​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ?

  • 2016-07-19 13:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​កម្ពុជា (U16​)​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​របស់​ទីម័រ​ខាង​កើត​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ នា​​ពហុ​កីឡដ្ឋាន​ជាតិ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ពូល B ​ពាន​រង្វាន់ AFF Smart U16 Championship 2016 ។ ការ​ប្រកួត​នេះ​ដែរ ជា​ការ​សម្រេច​ជោគ​​វាសនា​របស់​ក្រុម​ទាំង​ពីរ ​ថា​តើ​ក្រុម​​ណា​ជា​អ្នក​ឡើង​ទៅ​ជុំ​បន្ដ​ជាមួយ​​​ថៃ។

 

លោក Inoue Kazunori

 

លោក Inoue Kazunori គ្រូ​បង្វឹក​ U16 កម្ពុជា​ ​បាន​និយាយ​ថា​លោក​មាន​សង្ឃឹម​ថា​នឹង​ឡើង​ទៅ​ជុំ​បន្ដ​បាន បើ​ទោះ​ជា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ដែល​មាន​មាឌ​ធំ​ដូចជា​ទីម័រ​ក៏​ដោយ។ កីឡាករ​ទាំង​អស់​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រជែង​យក​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ បង្កើត​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ។ ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​រូប​នេះ​បន្ដ​ថា​ក្រុម​របស់​លោក​នឹង​លេង​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ជា​និច្ច​មិន​ការពារ​នោះ​ទេ។

 

​​ចំណែក​​លោក Andi Susanto ​​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​​ទីម័រខាងកើត​ក្រោម​អាយុ ១៦​ឆ្នាំ​​ បាន​លើក​ឡើង​ថា ក្រុម​យុវជន​កម្ពុជា​មាន​ប្រព័ន្ធ​លេង​ល្អ ​មាន​ឆន្ទៈ​ខ្ពស់​​​​ក្នុង​ការ​លេង។ លោក នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព​ ដើម្បី​តទល់ នឹង​កម្ពុជា​​​ក្នុង​ការ​ប្រជែង​តំណែង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

​​លោក Andi Susanto

 

អ្វី​ត្រូវ​ដឹង

​ក្រុម U16 ​កម្ពុជា​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នេះ ៣​ប្រកួត​កន្លង​មក​គឺ​ឈ្នះ​២​ចាញ់​១ ​ដោយ​ឈ្នះ​ក្រុម​ឡាវ ​និង​ប្រ៊ុយណេ ​ប៉ុន្តែ​ទើប​តែ​ចាញ់​ក្រុម​ថៃ​ដោយ​លទ្ធផល ៦-០។ ​កម្ពុជា​មាន​ឱកាស​ច្រើន​សម្រាប់​ប្រកួត​នេះ ព្រោះ​លេង​ក្នុង​ដី​ខ្លួន​ឯង មាន​អ្នក​គាំទ្រ​ច្រើន​ជា​អ្នក​លើក​ទឹក​ចិត្ត។

 

ចំណែក​ឯ​ក្រុម​ទីម័រ​វិញ ​៣​ប្រកួត​កន្លង​មក​ឈ្នះ​១ ​ស្មើ​១ ​និង​ចាញ់​១ ដោយ​ឈ្នះ​ក្រុម​ប៊្រុយណេ ​ស្មើ​ឡាវ ​និង​ចាញ់​ក្រុម​ថៃ។ ​ក្រុម​មួយ​នេះ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ប្រសិន​បើ​អាច​យក​ឈ្នះ​ក្រុម​កម្ពុជា​បាន​នៅ​ប្រកួត​ល្ងាច​នេះ។

 

​ក្នុង​ពូល​ B ​ក្រៅ​ពី​មួយ​គូ​នេះ​ទៅ ក៏​មាន​មួយ​គូ​ទៀត​ដែរ ដោយ​ក្រុម​ថៃ​ប៉ះ​ក្រុម​ឡាវ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល ។ ​ខណៈ​​មួយ​គូ​នេះ​ក៏​អាច​នឹង​ជក់​ចិត្ត​ផង​ដែរ ព្រោះ​ឡាវ​ត្រូវ​ការ​ឈ្នះ​ដើម្បី​បាន​៧​ពិន្ទុ​ចាំ​អ៊ុត​ក្រុម​កម្ពុជា ​និង​ទីម័រ​ក្រែង​ក្រុម​ទាំង​ពីរ​នេះ​ស្មើ​គ្នា នោះ​ឡាវ​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ដែរ៕

 

 
 

 

អត្ថបទ៖ មុន្នី រម្យ