ហេតុអ្វី​យុវវ័យ​មិន​សូវ​ចូល​ចិត្ត​សរសេរ​អក្សរ​ខ្មែរ​លើ​បណ្ដាញ​សង្គម?

  • 2016-07-26 15:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សរសេរ​​តួ​អក្សរ​អង់គ្លេស​​​ប្រកប​តាម​សូ​សៀង​អក្សរ​ខ្មែរ​​លើ Facebook ជា​​ទំនោរ​ពេញ​និយម​​​មួយ​សម្រាប់​អ្នក​លេង​បណ្ដាញ​​​​ទំនាក់​ទំនង​សង្គម​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​គឺ​យុវវ័យ​តែ​ម្ដង។ ឧទាហរណ៍​ការ​សរសេរ​​៖ Thngai nis nhnom tov psar (ថ្ងៃ​នេះ​ខ្ញុំ​ទៅ​ផ្សារ) ជាដើម។ ចំណែក​អ្នក​ខ្លះ​ទៀត សរសេរ​ជា​ភាសា​អង់គ្លេស ដោយ​រំលង​អក្សរ​ជាតិ​ផ្ទុយ​ពី​ប្រទេស​ជិត​ខាង។ តើ​មក​ពី​មូលហេតុ​អ្វី?

 

 

"សរសេរ​ខ្មែរ​ប្រើ​ពេល​យូរ​​​ ហើយ​​ណា​មួយ​ចូល​ចិត្ត​​​សរសេរ​ចឹង​ផង​ (អក្សរ​អង់គ្លេស​​ប្រកប​​ខ្មែរ)”។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក​​ ម៉ែន នីដែន បុគ្គលិក​​​ធ្វើ​ការ​នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នៅ​​ភ្នំពេញ​។ មិន​ខុស​ពី​​​លោក​ នី​ដែន យុវជន​​ ចាន់ រីម​​និស្សិត​​ផ្នែក​មេកានិច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​​បាន​បន្ថែម​ថា ការ​សរសេរ​​ដូច​ជា​ Chat ទំនាក់​ទំនង​គ្នា​​តាម​អក្សរ​អង់គ្លេស​ប្រកប​ខ្មែរ​នោះ គឺ​មាន​ភាព​ងាយ​ស្រួល​និង​លឿន​ ហើយ​សម្រាប់​យុវជន​ចាន់​ រីម​​ផ្ទាល់​និយាយ​ថា រូប​គេ​ចូល​ចិត្ត​សរសេរ​បែប​​នោះ​​​ជា​ពិសេស​​​ការ​សរសេរ​បង្ហោះ​លើ​ Facebook។

 

ងាក​ទៅ​ស្ដាប់​​យុវជន​ លាវ លាងហៃ​ និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​បាន​ឲ្យ​ដឹង​ថា​ រាល់​ពេល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ក្នុង​ការ​សរសេរ​បង្ហោះ​ឬ​ Chat ទាក់​ទង​មិត្តភ័ក្ដិ​​ រូប​គេ​តែង​ប្រើ​ប្រាស់​​​​​​​​​ពីរ​ភាសា​ គឺ​សរសេរ​ជា​អក្សរ​ខ្មែរ​ ​និង​​សរសេរ​ជា​ភាសា​អង់គ្លេស​តែ​ម្ដង។ និស្សិត​ឆ្នាំ​ទី​៣​រូប​នេះ​ថា៖ "...ចូល​ចិត្ត​សរសេរ​​ជា​​ភាសា​អង់គ្លេស​​តែ​ម្ដង និង​អក្សរ​ខ្មែរ​។ និយាយ​ទៅ​​​​ប្រើ​ភាសា​លាយ​គ្នា ជួន​កាល​ខ្មែរ ជួន​កាល​អង់គ្លេស។ ពេល​ខ្លះ​ចូល​ចិត្ត​​សរសេរ​​ជា​អង់គ្លេស​ជាង​ ព្រោះ​​បច្ចុប្បន្ន​គួរ​តែ​យល់​ដឹង​ពី ភាសា​អន្តរជាតិ គេ​ប្រើ​វា​ទូទៅ ហើយ​ដើម្បី​ Improve ខ្លួន​ឯង​បន្ថែម​ផង​ តែ​ភាសា​ជាតិ​ក៏​មិន​ចោល​ដែរ"។

 

 

សម្រាប់​លោក​ ហេង ភក្តិណា​​​ដែល​ជា​សាស្ត្រាចារ្យ​​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​រូប​បាន​លើក​ឡើង ​ថា​​ លោក​មាន​​មតិ​ពីរ​ចំពោះ​​ការ​ប្រើ​ប្រាស់​ពាក្យ​អង់គ្លេស​ប្រកប​នោះ។ ទី​១​ គឺ​លោក​​គាំទ្រ ដោយ​​​វា​មាន​ភាព​ងាយ​ស្រួល​​ជាង​សរសេរ​ខ្មែរ ហើយ​មាន​ភាព​លឿន​ជាង​។ ទី​២​ លោក​​​​​មាន​គំនិត​មិន​គាំ​ទ្រ​​ផង​ដែរ ព្រោះ​ជា​ខ្មែរ​ គួរ​តែ​នាំ​គ្នា សរសេរ​អក្សរ​ជាតិ​ខ្មែរ។

 

ដោយ ​ឡែក​ចំពោះ​ចំណង់​ចំណូល​​​​​​​របៀប​សរសេរ​របស់​​​​លោក​ភក្តិណា​ផ្ទាល់ លោក​បាន​និយាយ​ថា​​លោក​ចូល​ចិត្ត​​​សរសេរ​​ទំាង​ពីរ​របៀប​​ដោយ​អាស្រ័យ​លើ​ វេលា​៖ "...បើ​​ថា​ចូល​ចិត្ត​​វិញ​វា​អាស្រ័យ​លើ​ពេលវេលា ព្រោះ​បើ​សរសេរ​​​ប្រកប​វា​លឿន តែ​សរសេរ​អក្សរ​ខ្មែរ​​វា​យូរ​"៕

 

ដោយ​ឡែក ​ផ្ទុយ​ពី​​​ការ​លើក​ឡើង​របស់​យុវជន​ទាំង​ពីរ​ខាង​លើ កញ្ញា​ នុត ជឿន​សីម៉ា និស្សិត​​រៀន​នៅ​សាលា​បច្ចេកទេស​ ហ្ស៊ី វេ សេ​ម្ដុំ​ជ្រោយ​ចង្វា​​បាន​​​លើក​ឡើង​ថា៖ "ខ្ញុំ​គិត​ថា​គួរ​សរសេរ​ជា​អក្សរ​ខ្មែរ​តែ​ម្ដង​ជា​ការ​ល្អ និយាយ​រួម​យើង​នាំ​គ្នា​លើក​ស្ទួយ​អក្សរ​ខ្មែរ​ផង"។ យុវតី​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា កញ្ញា​ចូល​ចិត្ត​សរសេរ​អក្សរ​ខ្មែរ ទោះ​បី​ការ​សរសេរ​​ខ្មែរ​​ចំណាយ​ពេល​យូរ​បន្តិច​​ប៉ុន្តែ​ងាយ​ស្រួល​អាន ចំណែក​អក្សរ​អង់គ្លេស​ប្រកប​ខ្មែរ​ គឺ​​អាន​ហើយ​ពិបាក​យល់​បន្តិច។ យ៉ាង​​ណា​ក្ដី​កញ្ញា​បញ្ជាក់​ថា​ការ​សរសេរ​នោះ​ក៏​​ផ្អែក​តាម​ស្ថាន​ភាព​ ជាក់​ស្ដែង​ដែរ​ដោយ​ពេល​ខ្លះ​​ត្រូវ​សរសេរ​ជា​ភាសា​អង់គ្លេស។

 

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ចុចអាន​៖  ប្រុសៗ​យល់​ម៉េច​ដែរ បើ​សង្សារ​ស្លៀកពាក់​សិចស៊ី?

 

អត្ថបទ៖ មាន រតនា

អត្ថបទថ្មី