​​ជន​ភៀស​​​​​​ខ្លួន​បែក​គំនិត​​លក់​ទឹក​​ម្ទេស​​​​នៅ​អាមេរិក​ រហូត​ក្លាយ​ជា​មហា​សេដ្ឋី

  • 2016-07-07 23:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​ជន​ភៀស​​ខ្លួន​ជនជាតិ​វៀតណាម​​​​លោក​ David Tran ​​​​​បាន​​ក្លាយ​​​​ទៅ​ជា​​មហាសេដ្ឋី​​​​​​​លាន​ដុល្លារ​​​​​នៅ​លើ​​ទឹក​ដី​អាមេរិក​ ​ដោយ​គ្រាន់​​​តែ​លក់​ទឹក​ម្ទេស​​។ ​​​​តើ​​គាត់​បាន​​​រសាត់​​ខ្លួន​​ ​និង​ចាប់​ផ្ដើម​​លក់​ទឹក​​ម្ទេស​​តាំង​​ពី​ពេល​ណា?

 

លោក​តា David Tran

 

​លោក​​តា​ David Tran ​អាយុ​ ​៧​១​​ឆ្នាំ​ បាន​ចាប់​​ផ្ដើម​​​​​​​​បើក​​របរ​​​​​ផលិត​​ទឹក​ម្ទេស​​​​​ច្នៃ​​​ខ្លួន​​ឯង​​​​​​​​​​​នៅ​​ឆ្នាំ​ ១៩៧៥​ ​​ដោយ​ដាក់​ឈ្មោះ​ថា​ Pepper Sa-te រូប​​មាន់​គក​ពណ៌​ស។ ​បើ​គេ​​ក្រឡេក​​​​​​​ទៅ​មើល​កាល​​អតីតកាល​បន្តិច​​ ​លោក​តា​​​ធ្លាប់​​​ច្រក​​ទឹក​​​ម្ទេស​​​​តាម​ដប​​តូច​ៗ​ ​រួច​​​​​​​​ធាក់​កង់​​កញ្ចាស់​​ដើរ​​លក់​​ផលិត​ផល​​ខ្លួន​ឯង​។

 

​​​​​​​​​​​​​​​​​ក្នុង​​អំឡុង​​សង្គ្រាម​​វៀតណាម​ លោកតា​​ Tran ​​ធ្លាប់​​ជា​វរសេនីយ៍ត្រី​​កង​​ទ័ព​​វៀតណាម​​ខាង​ត្បូង​ ​​តែ​បាន​រត់​​​ភៀស​ខ្លួន​​​​​តាម​​​​​​​​​រថភ្លើង​​​ដឹក​​ទំនិញ​​តៃវ៉ាន់​​​ឈ្មោះ Huey Fong។ ​​​ប្រភព​​មិន​បាន​បញ្ជាក់​​ថា​​​ទៅ​កាន់​ទី​ណា​ទេ ​​តែ​​​គាត់​បាន​​អណ្ដែត​​​​​​​​​​​ខ្លួន​ដល់​សហរដ្ឋ​អាមេរិក​​​ និង​​ក្លាយ​​ជា​​មហាសេដ្ឋី​​​​​​ក្រុមហ៊ុន​ចំណី​អាហារ​ Huy Fong Foods ​បច្ចុប្បន្ន​។

 

​ពេល​​​ទៅ​ដល់​​អាមេរិក​​​​​​នៅ​​ឆ្នាំ​ ១៩៧៩​​​ ភ្លាម​ ​​​គាត់​​គ្មាន​​ការងារ​ គ្មាន​​​​ប្រាក់​​កាក់ ​​ឬ​បង​ប្អូន​សាច់​ញាតិ​​នៅ​ទី​នោះ​ឡើយ​ ​​តែ​​គាត់​​បាន​​បន្ត​ធ្វើ​​​​​​​ជា​​អ្នក​​ច្នៃ​ទឹក​ម្ទេស​​​​ ដែល​ខ្លួន​​ធ្លាប់​​មាន​បទ​​ពិសោធន៍​។ ​ដំបូង​​​គាត់​​ផលិត​​ទឹក​ម្ទេស​​ដោយ​​​​​ដៃទទេ​ ​​​​ ​​ដាក់​តាម​​កន្ត្រក​​​ធាក់​កង់​​​​​ដឹក​​​​​​ទៅ​​កាន់​​​​​ទី​ផ្សារ​ ​និង​​ភោជនីយដ្ឋាន​នានា​​របស់​​ប្រជាជន​អាស៊ី​​នៅ​​​រដ្ឋ​ Los Angeles រួច​​ចេះ​​តែ​ល្បី​ទៅ​ៗ​​ដល់​​ទីក្រុង​​ San Francisco និង​ San Diego ​​ជាដើម។

 

គាត់​​និយាយ​​ប្រាប់​ថា​ "​​​សុបិន​នៅ​​​​​​លើ​​​ទឹក​ដី​អាមេរិក​​របស់​ខ្ញុំ​ ​មិន​​មែន​​ចង់​ក្លាយ​ជា​​​មហាសេដ្ឋី​​​អ្វី​ទេ ​តែ​​ខ្ញុំ​ចាប់​ផ្ដើម​​របរ​នេះ​​​ ​ព្រោះ​​ខ្ញុំ​ចូល​ចិត្ត​​​ទឹក​ជ្រលក់​​ស្រស់​ ​និង​​ហិល​​តិច​ៗ"។​ ​ទឹក​​ម្ទេស​របស់​គាត់​​មាន​​ ៥​​រស​ជាតិ​​គឺ​  Pepper Sa-te, Sambal Oelek, Chili Garlic, Sambal Badjak និង​​Sriracha ។​ដោយ​​សារ​តែ​​រសជាតិ​ Sriracha ​​​មាន​​ភាព​ពេញ​និយម​​​ និង​ផលិត​​ពី​ម្ទេស​ Jalapeno ​​​​​​ពេលនេះ​​​​គាត់​បាន​​ជួល​ដី​​​​គេ​ដាំ​ម្ទេស​​​ Jalapeno ​លើ​ដី​ទំហំ​ ១៧០០​ហិកតា​​​​ ​នៅ​រដ្ឋ​កាលីហ្វញ៉ា។ ​​​

 

​​​​​​​​​​​​​​​​ក្នុង​​ឆ្នាំ​​ ​១៩​៨០​​ ​​លោក​តា​ Tran បាន​​ផលិត​​ទឹក​ម្ទេស​​​ក្នុង​អគារ​​​មួយ​​​ទំហំ​ ​៤៦៤​ម៉ែត្រ​ការ៉េ​ ​នៅ​ Chinatown រដ្ឋ​ Los Angeles ។ រយៈពេល ​៧​ឆ្នាំ​​ក្រោយ​ ​​​គាត់​បាន​ ​បង្កើត​​​ហាង​​ឈ្មោះ​ Huy Fong ​ដែល​ធ្លាប់​ជា​​​​ឱសថ​ស្ថាន​​លើ​​​​ផ្ទៃ​ដី​ ៦​៣១៧​ម៉ែត្រ​ការ៉េ ​នៅ​​​​ទីក្រុង​ Rosemead រដ្ឋ​កាលីហ្វញ៉ា​ ​ហើយ​​​​ក្រោយ​មក​បាន​​ក្លាយ​​ទៅ​ជា​រោង​ចក្រ​​​តែ​ម្ដង​។ ​​​​ក្នុង​ឆ្នាំ​​ ​២០១២ ​​Huy Fong ​​Food​ ​​រក​ចំណូល​បាន​​ប្រមាណ​​ ៦០​លាន​ដុល្លារ​​​​​ក្នុង​មួយ​ឆ្នាំ​​ពី​​​ការ​លក់​ទឹក​​ម្ទេស​ និង​​បន្ត​​កើន​​ឡើង​ ២០%​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

 

ទឹក​​ម្ទេស​​រសជាតិ​ Sriracha ​ទទួល​ភាព​​ល្បី​រន្ទឺ​​ដោយ​​​វាយ​លុក​​​​ទូទាំង​​អាមេរិក​​ ​​កាណាដា ម៉ិកស៊ីកូ ​និង​​​​​១០​ប្រទេស​ទៀត​​ ​គិត​ត្រឹម​​ឆ្នាំ ​២០០៩។ រសជាតិ​នេះ​​​មួយ​ដប​លក់​​ត្រឹម​តែ​ ៣,៥​​ដុល្លារ​​ប៉ុណ្ណោះ។ ​​​សព្វ​ថ្ងៃ​​​​​លោកតា​​​កំពុង​បន្ត​សង្វាក់​​ផលិត​កម្ម​​ ដោយ​ឲ្យ​កូន​ប្រុស​​​របស់​គាត់​​ធ្វើ​​ជា​​ប្រធាន​​ក្រុម​ហ៊ុន​​ និង​​កូន​ស្រី​ជា​អនុប្រធាន​៕

 

 

 

 

 

ចុចអាន៖ ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

ចុចអាន៖ មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ Nextshark

អត្ថបទពេញនិយម
អត្ថបទថ្មី