​របៀប​ចិញ្ចឹម​ចង្រិត​ប្រើ​ដើម​ទុន​តិច​ តែ​ទទួល​បាន​ចំណូល​ខ្ពស់​ដល់​ពាន់​ដុល្លារ

  • 2017-03-23 02:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្ម​ចិញ្ចឹម​ចង្រិត​ គឺ​ជា​មុខ​របរ​ថ្មី​មួយ​ដែល​អាច​ធ្វើ​អោយ​លោក​អ្នក​ទទួល​បាន​​ប្រាក់​ចំណូល​ខ្ទង់​​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​ទៀត​ផង​ ប្រសិន​បើ​លោក​អ្នក​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចិញ្ចឹម​អោយ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​​លក្ខណៈ​បច្ចេកទេស​។ ​ខាង​ក្រោម​នេះ​ គឺ​ជា​​វិធីសាស្ត្រ​​ចិញ្ចឹម​ចង្រិត​ដោយ​ប្រើ​ដើម​ទុន​តិច​ តែ​ទទួល​បាន​​ផល​ចំណូល​ខ្ពស់​សម្រាប់​លោក​អ្នក​យក​ទៅ​អនុវត្ត​។​​​

រូបភាពពី លោក​ ញឿក​ ភារុម្យ​​

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ញឿក​ ភារុម្យ​​ ជា​ម្ចាស់​កសិដ្ឋាន​​ចិញ្ចឹម​ចង្រិត​វ័យ​ក្មេង​​​មួយ​រូប​ ​នៅ​ខេត្ត​តាកែវ​​បាន​ឲ្យ​ដឹង​ថា​ ​​ការ​ចិញ្ចឹម​​​ចង្រិត​​គឺ​​​ទាម​ទារ​នូវ​​​ការ​ថែទាំ​ឲ្យបាន​ដិត​​ដល់​​ ព្រោះ​បើ​មិន​អីចឹង​ទេ​​ វា​ងាយ​នឹង​ងាប់​​ខ្លាំង​ណាស់​។​ ​លោក​បន្ត​ថា​មាន​កត្តា​បី​យ៉ាង ដើម្បី​ធ្វើ​អោយ​ការ​ចិញ្ចឹម​ចង្រិត​ទទួល​បាន​ជោគ​ជ័យ​៖​

១​ ​បច្ចេកទេស​ចិញ្ចឹម​

​​​​ជា​ការ​ពិត​ណាស់​ ​ការ​សាង​សង់​ទ្រុង​​របស់​ចង្រិត​គឺ​ត្រូវ​​​តែ​ធ្វើ​​ឡើង​តាម​​​​ស្តង់​ដា​​ពិត​ប្រាកដ​។​ ប្រការ​នេះ​គឺ​ដើម្បី​អោយ​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​កំណត់​បរិមាណ​ និង ​វាយ​តម្លៃ​ពី​ទម្ងន់​​សរុប​របស់​វា​។​ ​មិន​តែ​ប៉ុណ្ណោះ​ ត្រូវ​រៀប​ចំ​សំបុក​ចង្រិត​អោយ​បាន​ស្អាតល្អ​ បើមិនដូចនោះទេ​​ ​វា​អាចបណ្តាល​​អោយ​ចង្រិត​ងាយ​ឈឺ​ ​​និង ​មិន​អាច​​ធំ​ធាត់​បាន​​ល្អ​នោះ​ឡើយ​។ ​លើស​ពី​នេះ​​ទៀត​​ គេ​ត្រូវ​​ផ្ដល់​អោយ​​ពួក​វា​ នូវ​​ទឹក​​ស្អាត​​ និង​ ចំណី​ដែល​មាន​ជីវជាតិ​ចិញ្ចឹម​ល្អ​​ៗ។​ ជាពិសេស​គេ​ក៏​​អាច​បន្ថែម​ស្លឹក​​បាស​ រឺ បន្លែ​នានា​អោយ​វា​ស៊ី​ផង​ដែរ​​ ទើប​ធ្វើអោយចង្រិត​​កាន់តែ​រីក​ធំធាត់​បាន​លឿន​ ព្រម​ទាំង​មាន​សុខភាព​ល្អ​។​​​​​​

២​ បរិស្ថាន​នៃ​ទ្រុង

​ជាទូទៅ​ចង្រិត​ចូលចិត្ត​រស់​នៅ​ទីកន្លែង​ដែល​មាន​​​សីតុណ្ហភាព​ទាប​ជាង​៤០​អង្សា​សេ​​​ ហើយ​​ចំណុច​ល្អ​បំផុត​គឺ​ចន្លោះ​ពី​ ២៥ ទៅ​ ៣០​ អង្សា​សេ​។​ ​មួយ​វិញ​ទៀត​ ​គេ​អាច​រៀប​ចំ​ជា​ខ្សាច់​ និង បាញ់​ទឹក​​ពេល​ថ្ងៃ​ត្រង់​ដើម្បី​រក្សា​សីតុណ្ហភាព​អោយ​​ទ្រុង​របស់​វា​​នៅ​ត្រជាក់​បាន​យូរ​​។​ ​បន្ថែម​ពី​នេះ​ គេ​គួរ​​​​ប្រក់​​ដំបូល​​​ដែលអាច​កាត់បន្ថយ​​ចំហាយ​ក្ដៅ​ចាំង​ចុះ​ក្រោម​​ពី​ពន្លឺ​ព្រះ​អាទិត្យ​ ព្រោះថា​​ការ​ធ្វើ​បែប​នេះ​ វាអាច​កាត់បន្ថយ​សីតុណ្ហភាព​​​មួយ​ផ្នែក​ក្នុង​រោង​​ចង្រិត​​បាន​។​​​​​​​​​​​​​​​

៣​ ពូជ​ចង្រិត

​ការ​ជ្រើស​រើស​ពូជ​​ចង្រិត​យក​ទៅ​ចិញ្ចឹម​ ​ក៏​ជា​រឿង​សំខាន់​ណាស់​​ដែរ​។​ គេ​​មិន​ត្រូវ​មើល​រំលង​ចំណុច​​មួយ​​នេះ​នោះ​ទេ​ ព្រោះ​ថា​ការ​ជ្រើសរើស​ពូជ​ខុស​អាច​នាំ​អោយ​​លោក​អ្នក​បរាជ័យ​ក្នុង​អាជីវកម្ម​បាន​។​​​ ​​លោក​ ភារុម្យ ​បាន​បញ្ជាក់​ថា​​ ពូជ​​ចង្រិត​ខ្លះ​​​គឺ​មិន​ត្រូវ​នឹង​តម្រូវ​ការ​របស់​ទី​ផ្សារ​​នោះ​ទេ​ ហើយ​ពូជ​ខ្លះ​​ទៀត​គឺ​ងាយ​​នឹង​មាន​ជំងឺ​ ​ខ្លះ​ទៀត​​ងាយ​ចាញ់​អាកាសធាតុ​ និង ពុំ​មាន​​ទំហំ​ខ្លួន​ធំ​​នោះ​ឡើយ​​។​

ដូច​នេះ​គេ​ត្រូវ​ជ្រើស​រើស​យក​ពូជ​សុទ្ធ​ដែល​ល្អ​ និង ធន់​​ជាមួយ​អាកាស​ធាតុ​។​ លោក​បាន​ប្រាប់​ថា​ ចំពោះ​​កសិដ្ឋាន​របស់​លោក​ផ្ទាល់​​ គឺ​​បាន​នាំ​ចូល​ពង​ចង្រិត​២​​ប្រភេទ​ពី​ប្រទេស​ថៃ​ ដើម្បី​យក​មក​ចិញ្ចឹម​។​ ទី​១​គឺ​ពូជ​ចង្រិត​ខ្មៅ​ និង ទី២​គឺ​ពូជ​ចង្រិត​ក្រហម​ ដែល​​ពេល​ធំ​ពេញ​វ័យ​ទៅ​​​ វា​មាន​ប្រវែង​ដង​ខ្លួន​ប្រមាណ​៣​សង់​ទី​ម៉ែត្រ​។ ​ចំណែក​ឯតម្លៃ​វិញ​គឺ​ក្នុង​ពង​មួយ​ចាន​ថ្លៃ​​ ២,៥ ដុល្លារ​ ហើយ​ពេលចិញ្ចឹម​រយៈ​ពេល​ ៤៥​ ថ្ងៃ​ទើប​​​ពួក​វា​ធំពេញ​វ័យ​អាច​ចាប់​លក់​បាន។​ សម្រាប់​តម្លៃ​ទី​ផ្សាយ​ក្នុង​ស្រុក​ គឺ​អាច​លក់​បាន​​​​ ២,៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​​​ ហើយ​​បន្ទាប់​ពី​គេ​យក​វា​ទៅ​​​បំពង​រួច​ ​នោះ​ទទួល​បាន​​តម្លៃ​ប្រមាណ​​​ ១ ​ដុល្លារ​ក្នុង​មួយ​កំប៉ុង​​​អង្ករ​៕

អត្ថបទ៖ ចន្ថា

អត្ថបទថ្មី