៧ ចំណុចដើម្បីប្រឡងបានពិន្ទុខ្ពស់លើផ្នែកស្ដាប់នៃ IELTS
- 2016-09-14 15:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ចំណុចដើម្បីប្រឡងបានពិន្ទុខ្ពស់លើផ្នែកស្ដាប់នៃ IELTS
ចន្លោះមិនឃើញ
IELTS ឫ International English Language Testing System គឺជាការប្រឡងវាស់ស្ទង់កម្រិតភាសាអង់គ្លេសដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។ ដោយឡែក កញ្ញា កុយ រតនៈម៉ូនិក បានទទួលពិន្ទុពេញ៩.០ លើការប្រឡង ផ្នែកស្ដាប់ និង ពិន្ទុសរុបជាមធ្យម ៧.៥ ផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារសប្បាយ យុវតីអាយុ១៨ឆ្នាំរូបនេះបានប្រាប់ថា ក្នុងការប្រឡង IELTS គឺគេចែកចេញជា៤មុខសំខាន់គឺ ការស្ដាប់ ការអាន ការសរសេរ និង ការនិយាយ ដោយផ្នែកនីមួយៗមានពិន្ទុពេញ ៩.០ដូចគ្នា។ ក្នុងនោះ កញ្ញាធ្វើបានល្អជាងគេលើផ្នែកស្ដាប់(Listening) ហើយខាងក្រោមនេះ គឺជាបទពិសោធន៍មួយចំនួន ដែលកញ្ញាបានចែករំលែកដូចតទៅ៖
១. មហិច្ឆតា យុវតីមានស្រុកកំណើតនៅទីក្រុងភ្នំពេញរូបនេះ បានថ្លែងថា មនុស្សគឺត្រូវមានមហិច្ឆតាអោយបានខ្ពស់ ហើយត្រូវចេះកំណត់គោលដៅអនាគតរបស់ខ្លួនផងដែរ។ កញ្ញាបានបន្តថា "តើយើងចង់បានអ្វីពិតប្រាកដនៅក្នុងជីវិត? ហើយចង់បានវាក្នុងកម្រិតណា? ប្រសិនបើយើងគ្មានមហិច្ឆតាខ្ពស់ទេ នោះយើងនឹងធ្វើការដោយភាពមិនច្បាស់លាស់មួយនៅក្នុងជីវិតជាមិនខាន។"
២. ការត្រៀមខ្លូន និង ហ្វឹកហាត់ជាប្រចាំ
មុននឹង ទទួលបាន IELTS ៩.០លើផ្នែកស្ដាប់នៅថ្ងៃនេះ គឺកញ្ញាបានត្រៀមខ្លួនមួយឆ្នាំមុនរួចជាស្រេច ដោយកញ្ញាបានចំណាយពេល៣០នាទីដើម្បីធ្វើលំហាត់ ក្នុងពេល២ថ្ងៃម្ដង។ បន្ថែមពីនេះទៀត កញ្ញាបានហ្វឹកហាត់លើការស្ដាប់ជាច្រើនតាមរយៈការមើលឯកសារ ភាពយន្តបរទេស ការស្ដាប់ចម្រៀងជាភាសាអង់គ្លេសជាដើម។ មិនតែប៉ុណ្ណោះការសន្ទនាដោយផ្ទាល់ជាមួយជនបរទេស ក៏ជាចំណុចសំខាន់មួយដែរ ព្រោះអាចពង្រឹងទាំងជំនាញក្នុងការនិយាយ និង ការស្ដាប់ព្រមគ្នាទៀតផង។
៣. រៀនពីវិញ្ញាសាមុនៗ
កញ្ញា ម៉ូនិក បានអោយដឹងថា ការសិក្សាពីវិញ្ញាសាចាស់ៗអោយបានច្រើន គឺជាចំណុចសំខាន់ ដើម្បីទទួលបានបទពិសោធន៍ និង ដឹងពីតិចនិកនៃការចេញវិញ្ញាសាផងដែរ។ ចំណែកឯកសារនានាពាក់ព័ន្ធនិងការប្រឡង IELTS អាចរកបានតាមរយៈ គេហទំព័រដែលចងក្រងវិញ្ញាសាប្រឡងមុនៗ ឬក៏អាចរកជាវសៀវភៅតាមបណ្ណាគារនានាបានផងដែរ។
៤. អានសំណួរអោយយល់ជាមុន
នៅពេលប្រឡងផ្នែកស្ដាប់នេះ ជាដំបូងយើងត្រូវអានសំណួរដោយប្រុងប្រយ័ត្ន និងយល់ពីសំណួរអោយបានច្បាស់ជាមុនសិន មិនត្រូវស្ដាប់ចោលៗនោះទេ ព្រោះពេលវេលាប្រឡងមានត្រឹមតែ៣០នាទីប៉ុណ្ណោះ ចំណែកសំណួរវិញគឺមានរហូតទៅដល់៤០សំណួរ។ ដូចនេះ ត្រូវមានភាព រហ័សរហួន និង ឆ្លាតវៃក្នុងការឆ្លើយសំណួរទាំងនោះ។
៥. ការលើកទឹកចិត្ត
ជាធម្មតាការងាររបស់មនុស្សក៏អាស្រ័យលើ អារម្មណ៍ផងដែរ។ នៅពេលដែលមនុស្សធ្លាក់ទឹកចិត្តគឺគេមិនអាចធ្វើកិច្ចការបានល្អនោះទេ។ ដូចនេះគេត្រូវចេះសំរួលអារម្មណ៍ និង មានការលើកទឹកចិត្តដល់ខ្លួនឯងសម្រាប់បន្តដំណើរទៅមុខទៀត។ មិនតែប៉ុណ្ណោះគ្រួសារ មិត្តភក្តិ និង លោកគ្រូ អ្នកគ្រូសុទ្ធសឹងជាកត្តាសំខាន់ សម្រាប់ជំរុញលើកទឹកចិត្តដល់ខ្លួនយើង។
៦. ការតស៊ូ ប្រឹងប្រែង
ថ្វីត្បិតនៅពេលជួបឧបសគ្គ យើងតែងមានចិត្តធុញទ្រាន់នឹងវាពិតមែន ប៉ុន្តែយើង មិនត្រូវបោះបង់វាឡើយ គឺត្រូវចេះតស៊ូ ព្យាយាមទើបអាចពុះពារគ្រប់ឧបសគ្គទាំងនោះ និង ឈានទៅសម្រេចជោគជ័យបាន។ នេះជាអ្វីដែល កញ្ញាម៉ូនិក បានពន្យល់។
៧. សុខភាពល្អ
សុខភាពគឺជាកត្តាមួយដ៏សំខាន់ដែលយើងត្រូវគិតគូរផងដែរ មុននឹងឈានទៅគិតលើកិច្ចការនានាបាន។ កញ្ញាបានរៀបរាប់ថា ពេលខ្លះយើងមិនត្រូវខំប្រឹងអោយហួសកម្លាំងពេកទេ គឺត្រូវចេះថែទាំសុខភាពខ្លួនផងដែរ តាមរយៈការហូបចុកត្រឹមត្រូវ និង គេងអោយបានគ្រប់គ្រាន់។
សូមបញ្ជាក់ផងដែរថា ជាទូទៅ ពិន្ទុ IELTS ដែលអាចដាក់អាហារូបករណ៍នានាទៅរៀនក្រៅប្រទេសបានគឺចាប់ពី ៦.០ ឡើង។ ប៉ុន្តែវាក៏អាស្រ័យទៅតាម ប្រភេទមហាវិទ្យាល័យខ្លះផងដែរ។
អត្ថបទ៖ ចន្ថា