ជើង​ហោះហើរ​​​ឥណ្ឌូណេស៊ីជាច្រើន​ត្រូវ​បិទ ​ក្រោយ​ភ្នំ​ភ្លើង​​​ចំនួន​​៣​ផ្ទុះ

  • 2016-08-03 23:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទៃ​មេឃ​​​​មួយ​ភាគ​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​បាន​​ប្រែ​ជា​ងងឹត​ ​និង​​​​​គ្រប​ដណ្ដប់​ដោយ​​ផេះ​​ភ្នំ​ភ្លើង​​យ៉ាង​​ក្រាស់​ ​និង​​​បង្ក​​​ការ​រំខាន​ដល់​ជើង​ហោះ​ហើរ​​​​ជា​ច្រើន​​​​​​ ត្រូវ​លុប​ចោល​ ក្រោយ​​​​ភ្នំ​ភ្លើង​​ចំនួន​​​៣ ​បាន​ផ្ទះ​តាម​ប្រជុំកោះ​​​​នៅ​សប្ដាហ៍​នេះ។

 

 

ភ្នំភ្លើង​​​​ Rinjani លើ​កោះ​ Lombok ជិះ​កោះ​បាលី​, Sinabung ​ក្បែរ​កោះ​សូម៉ាត្រា និង​​ Gamalama ​​​នៅ​​ជួរ​​កោះ​ Moluccas ​​​​បាន​ផ្ទុះ​ជា​បន្ត​បន្ទាប់​​​​​​​ក្នុង​រយៈពេល​​ពីរបី​ថ្ងៃ​ចុង​ក្រោយ​។

 

​​​​​​​​​​​​​​មក​​ទល់​ពេល​នេះ​​​ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​​​​​​​ពី​ការ​រង​របួស និង​ខូច​ខាត​​ទេ ​ប៉ុន្តែ​​ជើង​ហោះ​ហើរ​​ជា​ច្រើន​​នៅ​ព្រលាន​​​យន្ត​ហោះ​ចំនួន​​២​ ត្រូវ​បាន​​រំខាន។ ​ក្នុង​នោះ​​មាន​​​ព្រលាន​​​ Bubullah លើ​កោះ​ Ternate ​​​ប្រកាស​ថា​​នឹង​​បិទ​​រហូត​​ដល់​​​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ផេះ​ភ្នំ​ភ្លើង​​​​​​​​ផ្ទុះ​ព្រឹក​ថ្ងៃ​ពុធ​​នេះ​​ បាន​បាញ់​ព្រួស​​​គ្រប់​​លើ​​ផ្លូវ​រត់​​របស់​​​យន្ត​ហោះ។

 

​​​​​​​​​​​​​​​អ្នក​នាំ​ពាក្យ​ភ្នាក់ងារ​​​​កាត់​បន្ថយ​គ្រោះ​​ធម្មជាតិ​​លោក​ Sutopo Purwo ​បាន​មាន​ប្រសាសន៍​ថា ​ភ្នំ​ភ្លើង​ Gamalama បាន​​ផ្ទុះ​នា​វេលា​ម៉ោង​ ៦៖២៨​នាទី​ព្រឹក ដោយ​​​បាញ់​ផេះ​​​​កម្ពស់​​​ ៥០០​ ទៅ​​៦០០​ម៉ែត្រ​ពី​មាត់​រណ្ដៅ​​​ចូល​ក្នុង​អាកាស រួច​ខ្យល់​បក់​​ទៅ​ភាគ​ខាង​ត្បូង ​និង​​​​​ភាគ​អាគ្នេយ៍​​​​​។

 

សកម្មភាព​ផ្ទុះ​​​ខាង​លើ​ ​​​​​បាន​បង្ក​​​ឲ្យ​មាន​រញ្ជួយ​ដី​​កម្រិត​​ ៤,៦​​រិចទ័រ​​​​​​​ និង​ជម្រៅ​ ១៨​គីឡូម៉ែត្រ កើត​ឡើង​នៅ​ម៉ោង​ ៦៖១៤នាទី។ ព្រលាន​​ Babullah ​គ្រោង​​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​​​​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​​ម៉ោង​​១០ព្រឹក ប្រសិន​បើ​ស្ថានភាព​​​អំណោយផល។

 

ចំណែក​​​​​​ អ្នក​ស្រុក​រស់​​នៅ​ក្បែរ​​ភ្នំភ្លើង​​​​​​ត្រូវ​​អាជ្ញាធរ​​ណែនាំ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​សិន ​និង​ចាំ​​ស្ដាប់​ព័ត៌មាន​​​បន្ថែម ​ដោយ​មិន​ទាន់​​មាន​ការ​ជម្លៀស​​ណា​មួយ​ទេ៕

 

ភ្នំភ្លើង Gamalama

 

ចុចអាន៖ កោះ​ឥណ្ឌូណេស៊ី​​​​ជាង​២០០០​ នឹង​ត្រូវ​បាត់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​

ចុចអាន៖​ ឥណ្ឌូណេស៊ី គ្រោង​​ដាក់​ក្រពើ​​កាចៗ​ យាមគុក​​​​ដាក់​អ្នក​ទោស​គ្រឿងញៀន

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Jakartaglobe