», ឡាវហៅ «Pra Lak Pra Ram» ឬព្រះល័ក្សណ៍ ព្រះរាម និងខ្មែរហៅ «ល្ខោនខោល»។
ទោះជាយ៉ាងណា អាជ្ញាធរក្រុងបាងកក និងក្រុងភ្នំពេញនិយាយថា មិនមានការជំទាស់ក្នុងការស្នើចុះបញ្ជីប្រពៃណី មានលក្ខណៈស្រដៀងគ្នានោះទេ។ នេះបើតាមប្រភពខាងលើ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកថៃ នរៈសត្យាមានប្រសាសន៍ថា "ជាក់ស្ដែងប្រទេសជិតខាងយើងមានវប្បធម៌ស្រដៀងគ្នា ប៉ុន្តែបើក្រឡេកមើលឲ្យកៀកទៅ វាមានភាពខុសប្លែកគ្នាមួយចំនួនរវាងល្ខោនខោលខ្មែរ និងល្ខោនខូនថៃ "។
ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបន្តថា "ប្រទេសទាំងពីរ អាចធ្វើសំណើចុះបញ្ជីបេតិកភណ្ឌអរូបីទៅកាន់ Unesco ឬធ្វើញត្តិដាច់ដោយឡែកពីគ្នាបាន"។ លោកបានលើកឧទាហរណ៍ពី ប្រពៃណីធ្វើស្ពៃជ្រក់ «គីម ឈី» របស់កូរ៉េ ដោយប្រទេសកូរ៉េបងប្អូនទាំងពីរស្នើចុះបញ្ជីដាច់ដោយឡែកពីគ្នាបានផងដែរ៕
ល្ខោន khon ថៃ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ The Nation