ម៉ា ច័ន្ទ​បញ្ញា តារា​ចម្រៀង​វ័យ​ក្មេង​កម្ពុជា ​ឈ្នះ​ពាន​នៅ​ ចិន

  • 2014-11-06 16:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ក្មេង​កម្ពុជា ម៉ា ច័ន្ទ​បញ្ញា បាន​ក្លាយ​ជា​​ជយលាភី​ក្នុង​កម្មវិធី Fashion Asia Award 2014 នៅ​ប្រទេស​ចិន ម្សិលមិញ។

 

ពាន​ដែល​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ទទួល​បាន​ពី​កម្មវិធី​ខាង​លើ​​មាន​ឈ្មោះ​ថា Asia Top Fashionable Singer Of The Year។

 

មុន​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​នេះ​យុវជន ម៉ា ច័ន្ទ​បញ្ញា បាន​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​សមត្ថភាព​​ជា​មួយ​​នឹង​បេក្ខភាព​ ៤​រូប​ទៀត​មក​ពី​ទី​ក្រុង និង​ប្រទេស​​​ក្នុង​ទ្វីប​អាស៊ី មាន​ដូច​ជា ម៉ាឡេស៊ី តៃវ៉ាន់ ម៉ុងហ្គោលី និង ម៉ាកាវ។

ម៉ា ច័ន្ទបញ្ញា បង្ហាញ​ទង់ជាតិ កម្ពុជា ក្រោយ​ទទួល​ជយលាភី

 

ម៉ា ច័ន្ទ​បញ្ញា បាន​ប្រាប់​ Sabay មុន​ចេញ​ទៅ​ប្រកួតប្រជែង​​សមត្ថភាព​នៅ​ប្រទេស​ចិន ​ថា លោក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ក្លាយ​ជា​​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព​ទាំង​៥ ក្នុង​កម្មវិធី Fashion Asia Award 2014។

 

បើ​ទោះ​ជា​ជាប់​ឬ​ធ្លាក់​លោក​មិន​មាន​ការ​អាក់អន់ស្រពន់ចិត្ត​អ្វី​ឡើយ ក៏ប៉ុន្តែ​លោក​​កាន់តែ​មាន​មោទនភាព​ចំពោះ​ខ្លួន ដោយ​បាន​ក្លាយ​ជា​តំណាង​ប្រទេស​ កម្ពុជា​ក្នុង​កម្មវិធី​ធំ​ដូច្នេះ។ ជា​​លទ្ធផល​​តារា​ចម្រៀង​វ័យ​ក្មេង​ខាង​លើ​បាន​ក្លាយ​ជា​ជយលាភី​ដូច​អ្វី​ដែល​លោក​បាន​តាំង​ចិត្ត​យូរ​មក​ហើយ។

 

ក្រោយ​ពី​ត្រឡប់​មក​ពី​ប្រកួតប្រជែង​នៅ​ប្រទេស ចិន​វិញ ម៉ា ច័ន្ទ​បញ្ញា នឹង​ទៅ​ទទួល​ពាន​មួយ​ទៀត​​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​ពី​ព្រះ​មហាក្សត្រី​នៅ​ប្រទេស ថៃ។ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ​ទេ ដោយ​កម្មវិធី​មិន​ទាន់​ផ្ដល់​ដំណឹង​មក។

 

 

យុវជន ម៉ា ច័ន្ទ​បញ្ហា ជា​តារា​ចម្រៀង អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​វ័យ​ក្មេង​ល្បី​ឈ្មោះ​​ក្នុង​បណ្ដាញ​សង្គម Facebook និង youtube ។ មក​ទល់​នឹង​ពេល​នេះ​លោក​​មាន​វ័យ ២២​ឆ្នាំ ហើយ​ផលិត​បទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​ខ្លួន​បាន​ជាង ៤០​បទ។

 

បទ​ចម្រៀង​ជា​ការ​និពន្ធ​ផ្ទាល់​ដៃ​របស់​លោក​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​បាន​​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​មាន​ដូច​ជា បទ"មនុស្ស​ស្មោះ​ មិន​អស់​សង្ឃឹម" និង​បទ "តំណក់​ភ្លៀង​សាយណ្ហ"។

 

​​មុន​នឹង​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តជាតិ​​ ម៉ា ច័ន្ទ​បញ្ញា និយាយ​ពី​ការ​តាំង​ចិត្ត​ថា៖"ខ្ញុំ​តាំង​ចិត្ត​ពី​តូច​មក​ម្ល៉េះ​ថា​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​នាំ​សិល្បៈ​ខ្មែរ​​ទៅ​ឆាក​អន្តជាតិ ទោះ​ជា​លំបាក​បែប​ណា​ក៏​ដោយ"៕ អានអត្ថបទបន្ត៖ ម៉ា ច័ន្ទ​បញ្ញា តារា​ចម្រៀង​វ័យ​​ក្មេង​កម្ពុជា​ជាប់​បេក្ខភាព ៥​នាក់​ចុង​ក្រោយ Fashion Asia Award នៅ​ចិន អានអត្ថបទបន្ត៖ មាស សុខ​សោភា ​ឧបត្ថម្ភ​ ​ប្រាក់​ ១​លាន​រៀល​ដល់​ទូក​បី​មក​ពី​ http://youtu.be/QjTnu1cw88s អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី