ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?

  • 2016-07-06 21:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ នឹង​ត្រូវ​ប៉ះ​វែល​ ក្នុង​​ការ​ប្រកួត​ Euro 2016 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​នា​កីឡដ្ឋាន​ Parc OL ​ទីក្រុង​ Lyon ប្រទេស​បារាំង​ នា​វេលា​ម៉ោង​០២:០០​នាទី​រំលង​អាធ្រាត្រ​យប់​​នេះ។

 

Cristiano Ronaldo (លេខ៧, ស្តាំ) និង​ Gareth Bale តារា​ឆ្នើម​​របស់​វែល

 

ព័រទុយហ្គាល់​ ដែល​ទម្លាក់​ប៉ូឡូញ ដោយ​បាល់​​ប៉េណាល់ទី​កាត់​សេចក្ដី ​កាល​វគ្គ​៨​ក្រុម ជា​ក្រុម​ខ្លាំង​មួយ​ ដោយ​ធ្លាប់​ឡើង​ដល់​វគ្គ​ Semi-Final​ ៥​ដង​​​ហើយ​ទាំង​លើក​នេះ​ ខណៈ​ដែល​វែល​ ដែល​​ទម្លាក់​បែលហ្សិក ដោយ​លទ្ធផល​​ ៣-១ កាល​វគ្គ​៨​ក្រុម ​ទើប​តែ​ឡើង​ដល់​វគ្គ​នេះ​ជា​លើក​ដំបូង​ប៉ុណ្ណោះ។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ព័រទុយហ្គាល់ អាច​ធ្វើ​ស៊ី​ក្រុម​ក្មេង​ខ្ចី​បាន​អត់?

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

  • ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​តែ​៣​ដង​ប៉ុណ្ណោះ ហើយ​មិត្តភាព​ទាំង​៣​ប្រកួត ដោយ​ក្នុង​នោះ​ព័រទុយហ្គាល់​ឈ្នះ​២ វែល​ឈ្នះ​១។ ជួប​គ្នា​លើក​ចុង​ក្រោយ​​​កាល​ឆ្នាំ​២០០០ ព័រទុយហ្គាល់​ ឈ្នះ​ ៣-០។

 

  • ព័រទុយហ្គាល់​ មិន​ដែល​ចាញ់​ទេ ក្នុង​ការ​ប្រកួត​១២​ដង​ចុង​ក្រោយ​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ Fernando Santos (ឈ្នះ​៨, ស្មើ​៤)។

 

  • ៦​ប្រកួត​ចុង​ក្រោយ​របស់​ព័រទុយហ្គាល់​ នៅ​ Euro ស្មើ​ទាំង​៦​ប្រកួត គិត​ត្រឹម​៩០​នាទី ដោយ​ក្នុង​នោះ​៥​ប្រកួត នៅ​ Euro 2016 តែ​ម្ដង និង១​ប្រកួត​ទៀត​ កាល​ស្មើ​ ០-០ ទល់​នឹង​អេស្ប៉ាញ​ នៅ​​ Euro 2012 ប៉ុន្តែ​​ពេល​នោះ​ចាញ់​អេស្ប៉ាញ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

 

  • វែល ស៊ុត​បាន​១០​គ្រាប់​នៅ​ Euro 2016 ​ហើយ​មាន​តែ​ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ប៉ុណ្ណោះ ដែល​ស៊ុត​បាន​ច្រើន​ជាង​​ពួកគេ (១១​គ្រាប់)។

 

  • Gareth Bale ​របស់​វែល​ ​ស៊ុត​ចំ​គោលដៅ​១៤​ជើង​នៅ​ Euro 2016 ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់។

 

សម្ដី​​គ្រូ​បង្វឹក៖

 

Fernando Santos គ្រូ​បង្វឹក​ព័រទុយហ្គាល់៖ "ប្រកួត​នេះ​ មិន​មែន​ Ronaldo ​ប្រកួត​ជាមួយ​ Bale ទេ។ ក្រុម​ទាំង​៤​ឈាន​ដល់​វគ្គ​នេះ​ ​គ្រប់​កីឡាករ​ទាំង​អស់ ស៊ុត​តែ​មាន​គោលដៅ​ដូច​គ្នា។ វែល​ជា​ក្រុម​ល្អ​ មាន​បច្ចេកទេស​ល្អ។ វែល លេង​បាន​យ៉ាង​ល្អ​នៅ​ព្រឹត្តិការណ៍​នេះ​ ពួកគេ​បាន​ឡើង​ផុត​ពូល​ ដែល​ជា​ពូល​ដ៏​តាន​តឹង និង​អាច​ឈ្នះ​បែលហ្សិក ដែល​ជា​ក្រុម​ខ្លាំង​បំផុត​លើ​លោក​ទៀត”។

 

Chris Coleman គ្រូ​បង្វឹក​​វែល៖ "ខ្ញុំ​​មិន​ដែល​គិត​ថា យើង​អាច​ឡើង​ដល់​វគ្គ​ Semi-Final ទេ មុន​ពេល​ Euro 2016 ចាប់​ផ្ដើម។ ពេល​ខ្ញុំ​​មើល​ទៅ​​ក្នុង​ពូល​ ខ្ញុំ​គិត​ថា​យើង​​អាច​នឹង​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ហ្នឹង។ ​ព័រទុយហ្គាល់​ ជា​ក្រុម​មាន​ប្រៀប​ជាង ប៉ុន្តែ​កីឡាករ​របស់​យើង​ នឹង​បង្ហាញ​​​សមត្ថភាព​​​ទាំង​អស់​ឲ្យ​ឃើញ​នៅ​លើ​ទីលាន”។

 

ជើង​កីឡាករ៖

 

ព័រទុយហ្គាល់​ ខ្សែ​ការពារ​ Pepe កំពុង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ បន្ទាប់​ពី​ខក​ខាន​ហ្វឹកហាត់​កាល​ថ្ងៃ​ច័ន្ទ​ ដោយសារ​របួស​សាច់​ដុំ​ភ្លៅ ខណៈ​ដែល​​ខ្សែ​បម្រើ​ William Carvalho ​ជាប់​បម្រាម (កាត​លឿង​២​ដង) ដូច្នេះ​ Danilo Pereira ​របស់​ក្រុម​ Porto អាច​នឹង​ជំនួស​តំណែង​នេះ។ ១១​នាក់​ដំបូង​របស់​ព័រទុយហ្គាល់ អាច​ជា៖ Rui Patrício; Cédric, Fonte, Ricardo Carvalho, Guerreiro; Danilo, João Mário, Adrien Silva, Sanches; Nani, Ronaldo។

 

រីឯ​វែល​ នឹង​អវត្តមាន​ខ្សែ​បម្រើ​ឆ្នើម​ Aaron Ramsey ​ជាប់​បម្រាម​ (កាត​លឿង​២​ដង) និង​ខ្សែ​ការពារ​ Ben Davies ​ក៏​ដូច​គ្នា។ ដូច្នេះ​១១​នាក់​ដំបូង​របស់​វែល អាច​ជា៖ Hennessey; Chester, Ashley Williams, Collins; Gunter, Allen, Ledley, Jonathan Williams, Taylor; Bale, Robson-Kanu។

 

ព្យាករណ៍៖ ព័រទុយហ្គាល់​ ១-១ វែល , ព័រទុយហ្គាល់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ចុះ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA | SkySports

អត្ថបទថ្មី