ក្រៅពីស្រូវ ល្ពៅធ្លាក់ថ្លៃ សូត្រ និងម្រេចក៏ជួបបញ្ហាដែរ
- 2016-09-14 19:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីស្រូវ ល្ពៅធ្លាក់ថ្លៃ សូត្រ និងម្រេចក៏ជួបបញ្ហាដែរ
ចន្លោះមិនឃើញ
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ថាសូត្រ រួមទាំងម្រេច (មិនមែនម្រេចកំពត) នាពេលនេះក៏ជួបបញ្ហាដែរ គឺសូត្រជួបបញ្ហាខ្វះកម្លាំងពលកម្ម រីឯម្រេចខ្វះទីផ្សារ។
លោកបន្តថា បញ្ហាសូត្រគឺចោទលើបញ្ហាខ្វះកម្លាំងពលកម្ម ដោយពួកគេភាគច្រើនចំណាកស្រុកទៅធ្វើការនៅថៃច្រើន។ ចំណែកម្រេចវិញ បញ្ហាត្រង់កសិករនាំគ្នាដាំម្រេចតាមគ្នា ពិសេសខេត្តកំពង់ចាម ត្បូងឃ្មុំជាហេតុធ្វើឲ្យកសិករពិបាករកទីផ្សារ។
ថ្មីៗនេះ បញ្ហាធ្លាក់ថ្លៃលើដំណាំកសិផលខ្មែរចាប់ផ្តើមចោទជាបន្តបន្ទាប់។ ពោតបានធ្លាក់ថ្លៃ ដោយមួយគីឡូ លក់បានត្រឹម១បាត។ សម្រាប់ ល្ពៅ ផ្លែត្រឡាចក៏ដូចគ្នា កសិករត្អូញត្អែរយ៉ាងខ្លាំងពីតម្លៃធ្លាក់យ៉ាងគំហុក ដោយពេលនេះកសិករនៅភូមិស្រយង់ខាងត្បូង ឃុំស្រយង់ នៃស្រុកគូលែន ខេត្តព្រះវិហារ បង្ខំចិត្តពុះផ្លែល្ពៅកាយយកគ្រាប់លីងហូប ដោយសារតែផ្លែល្ពៅលក់បានតម្លៃថោកពេក និងខ្លះទៀតបានដឹកល្ពៅយកទៅចាក់ចោលព្រោះគ្មានទីផ្សារស្អុយរលួយចោលពេញឃ្លាំង ។
ចំណែក ដំឡូងវិញ ឈ្មួញអោយតម្លៃថោកជាង ២០០រៀល ក្នុង១គីឡូក្រាម បណ្ដាលឲ្យដំណាំប្រជាជនប្រកបរបរ កសិកម្មដាំដំឡូងនេះ ត្រូវលក់អោយឈ្មួញទាំងខាតដើម។ ក្រៅពីនេះដំណាំសណ្ដែកដីក៏កំពុងជួបបញ្ហាធ្លាក់ថ្លៃផងដែរ។
បញ្ហានេះត្រូវបានមតិសាធារណជនយល់ថា ខាងក្រសួងមិនយកចិត្តទុកដាក់បញ្ហាទឹកភ្នែកកសិករដែលលក់កសិផលមិនដាច់។
ដើម្បីដោះស្រាយវិបត្តិនេះ លោក ម៉ៅ ថូរ៉ា បានប្រាប់ Sabay ថា ខាងក្រសួងកំពុងដើររកសមាគមជូនកសិករ ដើម្បីអាចពិភាក្សាពេលកសិករជួបបញ្ហា ព្រោះដើម្បីឲ្យក្រសួងអាចក្ដាប់បានពីបញ្ហាចោទរបស់កសិករបានគ្រប់ជ្រុងជ្រោយ។ លោកស្នើសូមឲ្យប្រជាកសិករទាំងអស់ចូលរួមបង្កើតជាសមាគមដោយទាក់ទងមកមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីខាងមន្ទីរអាចទាក់ទងមកបន្តដល់ក្រសួងពាណិជ្ជកម្ម ក្នុងការជជែកពីបញ្ហាផ្សេងៗ។
បញ្ហានេះ សម្ដេច ហ៊ុន សែនបានលើកឡើងក្នុងបណ្ដាញសង្គមថាលោកជាអ្នកដែលជួបការលំបាកច្រើនជាងគេក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ហើយថារកតែពេលហូបបាយមិនបានផង ដោយសារតែបញ្ហាតម្លៃស្រូវនិងកសិផលផ្សេងៗទៀតរបស់កសិករ។
អត្ថបទ៖ លឹម សុនា