ក្រុមតន្ត្រី​​ដ្រាកា៖ ការរ​ស់​ឡើង​វិញ​នៃ​ក្រុម Rock'N'Roll ល្បី​របស់​ខ្មែរ​ ត្រៀម​ចាក់​បញ្ចាំង​ នៅ​កោះ​ពេជ្រ​ស្អែក​នេះ

  • 2017-03-06 12:18:24
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ក្រោយ​ពី​មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី ៧ បាន​​ផ្ដើម​សម្ពោធ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នោះ គឺ​នៅ​ថ្ងៃ​ស្អែក​​នេះ នឹង​ត្រៀម​បង្ហាញ​អំពី​​​ក្រុម​តន្ត្រី​ ដ្រាកា នៅ​កោះពេជ្រ។

តើ​អ្វី​ទៅ​ជា​ក្រុម​តន្ត្រី​ដ្រាកា?

នៅ​ក្នុង​ទសវត្ស​ឆ្នាំ ៦០ និង៧០ យុវជន​ក្មេងៗ​ចាប់​កាន់​ហ្គីតា​ អេឡិចត្រិក និង​សិក្សា​ចង្វាក់​ភ្លេង​របស់​បស្ចិម​ប្រទេស។ ក្រុម ដ្រាកា​ ធ្លាប់​ជា​ក្រុម​លេខ ១​នៅ​កម្ពុជា ហើយ​បទ​ចម្រៀង​ពួកគេ​ស្ថិត​នៅ​កំពូល​ក្នុង​តារាង​ក្រុមតន្ត្រី​ជាតិ​នៅ​ទី​ក្រុងភ្នំពេញ នា​​ទសវត្ស​ទី ៦០ និង ដើម​​ឆ្នាំ ៧០។

ដ្រាកា លេង​ភ្លេង​យក​ឥទ្ធិពល​តាម​ភ្លេងរ៉ក់ បស្ចិម​ប្រទេស ដូចជា​ កាឡូស សាន់តាណា ដែលនាំ​ទៅ​រក​ការ​វិវត្តន៍​វប្បធម៌​មក​លើ​ឆាក​តន្ត្រី​កម្ពុជា អំឡុង​យុគសម័យ​មាស។ ក្រុម​ដ្រាកា​​​បាន​ឆ្លង​កាត់​របប​ខ្មែរក្រហម ហើយ​បន្ត​បង្ហាញ​ឲ្យ​ឃើញ​ថា​ តន្ត្រី​រ៉ក់ និង​វប្បធម៌​ខ្មែរ​សម័យ​ឆ្នំា ៦០-៧០ គឺ​ពិត​ជា​មាន​អ្វី​ម្យ៉ាង​ពិសេស។ សមិទ្ធិករ​ភាពយន្ត ចន ពីរូហ៊្សី (កុំ​ស្មាន​ខ្ញុំ​ភ្លេ ច) បាន​បង្ហាញ​ការ​រស់​ឡើង​វិញ នៃ​តន្ត្រី​រ៉ក់​ខ្មែរ ៖ «តន្ត្រី​ គឺជា​វត្ថុ​មួយ​ដែល​អនុញ្ញាត​​ប្រជាជន​កម្ពុជា​វិល​ទៅ​កាន់​សម័យ​កាល​ដែល​ជីវិត ពួកគេ​មិន​មែន​មាន​តែ​សង្គ្រាម និង អំពើ​ប្រល័យ​ពូជសាសន៍»។

គួរ​បញ្ជាក់​ថា មហោស្រព ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី ៧ ឆ្នាំ ២០១៧ បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃសៅរ៍ ទី ៤ មីនា កន្លង​ទៅ​នេះ ដោយ​មហោស្រព​ភាព​យន្ត​អន្តរជាតិ​ឆ្នាំ​នេះ ត្រៀម​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​សរុប​ចំនួន ១៣៨ ចំណង​ជើង ហើយ​ត្រៀម​ចាក់​បញ្ចាំង​ចំនួន ៩កន្លែង​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ៤ដល់​ថ្ងៃ​ទី ៩ មីនា។ ដូច្នេះ នៅ​ថ្ងៃ​ទី ០៧ ខែ​មីនា ស្អែក​នេះ នឹង​ចាក់​បញ្ចាំង​នៅ​កោះ​ពេជ្រ៕


អត្ថបទ៖ ប៊ិន ប៊ុណ្ណា