នាវាធំបំផុតលើលោកជួបគ្រោះថ្នាក់ធ្លាក់ទូកសង្គ្រោះ ស្លាប់និងរបួស៥នាក់
- 2016-09-14 16:20:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវាធំបំផុតលើលោកជួបគ្រោះថ្នាក់ធ្លាក់ទូកសង្គ្រោះ ស្លាប់និងរបួស៥នាក់
ចន្លោះមិនឃើញ
នាវិកម្នាក់ បានស្លាប់បាត់បង់ជីវិត និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុងឧបទ្ទវហេតុលើនាវាជិះកម្សាន្តធំជាងគេបំផុតលើលោក Harmony of the Seas ដ៏កម្រ។
នាវិកជនជាតិហ្វីលីពីនអាយុ៤២ឆ្នាំ បានស្លាប់បន្ទាប់ពីទូកជួយសង្គ្រោះមានផ្ទុកមនុស្ស ៥នាក់ បានដាច់ចេញពីជាន់នាវាទី៥ អំឡុងពេលហាត់សមវិធីជួយសង្គ្រោះអ្នកដំណើរ នៅទីក្រុងផែ Marseille ប្រទេសបារាំង កាលពីថ្ងៃទី១៣កញ្ញា ម្សិលមិញ។
ជាន់ទី៥នេះ មានកម្ពស់ ១០ម៉ែត្រ បានធ្លាក់ចូលទៅក្នុងទឹកភ្លាមៗ បណ្ដាលឲ្យនាវិក ២នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរគំរាមកំហែងដល់អាយុជីវិត។ អ្នករបួសទាំង ៤នាក់មានជនជាតិហ្វីលីពីន ៣នាក់ និងឥណ្ឌាម្នាក់។
ក្រុមហ៊ុន The Royal Caribbean Cruise បើកប្រតិបត្តិការលើនាវា Harmony of the Seas ក៏បានអះអាងដំណឹងដ៏ក្រៀមក្រំនេះលើបណ្ដាញសង្គម Twitter ថា "យើងនឹងចងចាំមិនភ្លេចនូវសហសេវិក និងគ្រួសារពួកគាត់ក្នុងចិត្ត និងក្នុងការអធិដ្ឋានរបស់ពួកយើងជានិច្ច"។
Harmony of the Seas ជានាវាជិះកម្សាន្តធំជាងគេបំផុតលើពិភពលោក ដែលមានប្រវែង ៣៦២ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ រួមនឹងក្រុមការងារជាង ៨០០០នាក់។ វាមានកម្ពស់៧០ម៉ែត្រ និងប្រវែងវែងជាងទួអីហ្វែល នៅបារាំងទៅទៀត។ នាវាដដែលទើបដាក់សម្ពោធនៅខែឧសភា ឆ្នាំ២០១៦នេះប៉ុណ្ណោះ។ លើនាវាមានភោជនីយដ្ឋានប្រណិតចំនួន ២០ អាងហែលទឹក ២៣ រោងភាពយន្តមួយ និងកាស៊ីណូមួយ៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Express