បណ្ឌិត​ ជេត​ ជាលី​ បង្ហាញ​​តួនាទី​សំខាន់​៣ ​ដែល​សាកលវិទ្យាល័យ​​មួយ​ត្រូវ​​​មាន

  • 2017-02-15 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​​សាកល​វិទ្យាល័យ​គឺ​ជា​​គ្រឹះស្ថាន​​ឧត្ដមសិក្សា​​​​សម្រាប់​​ផ្ដល់​ចំណេះ​ដឹង​​​ទៅ​កាន់​និស្សិត​ ​ដែល​​​ប្រាថ្នា​ចង់​បាន​ការ​​​សិក្សា​អោយ​​​​ស៊ី​ជម្រៅ​ទៅ​លើ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ចូល​ចិត្ត​ ព្រម​ទាំង​​ជា​ស្ពាន​​មួយ​សម្រាប់​ចំលង​ទៅ​​អាជីព​​ការងារ​នា​ពេល​អនាគត​​ទៀត​ផង​​​។​ យ៉ាង​ណា​មិញ​ ​បណ្ឌិត​ ជេត​ ជាលី ​ក៍​បាន​លើក​យក​នូវ​​តួនាទី​សំខាន់​​៣​ ដែល​​សាកលវិទ្យាល័យ​មួយ​ត្រូវ​​​​មាន​​​​ដូច​ជា​៖​ ​

បណ្ឌិត​ ជេត​ ជាលី ​សកលវិទ្យាធិការ​នៃ​​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

​ **១ ការបង្រៀន​**

​សកលវិទ្យាធិការ​នៃ​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូប​​នេះ​ បាន​បញ្ជាក់​ថា​ សាកល​វិទ្យាល័យ​គឺ​ជា​ទី​កន្លែង​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​​​គ្រូ​បង្រៀន​ សាស្ត្រាចារ្យ​ និស្សិត​ និង អ្នក​ស្រាវជ្រាវ​​ជា​ដើម​។​ នេះជា​តួ​នាទី​​​ដ៏​សំខាន់​​បំផុត​​​ និង មិន​​អាច​ខ្វះ​បាន​ ព្រោះ​ថា​​ការ​​បង្រៀន​​ គឺ​ជា​ការ​​​​ផ្ទេរ​ចំណេះ​ដឹង​ពី​​​​មនុស្ស​ម្នាក់​​ ទៅ​មនុស្ស​​ម្នាក់​ ពី​ជំនាន់​មួយ​ទៅ​ជំនាន់មួយ​​ទៀត​​ ​ដើម្បី​ធានា​អោយ​​មាន​​ស្ថេរភាព​នៃ​ចំណេះ​ដឹង​ដល់​មនុស្ស​ជំនាន់​ក្រោយ​។​​ ​

២ ការស្រាវជ្រាវ

​លោក​បាន​បន្ត​ថា​ ​​ការ​សិក្សា​ស្រាវជ្រាវ​គឺ​ជា​ការ​បង្ខិត​ចំណេះ​ដឹង​មនុស្ស​អោយ​ទៅ​មុខ​​ជា​និច្ច​ ​ដូចជា​ការ​តាម​​អោយ​ទាន់​​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រើ​វិធី​ថ្មី​ៗ​ និង ​រហ័ស​។​ ចំណុច​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​វា​នឹង​បម្រើ​អោយ​ប្រយោជន៍​របស់​​មនុស្ស​ជាតិ​ទាំង​មូល​។​​ ពិសេស​​​សាកលវិទ្យាល័យ​ រឺ​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​​នៅ​ប្រទេស​អភិវឌ្ឍន៍​ តែង​ទទួល​បាន​មូល​និធិ​យ៉ាង​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​ស្រាវ​ជ្រាវ​ ដោយ​​មូលនិធិ​ទាំង​​នោះ​បាន​មក​ពី​ថវិកា​ជាតិ​ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ និង ​​ជំនួយ​សប្បុរសធម៌​ របស់​ប្រជាជន​ក្នុង​សហគមន៍​​​នានា​​។​

៣​ ការ​បម្រើ​សហគមន៍​

សាកលវិទ្យាល័យ​គឺ​ជា​ទីកន្លែង​ដែល​គេ​​ពិគ្រោះ​យោបល់​ រក​ដំណោះ​ស្រាយ​​ផ្សេង​ៗ​ជូន​ដល់សហគមន៍​ រឺ សង្គម​ជាតិ​។ ​មួយ​វិញ​ទៀត​ នៅ​ពេល​មាន​បញ្ហា​ រឺ ព្រឹត្តិការណ៍​អ្វី​សំខាន់​កើត​ឡើង​​ ​សាស្ត្រាចារ្យ​ រឺ អ្នក​ជំនាញ​​នៃ​សាកលវិទ្យាល័យ​គឺ​​មាន​តួនាទី​ ក្នុង​ការ​​​ចេញ​មុខ​បក​ស្រាយ​ រឺ ​ពន្យល់​​ទៅ​កាន់​សហគមន៍​​​របស់​ខ្លួន​ ចំពោះ​រឿង​​អស់​ទាំង​​នោះ​ ដោយ​ផ្អែកតាម​លក្ខណៈ​បច្ចេកទេស​។

ឆ្លើយ​តប​នឹង​​ចំណុច​នេះ​​ដែរ​ លោក​ បណ្ឌិត​ ជេត​ ជាលី​ បាន​ប្រាប់​អោយ​ដឹង​ថា​ បច្ចុប្បន្ន​​លោក​​ក៏​​កំពុង​ពិភាក្សា​​យោបល់​ជាមួយ​ថ្នាក់​ដឹក​នាំ​សកលវិទ្យាល័យ​​​ទាំង​មូល​ផង​ដែរ​ ដើម្បី​​ធ្វើ​យ៉ាង​ណា​​ពង្រឹង​​ទាំង​ផ្នែក​គុណ​ភាព​ និង ផ្នែក​ស្រាវជ្រាវ​​​របស់​សាកលវិទ្យាល័យ​អោយ​មាន​ភាព​ល្អ​ប្រសើរ​​ឡើង​។​

អត្ថបទ៖ ចន្ថា

អត្ថបទពេញនិយម