តារា​ល្បី ៩ដួង​ ចូល​សិល្បៈ​តាំង​ពី​ក្មេង​ និង​មាន​កេរ្តិ៍ឈ្មោះ​ដល់​សព្វ​ថ្ងៃ​​

  • 2017-02-22 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិល្បករ​ជា​ច្រើន​ដែល​មាន​ដុង​និស្ស័យ​ ឬ ​ទំនោរ​ចិត្ត​ស្រលាញ់​សិល្បៈ​តាំង​ពី​កុមារ​ភាព​មក​ អ្នក​ខ្លះ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​រហូត​មក​ដល់​បច្ចុប្បន្ន ខ្លះ​ទៀត​បោះ​បង់​ក៏​មាន។ ថ្ងៃ​នេះ​ Sabay នឹង​លើក​យក​តារា​ ៩​រូប​ដែល​ចូល​សិល្បៈ​តាំង​ពី​ក្មេង​ ហើយ​មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​សព្វ​ថ្ងៃ។

តាមដាន​ខាង​ក្រោម​​ទាំង​អស់​គ្នា​ ថា​មាន​តារា​ណា​ខ្លះ៖

១. ឱកសុគន្ធ កញ្ញា​ មាន​ទំនោរ​និស្ស័យ​ស្រលាញ់​សិល្បៈ​តាំង​ពី​អាយុ ១០​ឆ្នាំ​មក​ម្ល៉េះ​។ ក្នុង​នោះ​នាង​ក៏​ធ្លាប់​បាន​ចូល​ប្រលង​ចម្រៀង​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​២​ផង​ដែរ មាន​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍​ខេមរ​ភូមិន្ទ​ប៉ុស្ត៍​លេខ​៥ ប៉ុន្តែ​មិន​បាន​ទទួល​ផ្លែ​ផ្កា​ទេ​ពេល​នោះ។ ​​

សម្រាប់​បទ​ដំបូង ​ដែល​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​ខ្លាំង គឺ​បទ "រឿង​ស្នេហា​ខ្ញុំ​ "សប្បាយ​ណាស់​ឬ​ពេល​ឃើញ​ស្រី​យំ" "ស្នាម​ស្នេហ៍​សមុទ្រ​រាម"។

​២.ដាញ់​ ម៉ូនីកា កើត​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ ១៩៨៦ នៅ​រាជធានី​ភ្នំពេញ។ នាង​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ផ្នែក​របាំ​បូរាណ។ សព្វ​ថ្ងៃ​នាង​ជា​​​តារា​ភាព​យន្ត និង​ជា​តួ​សម្ដែង​ខារ៉ា​អូខេ​ដ៏​ល្បី។ នាង​ចូល​សម្ដែង​ភាពយន្ត​ដំបូង​នៅ​អាយុ១៤​ឆ្នាំ​​គឺ​រឿង"កូន​ពស់​កេង​កង" នៅ​ឆ្នាំ ២០០១។ សព្វ​ថ្ងៃ​នាង​ចេញ​ទៅ​រស់​នៅ​តាម​ស្វាមី​នៅ​ប្រទេស​អូស្រ្តាលី​ហើយ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​នាង​នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ប្រិយមិត្តដដែល។

៣. នីកូ ធ្លាប់​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​តាំង​ពី​អាយុ​៣​ឆ្នាំ​ក្នុង​កម្មវិធី​ទូរទស្សន៍ "ចៅ​ពុទ្ធិ​កម្ជិល" ។ ក្នុង​នោះ​ក៏​ធ្លាប់​បញ្ចេញ​​ស្នាដៃ​សម្ដែង​ក្នុង​រឿង "ភូមិ​គ្រឹះ​ចម្លែក​" តាំង​ពី​លោក​នៅ​តូច​មក​ម្ល៉េះ។

៤. ទេព បូព្រឹក្ស ធ្លាប់​បង្ហើប​ប្រាប់​ Sabay​ថា​នាង​ចូល​ប្រលង​ចម្រៀង​​តាំង​ពី​អាយុ​ ៩ឆ្នាំ តាម​រយៈ​កម្មវិធី​មួយ​ និង​បាន​លុយ ១៦០ ០០០រៀល​​ថែម​ទៀត​ផង​។

៥. លី ច័ន្ទសីហា ចូល​សិល្បៈ​តាំង​ពី​អាយុ​ ៩ឆ្នាំ ដែល​កាល​នោះ​​មហាជន​ស្គាល់​នាង​តាម​រយៈ​​រឿង "​កូន​កត្តញូ" របស់​ផលិតកម្ម​ខេមប្រូ​ បាន​បង្ក​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០០២។ រឿង​ប្រភេទ​អប់​រំ​សង្គម​និយាយ​ពី​ការ​តស៊ូ​​កម្សត់​ស្រក់​ទឹកភ្នែក​នោះ បាន​នាំ​ជីវិត​កុមារី​លី ច័ន្ទសីហា ក្លាយ​ជា​តារា​មួយ​ដួង​រហូត​ដល់​បច្ចុប្បន្ន។

៦. ដែល​ក្នុង​រឿង "កត្តញូ" នេះ​ក៏​មាន​លេច​មុខ​តារា​សម្ដែង​ស្រី ឡោម លក្ខិណា ផង​ដែរ​។ កាល​នោះ​នាង​សម្ដែង​ជា​កូន​​អ្នកមាន តាម​ធ្វើ​បាប​តួ​ស្រី​ លី ច័ន្ទសីហា។

៧. ខេង រតនៈ ហៅ​ ព្រែក៖ បាន​ចូល​សិល្បៈ​នៅ​អាយុ ​១២ ​ឆ្នាំ តាម​រយៈ​នាយ ក្រឹម ដែល​ដំបូង​បំផុត​គឺ បាន​ចូល​រួម​សម្ដែង​រឿង​ “បញ្ញើ​ក្អែក​” របស់​ផលិតកម្ម​ហង្ស​មាស។ ក្រោយ​មក​រូប​គេ​​សម្ដែង​ខារ៉ាអូខេ​ចម្រៀង​របស់​លោក ព្រាប សុវត្ថិ រួម​មាន​បទ “ភ្លេច​សន្យា​សាយណ្ហ” និង “ម្អម​ស្រែ​” ជាដើម នៅ​អំឡុង​ឆ្នាំ​២០០៦ និង ​រឿង"នេសាទ​ក្រពើ" ដឹក​នាំ​ដោយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​​។ ​បច្ចុប្បន្ន​កូន​ប្រុស យាយ យ៉យ រូប​នេះ កំពុង​កាន់​ការងារ​ជា​ពិធី​ករ​នៅ​ទូរទស្សន៍​បាយ័ន និង My TV ហើយ​កំពុង​សិក្សា​ឆ្នាំ​ទី​ ៤​ ជំនាញ​ច្បាប់។

៨. សុខ មេសា ហៅ ចឺម៖ ចូល​ប្រឡូក​សិល្បៈ​នៅ​ចុង​ឆ្នាំ​ ២០១០ ​ក្នុង​វ័យ​ ១២ ឆ្នាំ ​តាម​រយៈ​ នាយ ក្រូច ត្រូវ​ជា​ឪពុក​មា។ ផលិតករ​កម្មវិធី​របស់ CTN សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ បាន​ផ្ដល់​ឱកាស​បណ្ដុះបណ្ដាល និង​ សម្ដែង​ដល់​អតីត​ក្មេង​ប្រុស​អ្នក​ទូល​ក្រសាំង​លក់​ក្នុង​ភូមិ​រូប​នេះ ដូច​សមាជិក​ផ្សេង​ទៀត​ដែរ ទោះ​បី​ជា​ជា​គេ​មិន​មែន​ជា​បេក្ខភាព​ប្រលង​ជាប់​កម្មវិធី "មហា​កំប្លែង" យ៉ាង​ណា​ក្ដី។ ផលិតករ​កម្ម​វិធី​ខាង​លើ ធ្លាប់​ពោល​សរសេរ​ថា កូន​ប្រុស​អ្នក​ភ្នំ​ស្រង់​រូប​នេះ មាន​ទេពកោសល្យ​កំប្លែង​មិន​ធម្មតា។

​៩. វណ្ណ នីឡា៖ នរណា​ក៏​ដឹង​ថា នាង​ជា​កូន​ស្រី​សំណព្វ​ចិត្ត​របស់​ផលិតករ​ប្រចាំ ​CTN សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ។ តាម​រយៈ​ឪពុក​ជា​ផលិតករ​ស្រាប់ យុវតី​រូប​នេះ ​បាន​ចូលរួម​សម្ដែង​ជាមួយ​ក្រុម​កំប្លែង​របស់​នាយ ពែកមី តាំង​ពី​អាយុ ​១១ ​ឆ្នាំ។ លោក សុវណ្ណរិទ្ធី បាន​ទទួល​ស្គាល់​កូន​ស្រី​សំណព្វ​ចិត្ត​រូប​នេះ ​មិន​សូវ​ពូកែ​កំប្លែង​នោះ​ទេ ប៉ុន្តែ ​ពូកែ​សម្រក់​ទឹក​ភ្នែក​រហូត​អ្នក​ទៅ​ទស្សនា​ការ​សម្ដែង​ផ្ទាល់ ដាក់​នាម​ជា​តារា​ទឹក​ភ្នែក​ទៀត​ផង។

អត្ថបទ៖ ថា ម៉ាលីដា