ទី​បំផុត ស្រី​ស្អាត ណា សាឌី ប្រាប់​ថា នាង​សម្រេច​បាន​ក្ដី​បំណង​១​ហើយ!

  • 2017-04-19 07:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ហក់​ចូល​មក​ប្រឡូក​សិល្បៈ​អស់​រយៈ​ពេល​ប្រមាណ​ជា​ជិត​២​ឆ្នាំ ស្រី​ស្អាត ណា សាឌី បាន​ប្រាប់​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ នាង​បាន​សម្រេច​ក្ដី​ប្រាថ្នា​របស់​នាង​មួយ​ហើយ គឺ​អាជីព​ជា​ពិធីការិនី​ទូរទស្សន៍ ដោយ​បច្ចុប្បន្ន​កំពុង​កាន់​​ការ​នេះ​នៅ​ទូរទស្សន៍​បាយ័ន។

ណា សាឌី ប្រាប់​ថា ដើម​ឡើយ អាជីព​ជា​ពិធី​ការិនី​ទូរទស្សន៍​គឺ​បំណង​ប្រាថ្នា​ធំ​មួយ​ក្នុង​សិល្បៈ​របស់​នាង ហើយ​ជា​លទ្ធផល គឺ​នាង​បាន​សម្រេច​មែន ក្រោយ​ពី​ចូល​សិល្បៈ​អំឡុង​ឆ្នាំ ២០១៥ តាម​រយៈ​ការ​ប្រកួត​ហ្វ្រេស៊ី។ ការងារ​នេះ ដំបូង​ឡើយ នាង​បាន​ចូល​បម្រើ​ការងារ​នៅ​ទូរទស្សន៍ BTV ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ទូរទស្សន៍​បាយ័ន ដោយ​កាន់​ផ្នែក​ព័ត៌មាន។

បើ​ទោះ​អាជីព​ជា​ពិធីការិនី ជា​អ្វី​ដែល​នាង​ប្រាថ្នា​ក៏​ពិត​មែន ប៉ុន្តែ​ជំនាញ​ផ្នែក​ព័ត៌មាន មិន​មែន​ជា​ចំណង់​ចំណូល​ចិត្ត​នាង​ទេ គឺ​ពិធីការិនី​ផ្នែក​សិល្បៈ​ឯណោះ ទើប​ជា​មុខ​ជំនាញ​ដែល​នាង​ប្រាថ្នា។ ទី​បំផុត នាង​ក៏​សម្រេច​បាន​បំណង​ប្រាថ្នា​នេះ​ទៀត បន្ទាប់​ពី​ថ្នាក់​លើ​មើល​ឃើញ​ទេពកោសល្យ ហើយ​បាន​ផ្លាស់​ប្ដូរ​តំណែង​នាង។

“ពិធីការិនី​ព័ត៌មាន ខ្ញុំ​អត់​សូវ​ស្រឡាញ់ ឥឡូវ​បាន​មក​ផ្នែក​សិល្បៈ គឺ​ត្រូវ​ចិត្ត​តែ​ម្ដង ព្រោះ​ទំនោរ​របស់​ខ្ញុំ គឺ​ចូល​ចិត្ត​និយាយ​លេង​បែប​សប្បាយ​ៗ ​ត្រូវ​នឹង​សិល្បៈ​អីចឹង អត់​ត្រូវ​បែប​ព័ត៌មាន​ទេ ឥឡូវ​បាន​ហើយ ក្រោយ​ខ្ញុំ​ខំ​ហាត់​ពុត​ខ្លួន​ឯង​មក។ ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​តាំង​ដើម​មក​ខ្ញុំ​ចង់​ធ្វើ​ផ្នែក​សិល្បៈ​នេះ​ណាស់"។ សាឌី ថ្លែង។

ស្រី​ស្អាត​វ័យ ២២​ឆ្នាំ​ខាង​លើ បាន​ផ្លាស់​ពី​ពិធីការិនី​ផ្នែក​ព័ត៌មាន​នៅ BTV មក​ទូរទស្សន៍​បាយ័ន​វិញ នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០១៧​នេះ។ នាង​ត្រូវ​បាន​ថ្នាក់​លើ ចាត់​ឲ្យ​កាន់​កម្មវិធី "តន្ត្រី​ខារ៉ាបាវ" រៀង​​រាល់​ថ្ងៃ​សៅរ៍​វេលា​ម៉ោង ៦ ដល់ ៨យប់ ជា​កម្មវិធី​ផ្សាយ​ផ្ទាល់។ ក្រៅ​ពី​នេះ នាង​ក៏​ទទួល​បាន​ការងារ​ខាង​ក្រៅ​ច្រើន​ដែរ ទាំង​ពិធីការិនី​តាម​តន្ត្រី​នានា រួម​ទាំង​ការងារ​សម្ដែង​ផង។

សាឌី ដែល​ចូល​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ហ្វ្រេស៊ី ជំនាន់​ទី​១៤ ប្រាប់​ថា មក​ទល់​ពេល​នេះ នាង​សម្ដែង​បាន​២​រឿង មាន​ទី​១ "ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង" និង​រឿង​ទី​២ "មន្ត​ស្នេហ៍​លេខា" ជា​ប្រភេទ​រឿង​ប្រែ​ក្លាយ​ពី​ប្រលោម​លោក បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​ថត ក្នុង​នោះ នាង​សម្ដែង​ជា​តួ​អង្គ​ឈ្មោះ "អេនណា"។

ស្រី​ស្អាត​រូប​នេះ អះអាង​ថា បន្ទាប់​រឿង "មន្ត​ស្នេហ៍​លេខា" ចាក់​បញ្ចាំង នាង​សង្ឃឹម​ថា កេរ្តិ៍​នាង​នឹង​កាន់​តែ​ឡើង​ខ្ពស់​មួយ​កម្រិត​ទៀត ត្បិត​ថា នេះ​ជា​សាច់​រឿង​ល្បី​មួយ​របស់​ប្រលោម​លោក មុន​ពេល​យក​មក​ថត​ជា​វីដេអូ​ភាគ​ទូរទស្សន៍ និង​កុន​វិញ៕

អត្ថបទ៖ ស៊ុនហ៊ួត

អត្ថបទពេញនិយម