ក្នុង​ចិត្ត​ឪពុក​ម្ដាយ​នៅ​តែ​ព្រួយ ទោះ​បី​ប្រឡង​​ឌីប្លូម​ធ្វើ​តាម​សាលា​រៀង​ខ្លួន

  • 2016-08-09 21:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ថ្ងៃ​ទី២ ហើយ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ(ថ្នាក់​ទី៩) ទូទាំង​ប្រទេស។ បើ​ទោះ​បី​ការ​ប្រឡង​​ត្រូវ​ប្ដូរ​ការ​គ្រប់​គ្រង​សិទ្ធិ​អំណាច​មក​តាម​សាលា​រៀង​ៗ​ខ្លួន ក៏​ឪពុក​ម្ដាយ​ជា​ច្រើន​នៅ​តែ​ព្រួយ​បារម្ភ និង​រង់ចាំ​ដោយ​ភាព​អន្ទះសា​តាម​របង​មណ្ឌល​​​នានា។

 

 

អ្នក​ស្រី ម៉ាលី ដែល​កំពុង​ឈរ​ចាំ​កូន​ស្រី​មក​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ឥន្ទ្រទេវី បាន​ប្រាប់ Sabay ថា អ្នក​ស្រី​នៅ​តែ​ព្រួយ​ចិត្ត​ខ្លាំង​បើ​ទោះ​ការ​ប្រឡង​នេះ​ចេញ​វិញ្ញាសា​តាម​សាលា​រៀងៗ​ខ្លួន​ក្ដី។ ម្ដាយ​វ័យ ៤១ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ "មីង​នៅ​តែ​ខ្លាច ព្រោះ​តែ​ធ្លាក់​ដឹង​តែ​ខាត​អស់​មួយ​ឆ្នាំ ហើយ​ខ្លាច​កូន​ខូច​ចិត្ត​ផង ... ចឹង​ហើយ​បាន​ព្រឹក​ឡើង​ក្រោក​ពី​ងឹត ដាំ​ស្ល​ឲ្យ​កូន​ហូប​ហើយ បាន​ជូន​ចេញ​មក​ជាមួយ​គ្នា"។

 

ចំណែក​លោក ស្រ៊ុន ដារ៉ា ក៏​បាន​រៀប​រាប់​ដែរ​ថា៖ "ប្រឡង​ឌីប្លូម​ឥឡូវ​វិញ្ញាសា​ចេញ​តាម​សាលា​រៀង​ខ្លួន​មែន តែ​នៅ​តែ​តឹង ព្រោះ​គេ​មិន​ឲ្យ​យក​របស់​តាម​ខ្លួន​ទេ... តែ​មិន​អី​ទេ បើ​ចេះ​ជាប់​ហើយ មិន​ពិបាក​ខ្លាំង​ដូច​បាក់​ឌុប"។ លោក ដារ៉ា បាន​បញ្ជាក់​ទៀត​ថា ការ​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​ដូច​ជា​មិន​សូវ​មាន​ឪពុក​ម្ដាយ​រង់ចាំ​ច្រើន​ទេ ប៉ុន្តែ​ចំពោះ​លោក​​វិញ​ត្រូវ​តែ​ចំណាយ​ពេល​ចាំ​កូន ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​បាន​និទ្ទេស​ល្អ។ ​

 

ការ​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមសិក្សា​ប្រព្រឹត្ត​ទៅ ២​ថ្ងៃ គឺ​ថ្ងៃ​ទី៨ និង​ថ្ងៃ​ទី៩ ខែ​សីហា ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១៥៤ ៥៤២នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៦៣០មណ្ឌល​ទូទាំង​ប្រទេស ។ មុខ​វិជ្ជា​ប្រឡង​មាន​ចំនួន ១០មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន ១.តែង​សេចក្ដី ២.គីមីវិទ្យា ៣.ផែនដី និង​បរិស្ថានវិទ្យា ៤.រូបវិទ្យា ៥.ភូមិវិទ្យា ៦.សីលធម៌-ពលរដ្ឋវិជ្ជា ៧.គណិតវិទ្យា ៨.ការ​សរសេរតាមអាន ៩. ជីវវិទ្យា ១០.ប្រវត្តិវិទ្យា និង ១១.ភាសាបរទេស៕

 

 

 

 

 

 

 

អត្ថបទ៖ គង់ វិសាល ​