និស្សិត​ខ្មែរ​នៅ​តួកគី៖ រដ្ឋ​ប្រហារ​ស្ងប់​ស្ងាត់​ហើយ ពួក​ខ្ញុំ​មិន​អី​ទេ

  • 2016-07-19 00:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋប្រហារ​យោធា​ទម្លាក់​ប្រធានាធិបតី Tayyip Erdogan ចេញ​ពី​តំណែង បាន​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ការ​ប៉ុនប៉ង​នោះ​មិន​បាន​សម្រេច​ឡើយ។ លោក តាំ សាគីរីន ដែល​ស្ថិត​ក្នុង​ចំណោម​និស្សិត​ខ្មែរ ១១៥​នាក់​កំពុង​សិក្សា​នៅ​ប្រទេស​តួកគី បាន​ប្រាប់ Sabay ពី​ទីក្រុង Ankara មក​ថា គ្រប់​យ៉ាង​បាន​ស្ងប់​ស្ងាត់​ធម្មតា​វិញ​ហើយ ចំណែក​និស្សិត​ខ្មែរ​ទាំង​អស់​ក៏​មិន​បាន​ជួប​គ្រោះ​ថ្នាក់​អ្វី​ដែរ។

 

 

“ស្នូរ​កាំភ្លើង​ស្ងាត់​ហើយ អ្វី​ៗ​ដូច​ដើម​ហើយ ពួក​ខ្ញុំ​មាន​សុវត្ថិភាព"។ លោក តាំ សាគីរីន បញ្ជាក់​តាម​ទូរសព្ទ។ និស្សិត​ផ្នែក​បណ្ឌិត​វិស្វករ​អេឡិចត្រូនិក​រូប​នេះ បាន​រៀប​រាប់​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថា ដំបូង​ឡើយ​គ្រប់​យ៉ាង​ធម្មតា​ទាំង​អស់ ហើយ​គ្មាន​នរណា​នឹក​ស្មាន​ថា​នឹង​មាន​រដ្ឋប្រហារ​ឡើយ។ ប៉ុន្តែ​នៅ​វេលា​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​ប្រមាណ ១២​យប់ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ថា ទាហាន​ជា​ច្រើន​បាន​សម្រុក​ចូល​ក្រុង​ធំៗ ដូច​ជា Istanbul និង Ankara ជា​ដើម។

 

លោក សាគីរីន បាន​និយាយ​ថា៖ "គ្មាន​អ្នក​ណា​ដឹង​ទេ សូម្បី​ប្រធានាធិបតី​ក៏​មិន​ដឹង​ផង ព្រោះ​ភ្លាម​ៗ​ស្រាប់​តែ​ទាហាន​ចូល​ក្រុង ហើយ​វា​គ្រប់​គ្រង​កន្លែង​ព័ត៌មាន​ធំ​របស់​រដ្ឋ​ទៀត អីចឹង​ហើយ​គ្មាន​ព័ត៌មាន​ណា​ផ្សាយ​ទេ"។ លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ប្រធានាធិបតី​ដឹង​ភ្លាម ក៏​ប្រញាប់​វិល​ទៅ​ក្រុង Istanbul ភ្លាម ហើយ​ប្រកាស​ឲ្យ​ប្រជាជន​នាំ​គ្នា​ចេញ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល ទើប​អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង​នៅ​វេលា​ទៀប​ភ្លឺ​ប្រហែល​ម៉ោង ៣​កន្លះ។

 

យ៉ាង​ណា​ក្ដី ប្រជាពលរដ្ឋ​រដ្ឋ​មួយ​ចំនួន​នៅ​តែ​ចេញ​ទៅ​បាតុកម្ម និង​យក​ឡាន​ក្រុង​ធំ​ៗ​ទៅ​បិទ​ផ្លូវ​ខ្លះ ព្រោះ​ពួក​គេ​នៅ​មាន​ភាព​ភ័យ​ខ្លាច​ថា រដ្ឋប្រហារ​អាច​ងើប​ឡើង​វិញ​ម្ដង​ទៀត។ "អ្នក​ខ្លះ​គេ​ចេញ​ទៅ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ទៀត ព្រោះ​គេ​នៅ​ខ្លាច​ថា​អាច​កើត​ម្ដង​ទៀត ចំណែក​យើង(និស្សិត​ខ្មែរ) គេ​ប្រាប់​ថា​ឲ្យ​នៅ​ក្នុង​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​នៅ​ចម្ងាយ​ប្រហែល ៤ ៥​គីឡូ​ពី​កន្លែង​ផ្ទុះ​គ្រាប់​បែក"។ លោក សាគីរីន និយាយ។

 

 

ពេល Sabay សួរ​ថា តើ​លោក​ខ្លាច​ឬ​ទេ? អតីត​និស្សិត​ផ្នែក​អនុបណ្ឌិត​នៅ​ម៉ាឡេស៊ី​បាន​ឆ្លើយ​ថា៖ "នៅ​តួកគី​ខុស​ពី​នៅ​ខ្មែរ... ឮ​តែ​សំឡេង​កាំភ្លើង គ្រាប់​បែក​​ឆ្ងាយ​ៗ យើង​នាំ​គ្នា​ខ្លាច តែ​គេ​នៅ​តែ​ដើរ​ទៅ​មក​ធម្មតា​ហ្នឹង ដោយ​សារ​គេ​មាន​​សន្តិសុខ​ល្អ ដឹង​ថា​តំបន់​ណា​មាន​គ្រោះ​ថ្នាក់ តំបន់​ណា​អត់​គ្រោះ​ថ្នាក់... ដំបូង​ខ្ញុំ​ក៏​ខ្លាច​ដែរ តែ​ឥឡូវ​ពេល​ដឹង គឺ​នាំ​គ្នា​ចូល​ផ្ទះ​ទៅ​បាន​ហើយ"។

 

ប្រទេសតួកគី​​​​​ បាន​​​​​​ដក​​​​តំណែង​​មន្ត្រី​​ប៉ូលិស​ចំនួន​ជាង​ ៨០០០​នាក់​​​នៅ​ទូទាំង​​ប្រទេស​​​​​ពិសេស​​​នៅ​​ទីក្រុង​​អ៊ីស្តាន់ប៊ុល​ និង​អង់ការ៉ា ​ដោយ​​​ចោទ​ប្រកាន់​​​ពី​បទ​ជាប់​​ពាក់​ព័ន្ធ​​នឹង​​​​​រដ្ឋ​ប្រហារ​​មិន​ បាន​​​ជោគជ័យ​​កាល​ពី​ថ្ងៃ​សុក្រ​​សប្ដាហ៍​មុន។ មនុស្ស​ជាង​ ៦០០០​នាក់​​​​​​​​​ ជា​​​កងទ័ព​ ​​​​ជា​អ្នក​ធ្វើការ​ក្នុង​ប្រព័ន្ធ​តុលាការ ​និង​​មន្ត្រី​​​​រដ្ឋ​​ជា​ច្រើន​រូប​ទៀត​​ ត្រូវ​​ចាប់​ខ្លួន​​​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​​នៅ​​​ទីក្រុង​ទាំង​ពីរ​ខាង​លើ ​និង​បន្សល់​​អ្នក​ស្លាប់​យ៉ាង​តិច​ ២៩០​នាក់។

 

លោក ILHAN KEMAL HUG ឯក​អគ្គ​រដ្ឋទូត​ទួរគី​ប្រចាំ​កម្ពុជា ​បាន​ប្រកាស​ក្នុងសន្និសីទ​កាសែត កាល​ពី​ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦​ នេះ​ថា និស្សិត​ខ្មែរ ចំនួន១១៥នាក់ ដែល​កំពុង​សិក្សា​នៅប្រទេស​តួកគី មាន​សុវត្ថិភាព​ជាធម្មតា​ទេ បើទោះ​បីជាប្រទេស​​នេះ​រងគ្រោះ​ដោយ​រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច​ក៏ដោយ៕

 

អត្ថបទ៖ គង់ វិសាល ​​​​​
អត្ថបទពេញនិយម