​ឪពុក​​ក្រីក្រ​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អនាគត​កូន​ស្រី តែ​​បែរ​​ជួប​រឿង​អកុសល​ហួស​ស្មាន

  • 2016-06-21 13:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​តូច​មួយ​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ដោយ​មាន​សមាជិក​តែ​បី​នាក់​ឪពុក​ម្ដាយ​និង​កូន​ស្រី។ ឪពុក​គឺ​ជា​សមាជិក​តែ​ម្នាក់​គត់​ដែល​អាច​រក​លុយ​កាក់​បន្តិច​បន្តួច សម្រាប់​តែ​ដោះស្រាយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ បើ​ទោះ​ជា​ពួក​គេ​គ្មាន​ប្រាក់​ចាយ​វាយ​គ្រប់គ្រាន់ តែ​ឪពុក​តែងតែ​ស្រមៃ​ថា​កូន​ស្រី​របស់​គាត់​នឹង​ក្លាយ​ជា​គ្រូ​ពេទ្យ​ដ៏​ពូកែ​ម្នាក់​លើ​ពិភពលោក។ គាត់​ស្រឡាញ់​កូន​ស្រី​គាត់​ជា​ទី​បំផុត។ កូន​ស្រី​គាត់​គឺ​ជា​ក្មេង​ស្លូតបូត​ម្នាក់។

 

 

រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ដូច​អ្វី​ដែល​ឪពុក​រំពឹង​ទុក កូន​ស្រី​របស់​គាត់​បាន​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​ប្រចាំ​ខេត្ត។

 

ឪពុក​​សប្បាយ​ចិត្ត​ខ្លាំង​បំផុត​និង​និយាយ​ទៅ​កូន​ស្រី​ថា៖ "ថ្ងៃ​នេះ​ពុក​សប្បាយ​ចិត្ត​និង​មោទនភាព​ដោយ​សារ​កូន​មែនទែន។ កូន​ចង់​បាន​អី​ប្រាប់​ពុក​មក ពុក​ទិញ​ឲ្យ"។​​

 

កូន​ស្រី​ឆ្លើយ​តប​ទៅ​វិញ​ថា៖ "ពុក​ កូន​ចង់​បាន​រ៉ូប​ដូច​ក្នុង​រូប​ដែល​កូន​ឲ្យ​ពុក​មើល​ថ្ងៃ​មុន​នោះ តែ​វា​ថ្លៃ​ជាង ២០​ដុល្លារ​ណោះ។ កាល​នោះ​ខ្ញុំ​អត់​ហ៊ាន​សុំ​ពុក​ទេ ប៉ុន្តែ​ឥលូវ​ពុក​ទិញ​ឲ្យ​កូន​មក​ណា!!”

 

ស្អែក​ឡើង​ឪពុក​ទិញ​រ៉ូប​ដែល​កូន​ស្រី​ចង់​បាន​នោះ​មក​​កាដូ​ឲ្យ​កូន​មែន។

 

ម្ដាយ​ឃើញ​បែប​នេះ​ និង​ដឹង​ថា​ប្ដី​ខ្លួន​គ្មាន​លុយ​គ្រប់គ្រាន់​នឹង​ទិញ​រ៉ូប​នេះ​ឡើយ ដូច្នេះ​ក៏​​សួរ​ទៅ​ប្ដី​ថា៖ "ពុក​វា​បាន​លុយ​ពី​ណា​មក​ទិញ​រ៉ូប​ឲ្យ​កូន?”

 

ឪពុក​ឆ្លើយ​តប៖ "​លុយ​ខ្ញុំ​សន្សំ​ខ្លះ និង​បូម​ឈាម​​លក់​ខ្លះ​យក​លុយ​បង្គ្រប់​ព្រោះ​​មិន​ចង់​ឲ្យ​កូន​វា​អន់​ចិត្ត"។​

 

ពេល​វេលា​កន្លង​ទៅ កូន​ស្រី​ក៏​បាន​ចូល​រៀន​មហាវិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ ដោយ​ឪពុក​នាង​ប្រឹងប្រែង​ធ្វើ​ការ​ធ្ងន់​ៗ​រៀងរាល់​ថ្ងៃ​ដើម្បី​បង់​ថ្លៃ​សិក្សា​ឲ្យ​កូន​ស្រី។ រហូត​ដល់​ឆ្នាំ​ចុង​ក្រោយ នាង​ត្រូវ​ការ​ប្រាក់​ជាង​១ពាន់​ដុល្លារ ដើម្បី​បង់​បញ្ចប់។ ឪពុក​គ្មាន​ប្រាក់​គ្រប់គ្រាន់​នោះ​ឡើយ តែ​គាត់​បាន​ខិតខំ​រក​លុយ​ទាំង​នោះ​មក​បង់​ទាល់​តែ​បាន។

 

ម្ដាយ​ដឹង​ថា​ក្នុង​ផ្ទះ​គ្មាន​លុយ ដូច្នេះ​ក៏​សួរ​ប្ដី៖ "ពុក​វា​បាន​លុយ​ពី​ណា​ច្រើន​យ៉ាង​នេះ? ឬ​ក៏​ទៅ​ធ្វើ​រឿង​អី​មិន​ល្អ?" ​ឪពុក​ឆ្លើយ៖ "ទេ​ មាន​អ្នក​ជំងឺ​ម្នាក់​គេ​ត្រូវ​ការ​វះកាត់​ប្ដូរ​ក្រលៀន ខ្ញុំ​ក៏​សម្រេច​ចិត្ត​វះ​របស់​ខ្ញុំ​លក់​ឲ្យ​គេ​ទៅ។ ឯង​កុំ​ប្រាប់​កូន​ បើ​វា​ដឹង វា​នឹង​គិត​ផ្ដេសផ្ដាស​ច្រើន"។

 

ថ្ងៃ​ទទួល​សញ្ញាប័ត្រ​មហាវិទ្យាល័យ​របស់​កូន​ស្រី​មក​ដល់ ម្ដាយ​និង​ឪពុក​​សង្ឃឹម​ចាំ​មើល​កូន​ស្រី​ត្រលប់​មក​ផ្ទះ​វិញ​ជា​គ្រូ​ពេទ្យ​លើក​ដំបូង។

 

តែ... ​

កូន​ស្រី​បាន​ត្រលប់​មក​ផ្ទះ ប៉ុន្តែ​​ត្រលប់​មក​ជា​សាកសព។ នាង​បាន​សម្លាប់​ខ្លួន​ដោយ​សារ​ត្រូវ​សង្សារ​ក្បត់​ចិត្ត។

 

សួរ​ថា ​ពេល​នេះ​តើ​អ្នក​ណា​ជា​អ្នក​ស្លាប់​ពិត​ប្រាកដ???

 

គំនិត​អប់រំ៖​​​

យើង​គួរ​ឲ្យ​តម្លៃ​ជីវិត​របស់​យើង​ដើម្បី​មនុស្ស​ដែល​ស្រឡាញ់​យើង មិន​ត្រូវ​បោះបង់​វា​ចោល​ដោយ​សារ​មនុស្ស​ដែល​មិន​ស្រឡាញ់​យើង​ឡើយ ៕

 

ចុចអាន៖រឿង​ខ្លី​តែ​បង្កប់​ន័យ​ជ្រៅ​ពី “ការ​ស្អប់”

ចុចអាន៖រឿង​ខ្លី​ពី​ភក្ដីភាព​សុនខនិង​យុវតី ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​គ្រប់​គ្នា​ស្រក់​ទឹក​ភ្នែក

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ បរទេស