មជ្ឈមណ្ឌល​ទិន្នន័យ​អ៊ីនធឺណិត​ថ្មី​មួយ​ទៀត​បើក​នៅ​កម្ពុជា

  • 2017-02-26 06:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​បាន​បើក​មជ្ឈមណ្ឌល​ទិន្នន័យ​អ៊ីនធឺណិត (IDC) និង​សេវាកម្ម Cloud ដល់​សហគ្រាស​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ដំណោះស្រាយ​ការ​រក្សា​ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត។

ការ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​អ៊ីនធឺណិត (IDC) និង​សេវាកម្ម Cloud ដើម្បី​ឆ្លើយតប​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Heath Shen អគ្គនាយក​ក្រុមហ៊ុន GCX។

​លោក Heath Shen អគ្គនាយក​ក្រុមហ៊ុន GCX ឲ្យ​ដឹង​ថា កំណើន​​សេដ្ឋកិច្ច និង​ការ​រីកលូតលាស់​នៃអាជីវកម្ម​​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា តម្រូវ​​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រដល់​ការអភិវឌ្ឍ​នេះ។

​មជ្ឈមណ្ឌល​ទិន្នន័យ​អ៊ីនធឺណិត និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Cloud ផ្តល់​សុវត្ថិភាពនិង​ភាព​ងាយស្រួល​ដើម្បី​រក្សា​ទុក​ឯកសារ និង​កម្មវិធី​ជា​ដើម នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​បច្ចេកវិទ្យា​នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ ចូល​បើក​មើល ទាញ​យក និង​ប្រើប្រាស់​ឯកសារ​គ្រប់​ទីកន្លែង​ គ្រប់ពេលវេលា​តាម​រយៈ​ឧបករណ៍ផ្សេងៗ។ ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​មាន​តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដែល​អាច​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្មុគស្មាញ​នេះ​បាន។

​អគ្គ​នាយក អគ្គនាយក​ក្រុមហ៊ុន GCX បាន​បញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យអ៊ីនធឺណិត (IDC) និងសេវាកម្ម Cloud ដែល​បើក​ដំណើរការ​នេះ​ បាន​បំពេញ​តាម​ស្តង់ដារ​សុវត្ថិភាព​អន្តរជាតិ​ដ៏​តឹងរ៉ឹង​បំផុត ដោយ​អនុវត្ត​ទៅ​តាម​វិទ្យាស្ថាន​ស្តង់ដារ​អាមេរិក​កាំង (ANSI) និង​ស្តង់ដារ​ឧស្សាហកម្ម​ទូរគមនាគមន៍ (TIA)។

​អគ្គ​នាយក​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​ទំហំ​នៃ​ការវិនិយោគ​សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​អ៊ីនធឺណិត (IDC) និង​សេវាកម្ម Cloud ។ យ៉ាង​ណា​នៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​គ្រោង​ពង្រីក​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​នៅកម្ពុជា និង​ការ​កសាង​មជ្ឈមណ្ឌល​ទិន្នន័យ​ទី ២ នៅ​ភ្នំពេញ និង​មជ្ឈមណ្ឌល​ទិន្នន័យ​ជាច្រើន​ទៀត​នៅ​ក្នុង​ទីក្រុងធំៗ​របស់​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​ឲ្យ​តម្រូវការ​របស់​អតិថិជន។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម