ទឹកដី Dortmund ៥ប្រកួត Real មិនដែលឈ្នះសោះ ចុះយប់នេះវិញ?
- 2016-09-27 22:01:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដី Dortmund ៥ប្រកួត Real មិនដែលឈ្នះសោះ ចុះយប់នេះវិញ?
ចន្លោះមិនឃើញ
ការប្រកួត UEFA Champions League ១គូជក់ចិត្តបំផុតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Westfalenstadion នាវេលាម៉ោង០១:៤៥នាទីយប់នេះ ខណៈដែលក្រុមការពារតំណែងជើងឯក Real Madrid ធ្វើដំណើរទៅប៉ះ Borussia Dortmund ដល់ទឹកដីអាល្លឺម៉ង់។
Real កំពុងឈរកំពូលតារាង La Liga ប៉ុន្តែ២ប្រកួតចុងក្រោយក្នុងលីគរបស់ពួកគេស្មើទាំង២ប្រកួត ដូច្នេះទម្រង់លេងហាក់ធ្លាក់ចុះបន្តិច។ រីឯ Dortmund កំពុងឈរលេខ២ នៅ Bundesliga បន្ទាប់ពី៥ប្រកួតឈ្នះ៤ ចាញ់១ និងចាញ់ក្រុមកំពូលតារាង Bayern Munich ៣ពិន្ទុ។
ក្រុមទាំងពីរនេះ កាលប្រកួតបើកឆាក UEFA Champions League ពូល F កន្លងមកឈ្នះដូចគ្នា ដោយ Dortmund លត់ Legia Warszawa ដល់ទៅ ៦-០ ខណៈដែល Real យកឈ្នះលើ Sporting CP ២-១ ទាំងភ័យបុកពោះនៅចុងម៉ោង។
ជើងកីឡាករ៖
សកម្មភាពក្រុម Dortmund ហ្វឹកហាត់
ម្ចាស់ផ្ទះ Dortmund មានដំណឹងល្អបន្ទាប់ពី Pierre-Emerick Aubameyang, Marc Bartra, Andre Schurrle, Adrian Ramos នឹងអាចចូលលេងបានវិញ ក្រោយត្រឡប់ពីរបួស។ ប៉ុន្តែក្រុមរបស់លោក Thomas Tuchel នឹងអវត្តមានតារាឆ្នើម Marco Reus (របួសក្រលៀន) និង ខ្សែការពារ Erik Durm (របួសជង្គង់)។ ដូច្នេះ១១នាក់ដំបូងរបស់ Dortmund អាចមាន៖ Bürki; Piszczek, Papastathopoulos, Bartra, Schmelzer; Castro, Weigl; Guerreiro, Götze, Dembélé; Aubameyang។
សកម្មភាពក្រុម Real Madrid ហ្វឹកហាត់
រីឯក្រុមភ្ញៀវ Real នឹងអវត្តមាន Casemiro (របួសកជើង) និង Marcelo (របួសកំភួនជើង) ប៉ុន្តែ Pepe និង Fabio Coentrao អាចនឹងចូលលេងបាន ខណៈដែលតារាឆ្នើម Cristiano Ronaldo ដែលត្រូវអ្នកចាត់ការ Zinedine Zidane ដូរចេញកាលប្រកួតមុន នឹងជាប់ជម្រើសដំបូង។ ដូច្នេះ១១នាក់ដំបូងរបស់ Real អាចមាន៖ Casilla; Carvajal, Ramos, Pepe, Danilo; Kroos, Modrić, Kovačić; Bale, Benzema, Ronaldo។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
Dortmund និង Real ប៉ះគ្នា៦ដងហើយ ក្នុងការប្រកួត UEFA Champions League ៥រដូវកាលចុងក្រោយ (វគ្គចែកពូល២ដង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ២ដង និងវគ្គ៨ក្រុម២ដង)។ ជួបគ្នាលើកចុងក្រោយកាលខែមេសា ឆ្នាំ២០១៤ Dortmund ឈ្នះ ២-០។
Real មិនដែលឈ្នះនៅទឹកដី Dortmund ទេ ៥ប្រកួតដែលប៉ះគ្នានៅ UEFA Champions League (ស្មើ២, ចាញ់៣)។
ប៉ះ Dortmund នៅអាល្លឺម៉ង់ ៣ប្រកួតចុងក្រោយនៅ UEFA Champions League ក្រុមស្ដេចស ចាញ់ទាំង៣ប្រកួត។
Dortmund ឈ្នះ៤ប្រកួតចុងក្រោយជាប់ៗគ្នាក្នុងដី ពេលប៉ះក្រុមមកពីអេស្ប៉ាញ ក្នុងពានរង្វាន់អឺរ៉ុប និងស៊ុតចូលយ៉ាងតិចបាន២គ្រាប់ ក្នុង១ប្រកួត។
Real មិនដែលចាញ់នៅវគ្គចែកពូល UEFA Champions League ចំនួន២២ប្រកួតមកហើយ (ឈ្នះ១៨ ស្មើ៤ ចាញ់០)។ ប៉ុន្តែចាញ់លើកចុងក្រោយរបស់គេគឺ ចាញ់ Dortmund នេះតែម្ដង ដោយចាញ់ ២-១ កាលខែតុលា ឆ្នាំ២០១២។
ព្យាករគូនេះគឺ៖ Borussia Dortmund ២-១ Real Madrid , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
* គូប្រកួត UEFA Champions League ទាំងអស់យប់នេះគឺ៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA | SkySports