កាត់​ថង់​ទឹក​ប្រមាត់ ឆាប់​ពុល​អាហារ?

  • 2016-07-05 21:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ធ្លាប់​មាន​ការ​លើក​ឡើង​ថា ប្រសិន​បើ​កាត់​ថង់​ទឹក​ប្រមាត់​ចេញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ឆាប់​ពុល​អាហារ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ វេជ្ជ​បណ្ឌិត ថេង សទ្ធា បាន​អះ​អាង​ថា អ្នក​កាត់​ថង់​ទឹក​ប្រមាត់​រួច នៅ​តែ​អាច​ទទួល​ទាន​អាហារ​គ្រប់​មុខ​បាន​ជា​ធម្មតា ដោយ​មិន​ភ័យ​ខ្លាច​ការ​ពុល​ឡើយ ព្រោះ​ថ្លើម​ទេ​ជា​អ្នក​បង្កើត​ទឹក​ប្រមាត់។

 

 

វេជ្ជ​បណ្ឌិត ថេង សទ្ធា ឯក​ទេស​ផ្នែក​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​ជា​អ្នក​ណែនាំ​ផ្នែក​ទ្រឹស្ដី​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ បាន​​លើក​ឡើង​ថា ថង់​ទឹក​ប្រមាត់ គ្រាន់​តែ​ជា​កន្លែង​ផ្ទុក​ទឹក​ប្រមាត់​មុន​ពេល​ប្រើ​ប្រាស់​ប៉ុណ្ណោះ។ ទោះ​បី​កាត់​ថង់​ទឹក​ប្រមាត់​រួច ក៏​ទឹក​ប្រមាត់​នៅ​តែ​មាន​ជា​ធម្មតា ព្រោះ​ថ្លើម​ទេ​ជា​អ្នក​បង្កើត​ទឹក​ប្រមាត់​ឡើង។

 

វេជ្ជ​បណ្ឌិត​ជំនាញ​វះ​កាត់​សញ្ញាប័ត្រ​មក​ពី​បារាំង​រូប​នេះ បាន​ប្រៀប​ថង់​ទឹក​ប្រមាត់ ទៅ​នឹង​ថង់​ដាក់​ទឹក​អំពៅ។ លោក ថេង សទ្ធា បាន​និយាយ​ថា៖ "ថង់​ទឹក​ប្រមាត់​នេះ បើ​យើង​ប្រៀប​ធៀប​ជាមួយ​ថង់​ដាក់​ទឹក​អំពៅ គ្រាន់​តែ​ជា​ថង់​ប្លាស្ទិក​ទេ​សម្រាប់​ដាក់​ទឹក​អំពៅ... ឯ​ទឹក​អំពៅ​ឆ្ងាញ់​មិន​ឆ្ងាញ់ មិន​មែន​អាស្រ័យ​លើ​ថង់​ទឹក​អំពៅ​ទេ វា​អាស្រ័យ​ទៅ​លើ​គុណភាព​របស់​ទឹក​អំពៅ ដូច្នេះ​ថង់​ទឹក​ប្រមាត់ គ្រាន់​តែ​ស្តុក​ទឹក​ប្រមាត់​ទេ សំខាន់​គឺ​ទឹក​ប្រមាត់...”។

 

ថង់​ទឹក​ប្រមាត់​មាន​ទំហំ​តូច​ដូច​ផ្លែ​ប័រ ​ស្ថិតនៅ​ខាង​ស្តាំ​នៃ​ពោះ នៅ​ពីក្រោម​ថ្លើម​។ ថង់​ទឹកប្រមាត់​មាន​នាទី​ស្តុក​ទឹក​ម្យ៉ាង​ហៅ​ថា ទឹក​ប្រមាត់ ដែល​បង្កើត​ដោយ​ថ្លើម​សម្រាប់​រំលាយ​អាហារ ហើយ​វា​នឹង​ត្រូវ​បញ្ចេញ​មក​នៅក្នុង​ពោះវៀនតូច។ ការ​កើត​ជំងឺ​គ្រួស​​ក្នុង​ថង់​ទឹកប្រមាត់ អាច​បណ្ដាល​ឲ្យ​ឈាន​ដល់​ការ​វះ​កាត់​ថង់​ទឹក​ប្រមាត់​ចេញ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ខ្លាច​រអា៕

 

សូម​ស្ដាប់​ការ​លើក​ឡើង​របស់ វេជ្ជ​បណ្ឌិត ថេង សទ្ធា៖

 

 

អត្ថបទ៖ គង់ វិសាល