យុវជន​មួយ​ក្រុម​សុំ​ជំនួយ​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​មនុស្ស​យន្ត​នៅ​តៃវ៉ាន់​ដើម​ខែ​ធ្នូ​ខាងមុខ​នេះ

  • 2016-11-10 03:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​សាលា​អន្តរជាតិ​ឡៃហ្គ័រ​មួយ​ក្រុម​តំណាង​ឲ្យ​ប្រទសកម្ពុជា នឹង​ទៅ​ចូលរួម​ប្រកួត​មនុស្ស​យន្ត​ក្នុង​កម្មវិធី VEX នៅ​តៃវ៉ាន់ ចាប់​ពី​ថ្ងៃ​ទី២ ដល់​ទី៣ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខ​នេះ។ ក្រុម​របស់​ពួក​គេ​មានឈ្មោះ​ថា «បត់ជីតស៊ូ» គឺ​ជា​ក្រុម​ដំបូង​របស់​កម្ពុជា ដែល​នឹង​ចូលរួម​ការ​ប្រកួត​នេះ ដោយ​ត្រូវ​ប៉ះ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​មាន​ដូចជា ជប៉ុន កូរ៉េ និងសិង្ហបុរី។

ដោយហេតុថាការ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​លក្ខណៈ​អន្តរជាតិ ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន ដូចជា​​ការ​ចំណាយ​លើ​សំបុត្រ​យន្តហោះ កន្លែង​ស្នាក់នៅ អាហារ និង​ការ​ចុះ​ឈ្មោះ ដូច្នេះក្រុម «បត់ជីតស៊ូ» មានការខ្វះខាតថវិកា ត្រូវការជំនួយពីសប្បុរសជន និងក្រុមហ៊ុននានា។

ក្រុម​នេះ​មានបទ​ពិសោធន៍​ផ្នែក​មនុស្សយន្ត​ខ្លះ​ហើយ ប៉ុន្តែ​លើក​នេះ​ពួកគេ​ឈាន​ជើង​ចូលរួម​ប្រកួតជា​លក្ខណៈ​អន្តរជាតិ ពួកគេបានតាំងចិត្តខ្ពស់ដើម្បីត្រៀមក្នុងការប្រកួតនេះ ដោយខិតខំ​ប្រើ​បទ​ពិសោធន៍​ថ្មី​សម្រាប់​ស្រាវជ្រាវ​បន្ថែម​លើ​ការ​សិក្សា​វិស្វកម្ម ។ មិនតែប៉ុណ្ណោះ​ពួកគេ​មាន​ក្តី​រំភើប​ដែល​បាន​ចូលរួម​ការ​ប្រកួត​ជា​លើក​ដំបូង​ដែល​តំណាង​ឲ្យក្រុម​កម្ពុជា ហើយ​សង្ឃឹម​ថា​ការ​ប្រកួត​នេះ​នឹង​ជួយ​ជំរុញ​ដល់​ក្រុម​សិស្សា​នុសិស្ស​វ័យ​ក្មេង​ផ្សេងៗ​ទៀត ដើម្បី​ធ្វើអ្វី​មួយ​ដែល​ពួក​គេ​ចូលចិត្ត​បំផុត។​

ប៉ុន្មាន​ឆ្នាំ​មុន​សិស្ស​មួយ​ចំនួន​នៃ​សាលា​អន្តរជាតិ​ឡៃហ្គ័​​ ក៏​ធ្លាប់​ចូលរួម​ការ​ប្រកួត​មនុស្សយន្ត​ដែរ ដែល​ពេល​នោះ​ពួកគេ​បានទៅ​ចូលរួម​នៅ​ប្រទេស​សិង្ហបុរី ក្នុង​កម្មវិធី First Lego League ដែល​ជា​កម្មវិធី​ប្រកួត​ប្រជែង មនុស្ស​យន្ត​កម្រិត​ដំបូង។ សិស្សា​នុសិស្ស​បាន​ចូលរួម​ប្រកួត​ប្រជែង​បីឆ្នាំជាប់ៗ​គ្នា​មក​ហើយ ដែល​ជា​លទ្ធផល​ពួកគេ​ទទួល​បាន​ពានរ​ង្វាន់​សិស្សឆ្នើម និង​រង្វាន់​លេខពីរ​ផ្នែក​គំនិត​ច្នៃប្រឌិត (ក្នុងឆ្នាំ២០១៤ និង​ ២០១៦)។នោះ​ គឺ​ការ​ប្រកួត​ប្រជែង​មនុស្សយន្ត​កម្រិត​ខ្ពស់។

សម្រាប់ប្រិយមិត្ត​ដែលមានបំណង​ចូលរួម​វិភាគទាន​បាន​ សូមចូលទៅគេហទំព័រ donation.ligerlearning.org។ ចំពោះ​ក្រុមហ៊ុន សហគ្រាស​ផ្សេងៗ​ក៏​អាច​ចូលរួម​បរិច្ចាគ​បាន​ដែរ ដោយ​លោក​អ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​រយៈ​គេហទំព័រ​របស់ក្រុម «បត់ជីតស៊ូ» និងតាមរយៈ​សម្លៀកបំពាក់។

ពួក​គេ​រីករាយ​ចំពោះ​ការ​ចូលរួម​គាំទ្រ​របស់​លោកអ្នក! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ អ៊ីម៉ែល ​​​៖ vexrobotics@ligercambodia.org៕

អត្ថបទ៖ ដេត ធន្នី