ស្ត្រីម្នាក់ ធ្វើឱ្យខ្ញុំ ចេះតស៊ូ ចេះរកស៊ី រហូតក្លាយជាអគ្គនាយកក្រុមហ៊ុន
- 2016-07-22 17:48:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីម្នាក់ ធ្វើឱ្យខ្ញុំ ចេះតស៊ូ ចេះរកស៊ី រហូតក្លាយជាអគ្គនាយកក្រុមហ៊ុន
ចន្លោះមិនឃើញ
អ៊ឹម ភិនសារិទ្ធ គឺជាអគ្គនាយកគ្រប់គ្រង ក្រុមហ៊ុនសន្តិសុខដ៏ល្បីល្បាញមួយ នៅក្នុងទីក្រុងភ្នំពេញ ហើយមុនមានថ្ងៃនេះ ក៏ព្រោះតែស្ត្រីម្នាក់ ដែលធ្វើឱ្យលោកចេះខំប្រឹងប្រែង រកស៊ី និងតស៊ូក្នុងជីវិត។
រំលឹកដល់ស្ត្រីម្នាក់នោះភ្លាម បុរសសម្បុរខ្មៅស្រអែមមុខមាំរូបនេះ បានប្រែទឹកមុខ ចំណែកឯភ្នែករបស់លោក ប្រែពណ៌ក្រហមបន្តិចម្ដងៗ និងមានដំណក់ទឹកតូចៗនៅលើផែនផ្ទាល់។ សូរដង្ហើមវែងបានបន្លឺឡើង ហើយសម្ដីអួលដើមករបន្ទោរថា៖ "ស្ត្រីម្នាក់នោះ ជាយាយរបស់ខ្ញុំ"។
មិនថាលោកទៅដល់ទីណាទេ លោកមិនភ្លេចឡើយលោកយាយដ៏ពូកែម្នាក់នោះ។ សហគ្រិនវ័យពូកែវោហា បានប្រាប់ទាំងតឹងច្រមុះថា កាលលោកអាយុជាង១០ឆ្នាំ លោកបានរស់នៅតែពីរនាក់យាយហើយនឹងចៅប៉ុណ្ណោះ ព្រោះឪពុកម្ដាយបង្កើតរបស់លោក ដែលមានស្រុកកំណើតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត បានបែកផ្ទះទៅឆ្ងាយ។ ពេលនោះហើយដែលលោក បានស្គាល់រសជាតិលំបាក ទាំងកាយទាំងចិត្ត ត្បិតខ្លួននៅកុមារ។ ខុសក្មេងដទៃ ក្រៅពីធ្វើស្រែ រូបគេបានយកពេលទៅជួយលក់អំពៅសាង និងនំគម តាមភូមិជាមួយជីដូន ដើម្បីបានប្រាក់ចាយ និងទិញសម្ភារៈសិក្សា បន្តិចបន្តួច។ ពេលនៅកុមារភាព ភិនសារិទ្ធ ជាកម្លាំងស្នូល និងជាអ្នកលក់អំពៅសាងពូកែម្នាក់ ដោយក្នុងមួយថ្ងៃ កុមារតូចលក់បានពីបួនទៅប្រាំបាច់គ្មានសល់។
“ម៉ាភូមិខ្ញុំហ្នឹងខ្ញុំដើរខ្ទេច! លក់អស់ទៅ ខ្ញុំមកយកវិញ។ ក្នុងមួយថ្ងៃការលក់របស់ខ្ញុំកើនឡើង។ ម្ង៉ៃបួនប្រាំបាច់ មួយបាច់១២ដើម គឺលក់អស់ អ្នកភូមិ ពូៗគាត់ចូលចិត្តខ្ញុំណាស់។ លក់ដាច់រហូតយាយខ្ញុំ សកអំពៅឡើងឈឺដៃ"។ លោក ភិនសារិទ្ធ បញ្ជាក់។
ក្នុងសំលៀកបំពាក់ធ្វើការ អង្គុយក្នុងការិយាល័យ បុរសមកពីខេត្តស្វាយរៀងរូបនេះបន្តថា យាយរបស់លោកធ្វើការងារច្រើន ពោលគឺ បើទំនេរពីរដូវច្រូតកាត់ ព្រឹកគាត់លក់នំគម ថ្ងៃលក់អំពៅសាង និងយប់ត្បាញកន្ទេល ឬ ដេរស្រោមខ្នើយ ស្រោមពូក លក់ឱ្យអ្នកភូមិ។ លោកយាយជាទីពឹងរបស់លោក ព្រោះថាគាត់ជាអ្នករ៉ាប់រងអ្វីគ្រប់យ៉ាង កាលពីអតីត។
ប៉ុន្តែជីវិតរស់នៅជាមួយជីដូន បានចប់ពេលលោកប្ដូរទៅរៀននៅខេត្តត្រឹមថ្នាក់ទី ៩ ខណៈការចាយវាយ និងថ្លៃសិក្សាទៀតសោត ត្រូវធ្លាក់លើឪពុកម្ដាយវិញ រហូតចប់ថ្នាក់មហាវិទ្យាល័យ។
លោករៀបរាប់ថា ថ្វីលោកនៅឆ្ងាយពីជីដូន តែលោកតែងមកលេងគាត់ ហើយគាត់ជាមនុស្សម្នាក់ បង្រៀនឱ្យលោកឱ្យចេះធ្វើការងារច្រើន តាំងពីនៅក្មេងៗ ដែលការងារទាំងនោះ ជាចំណែកមួយធំធ្វើឱ្យលោកពូកែផ្នែកលក់ រហូតបានក្លាយជាម្ចាស់ក្រុមហ៊ុនសន្តិសុខ IPS Security Service co., Ltd ដែលមានអតិថិជនទុកចិត្តច្រើនដូចបច្ចុប្បន្ន។ ក្នុងជោគជ័យនេះ លោកក៏មិនភ្លេចដែរ លោកមានគុណទាំងពីរ ដែលបានបង្កើតចិញ្ចឹមថែរក្សា និងផ្ដល់ប្រាក់ឧបត្ថមសិក្សា និងភរិយា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលពួកគេជាកម្លាំងស្នូល ធ្វើឱ្យលោកមានថ្ងៃនេះ។
លោក បានលុយមកពីណា បើកក្រុមហ៊ុន?
សហគ្រិនកំពុងល្បីល្បាញ ក្នុងវិស័យជំនួញដដែល បានឱ្យដឹងទៀតថា មុនបើកក្រុមហ៊ុនមួយនេះ លោកជាអ្នកមើលការខុសត្រូវ លើក្រុមហ៊ុនសន្តិសុខរបស់ឪពុកបង្កើត នៅឆ្នាំ ២០០៥ ជាពេលដែលលោកបញ្ចប់បរិញ្ញាបត្រ ជំនាញកសិកម្ម នៅសាកលវិទ្យាល័យកសិកម្មចំការដូង។ ធ្វើការបាន ៥ ឆ្នាំ និងមើលឃើញថា ខ្លួនមានបទពិសោធន៍ យល់ពីច្បាប់ យល់ពីគ្រប់គ្រងគ្រប់គ្រាន់ និងយល់ពីសេដ្ឋកិច្ចគ្រួសារ (មានភរិយា ត្រូវរកអ្វីជារបស់ខ្លួនឯង) ផងនោះ លោកក៏សម្រេចឈប់ពីក្រុមហ៊ុនឪពុក ដោយខ្លួនទទេ។ បន្ទាប់មក លោកក៏បើកក្រុមហ៊ុន សន្តិសុខខាងលើ នៅឆ្នាំ ២០១០ ដោយខ្ចីបុលពីបងប្រុសធម៌ម្នាក់ ១ ម៉ឺនដុល្លារ ទាំងគ្មានរបស់បញ្ចាំ។
"ភាពស្មោះត្រង់ និងគោរពពាក្យសច្ចៈរបស់ខ្ញុំ ទើបគាត់ទុកចិត្ត និងហ៊ានឱ្យខ្ញុំខ្ចី។ ខ្ញុំបង់ទាំងដើមទាំងការ តែខែខ្លះទៅអត់ដើម បង់តែការទេ។ ខ្ញុំមិនភ្លេចគាត់ឡើយ"។ ប្រភពប្រាប់។
ក្រោយមានដើម ១ ម៉ឺនដុល្លារ លោក អ៊ឹម ភិនសារិទ្ធ បានឱ្យគេរត់ឯកសារ បើកក្រុមហ៊ុនផ្សេងៗ អស់ ៧ពាន់ដុល្លារ ចំណែក ៣ ពាន់ដុល្លារទៀត លោកទុកទប់លើការចំណាយ ក្នុងការិយាល័យដូចជា ទិញតុជជុះជាដើម ចំណែកកុំព្យូទ័រវិញ លោកបានទិញបង់រំលោះពីមិត្តភ័ក្តិម្នាក់រយៈពេល១ឆ្នាំ ដោយមិនមានការប្រាក់ឡើយ។
លោក អ៊ឹមភិប សារិទ្ធ ធ្វើការតែម្នាក់ឯងប៉ុណ្ណោះ ពេលបើកក្រុមហ៊ុនដំបូង ហើយលោកដើរតួយ៉ាងសំខាន់ ជារដ្ឋបាល គណនេយ្យ ទីផ្សារ...។ បន្ទាប់មកទើបមានបុគ្គលិកម្នាក់ មកជួយផ្នែកប្រតិបត្តិការ បន្ទាប់មកទៀតមានបុគ្គលិក ២ នាក់ និងក្រោយមកមានបុគ្គលិក ២ នាក់ទៀត។ ក្នុងដៃមានបុគ្គលិក ៥ នាក់ហើយ លោកក៏បានចាប់ផ្ដើមពង្រីកទីផ្សារ តាមរយៈជ្រើសរើសបុគ្គលិកម្ដងពីរៗ រហូតអាចផ្គត់ផ្គង់ទីផ្សារបាន។
មិនងាយស្រួលទេ ព្រោះត្រូវគ្រប់គ្រងក្រុមហ៊ុនផង និងរៀនបន្តផង ប៉ុន្តែលោកអាចធ្វើបាន
ពេលបើកក្រុមហ៊ុនហើយ ឆ្នាំ ២០១០-២០១២ លោកបានទៅរៀនបរិញ្ញាបត្រ នៅសាកលវិទ្យាល័យចិត្តសាស្ត្រយោធា ដែលពេលនោះធ្វើឱ្យលោកត្រូវធ្វើការធ្ងន់ ណាត្រួតពិនិត្យឯកសារ ក្រុមហ៊ុនដែលមាននៅលើតុផង និងខំរៀននៅសាកលវិទ្យាល័យផង ដោយមិនបោះបង់កិច្ចការណាមួយឡើយ។ ក្រុមហ៊ុនរបស់លោក ក៏ចាប់ផ្ដើមមានទីផ្សារខ្លាំងនៅឆ្នាំបន្ទាប់។
លោកមានប្រសាសន៍ថា៖ "ព្រឹកខ្ញុំទៅរៀន។ ម៉ោង៤ ម៉ោង៥ល្ងាចដល់ផ្ទះ។ ខ្ញុំធ្វើការងារទល់ពាក់កណ្ដាលយប់។ អត់ឱ្យការងារខ្ញុំស្ទះទេ។ ដល់ឆ្នាំ២០១៣ ខ្ញុំមានទីផ្សារខ្ពស់ខ្លាំង រហូតដល់បច្ចុប្បន្ន"។
យុទ្ធសាស្ត្រ ធ្វើឱ្យក្រុមហ៊ុនរីកចម្រើន
លោក សារិទ្ធ បានប្រាប់ថា ដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន ការគ្រប់គ្រងជារឿងសំខាន់ ហើយគ្រប់ផ្នែកទាំងអស់ ត្រូវតែច្បាស់នឹងការងារ ពោល បន្ទាប់ពីមានផែនការគ្រប់គ្រង ច្បាស់លាស់ហើយ គឺត្រូវអនុវត្ត ត្រូវតាមដាន និងចុងក្រោយមើលលើលទ្ធផល។ បើលទ្ធផលល្អ ត្រូវបន្តធ្វើដដែលៗដើម្បីកំណត់ជាស្តង់ដារមួយ តែបើលទ្ធផលមិនល្អ ត្រូវពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ។
ចំណុចធ្វើឱ្យលោកជោគជ័យ ក្នុងការបើកក្រុមហ៊ុននោះ ព្រោះលោកមានផែនការអាជីវកម្មច្បាស់លាស់ មានទំនាក់ទំនងទីផ្សារល្អ និងអនុវត្តយុទ្ធសាស្ត្រ ស៥, Fish Chart និងយុទ្ធសាស្ត្រ ២០/៨០។ បានន័យថា លោកយកអតិថិជន ២០ នាក់ តែចំណេញថ្លៃសេវា ៨០ ហើយប្រាក់ចំណេញ ៨០នេះ គឺលោកយកទៅពង្រឹកលើផ្នែកនីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជន ទទួលបានសេវាកាន់តែល្អ។
ទស្សនៈបើកអាជីវកម្ម ,បើអ្នកណាចង់បើកអាជីវកម្មមួយ តើអ្នកនោះត្រូវធ្វើដូចម្ដេច?
វិនិយោគិនវ័យ ៣២ ឆ្នាំ និយាយថា បើអ្នកចង់ធ្វើអ្វីមួយ អ្នកត្រូវតែធ្វើវា និងត្រូវធ្វើអ្វី ដែលខ្លួនអ្នកស្រលាញ់ ដោយមិនត្រូវស្ទាក់ស្ទើរឡើយ។ បើអ្នកស្ទាក់ស្ទើរ អ្នកនឹងមិនទទួលបានជោគជ័យឡើយ។
លោកបានប្រាប់បទពិសោធន៍ផ្ទាល់ខ្លួនថា៖ “ខ្ញុំចង់បើកក្រុមហ៊ុនសន្តិសុខ។ ខ្ញុំបានយកក្រដាស់ ស មួយសន្លឹក សរសេរថា «បើកអាជីវកម្មសន្តិសុខ»។ ខ្ញុំបានគូររង្វង់ជុំវិញ ហើយខ្ញុំគិតថា ត្រូវធ្វើអ្វីខ្លះ ដូចជា លុយ ច្បាប់ បច្ចេកទេស បទពិសោធន៍ និងបុគ្គលិកផ្សេងៗ ។ អ៊ីចឹងយើងត្រូវគិតឱ្យអស់…ពេលយើងគិតអស់ យើងត្រូវធ្វើអ្វី ដែលយើងបានសរសេរ។ យើងគិតថា អ្វីនឹងត្រូវធ្វើមុនគេ ពេលធ្វើរួចហើយ យើងនឹងឃើញចំណុចត្រូវធ្វើបន្តបន្ទាប់ទៀត។ នោះអាជីវកម្មនឹងសម្រេចដោយរលូន ប៉ុន្តែយើងត្រូវការពេលវេលាច្បាស់លាស់ យើងមិនអាចធ្វើអ្វីដោយមិនកំណត់ លើពេលវេលានោះទេ”។
ក្នុងរបរមុខជំនួញ វិនិយោគិនកើតនៅក្រុងបាវិត ខេត្តស្វាយរៀង បានឱ្យតម្លៃណាស់ទៅលើពេលវេលា។ លោកថា៖ “ធ្វើអ្វីក៏ដោយ សម្រាប់ខ្ញុំ ខ្ញុំគិតណាស់ពីពេលវេលា ១ វិនាទី”។
លោក អ៊ឹម ភិនសារិទ្ធ បញ្ជាក់ថា មួយវិនាទី បើអ្នកធ្វើទៅជោគជ័យ គឺជោគជ័យ បើអ្នកធ្វើទៅបរាជ័យ គឺបរាជ័យ។ បើអ្នកធ្វើទៅជោគជ័យ ៦០ វិនាទី អ្នកនឹងទទួលជោគជ័យ ១ នាទី, ៦០នាទី អ្នកនឹងទទួលជោគជ័យ ១ ម៉ោង, ២៤ ម៉ោង អ្នកនឹងទទួលជោគជ័យ ១ ថ្ងៃ, ៣០ ថ្ងៃ អ្នកនឹងទទួលជោគជ័យ ១ ខែ, ១២ ខែ អ្នកនឹងទទួលជោគជ័យ ១ ឆ្នាំ ។ ជោគជ័យ និងបរាជ័យ គឺអាស្រ័យទៅលើការអនុវត្តរបស់បុគ្គលម្នាក់ៗ។
តើលោកមានទម្លាប់ប្រចាំថ្ងៃយ៉ាងណាខ្លះ?
ក្នុងជំនួបផ្ទាល់ជាមួយ Sabay លោកក៏បានចែករំលែកពីទម្លាប់ការងាររបស់លោកដែរថា ពេលព្រលឹម លោកតែងក្រោកពីដំណេកនៅម៉ោង ៨ ព្រឹក ហើយចាប់ផ្ដើមការងារ។ នៅចន្លោះម៉ោង ១២ ថ្ងៃត្រង់ និងម៉ោង ១ រសៀលលោកសម្រាក ហើយចាប់បន្តការងារ រហូតដល់ម៉ោង ១០ ទៅ ១២ យប់ តាមការងារតិច ឬច្រើន។ បុរសសម្បុរខ្មៅស្រអែម បានបន្តថា មួយថ្ងៃ លោកត្រូវធ្វើការឱ្យរួចរាល់ និងច្បាស់លាស់។ បើមិនរួចរាល់ លោកត្រូវទុកទៅថ្ងៃស្អែក រួចរកមូលហេតុថា ហេតុអ្វីលោកធ្វើមិនអស់?។ បើមិនដូច្នេះទេ លោក ត្រូវសុំជំនួយពីក្រុមការងារ ដើម្បីបញ្ចប់ការងារនោះ។
លោក អ៊ឹម ភិនសារិទ្ធ បានលើកឡើងដែរថា ការឱ្យតម្លៃលើក្រុមការងារ ក៏ជារឿងសំខាន់។ ក្រុមការងារ ជាជីវិតក្រុមហ៊ុន។ ពាក្យ «ក្រុមហ៊ុន» ពីរមាត់នេះ មិនមែនមនុស្សតែម្នាក់ អាចធ្វើបានឡើយ ហើយក្រុមការងារ ត្រូវតែរីកចម្រើនទាំងអស់គ្នា។
យ៉ាងណាមិញ ទោះប្រឹងប្រែងធ្វើការយ៉ាងណា ក៏ម្ចាស់ក្រុមហ៊ុនសន្តិសុខវ័យ ៣២ ឆ្នាំដដែលនេះ មិនភ្លេចពីសុខភាព និងក្រុមគ្រួសារឡើយ។ លោកតែងទៅជួបវេជ្ជបណ្ឌិត ដើម្បីត្រួតពិនិត្យសុខភាព រីឯនៅចុងសប្ដាហ៍ លោកបានចំណាយពេលវេលា នៅជាមួយក្រុមគ្រួសារ ដ៏មានសុភមង្គលរបស់លោក៕
ចុចអាន៖ ធ្វើការងារ កុំដើម្បីតែប្រាក់ខែ ត្រូវគិតពីស្នាដៃ
អត្ថបទ៖ អ៊ុំ សុភក្តិ