ពិតជាអស្ចារ្យ! អត្ថន័យចម្លាក់ប្រាសាទអង្គរវត្តបង្ហាញពី គុណធម៌មនុស្សតាំងពីរាប់ពាន់ឆ្នាំមុនដល់បច្ចុប្បន្ន

  • 2017-05-18 07:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​នៅលើថែវទី៣នៃប្រាសាទអង្គរវត្ត ដែល​មាន​ប្រវែង​ជិត ៦០០ ម៉ែត្រ និង​កម្ពស់ ២ម៉ែត្រ មាន​ចម្លាក់​ចំនួន​៨ផ្ទាំង ដែល​ពណ៌នា​នូវ​រឿងរ៉ាវ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ទេវកថា​នៃ​ព្រហ្មញ្ញ​សាសនា អម​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី២ ដែល​ព្រះអង្គ​ជា​ក្សត្រ​បាន​កសាង​ប្រាសាទ​នេះ​ឡើង។

អ្នក​ស្រាវជ្រាវ​និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​បណ្ឌិត អ៊ា ដារិទ្ធ ជឿ​ជាក់​ថា ចម្លាក់​ទាំង​៨ផ្ទាំង​លើ​ថែវ​ទី៣​នៃ​ប្រាសាទ​អង្គរវត្ត គឺ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ​វិវត្ត​របស់​ចក្រវាឡ តាម​រយៈ​ការ​បែង​ចែក​យុគ​ក្នុង​ជំនឿ​នៃ​សាសនា​នេះ​។

លោក​បណ្ឌិត​បញ្ជាក់​ថា តាម​ទស្សនៈ​របស់​ព្រហ្មញ្ញ​សាសនា ចក្រវាឡ​ទាំង​មូល​ត្រូវ​បាន​បែង​ចែក​ជា​៤​យុគ​គឺ៖

១. ក្រឹត​យុគ ឬ យុគមាស (១.៧២៨.០០០ឆ្នាំមនុស្ស=៤.៨០០ឆ្នាំទេព) គឺ​សម័យ​កាល​ដែល​សត្វ​លោក​មាន​គុណ​ធម៌​ពេញ​លេញ ១០០% ហើយ​មនុស្ស​លោក​មាន​អាយុ​វែង និង​មាន​សេចក្ដី​សុខ​ច្រើន​។ 

២. ត្រេត​យុគ ឬ យុគ​ប្រាក់ (១.២៩៦.០០០ឆ្នាំមនុស្ស=៣.៦០០ឆ្នាំទេព) គឺ​សម័យ​កាល​ដែល​សត្វ​លោក​មាន​គុណធម៌​បង្គួរ ថយ​ចុះ​នៅ​សល់​៧៥%, ហើយ​មនុស្ស​លោក​មាន​អាយុ​វែង​ល្មម និង​មាន​សេចក្ដី​សុខ​ល្មម។ 

៣. ទ្វាបរ​យុគ (៨៦៤.០០០ឆ្នាំមនុស្ស=២.៤០០ឆ្នាំទេព) គឺ​យុគ​ដែល​មាន​លេខ​គត់គូ គឺ​សម័យ​កាល​ដែល​សត្វ​លោក​មាន​គុណ​ធម៌​អន់​ថយ​នៅ​សល់​តែ​៥០%។

៤. កលិយុគ (៤៣២.០០០ឆ្នាំមនុស្ស=១.២០០ឆ្នាំទេព)ជា​យុគ​ប្រកប​ដោយ​ទោស ជម្លោះ ហើយ​សត្វ​លោក​មាន​គុណ​ធម៌​នៅ​សល់​តែ២៥%​ប៉ុណ្ណោះ។ មនុស្ស​លោក​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ក្នុង​យុគ​នេះឯង ហើយ​មាន​សេចក្ដី​សុខ​តិចតួច​ណាស់។

ចម្លាក់​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ឆ្លាក់​ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះគឺ ចម្លាក់​ពីរ​ផ្ទាំង​នៅ​ទិស​ខាង​កើត​តំណាង​ឲ្យ​ក្រឹត​យុគ ដែល​បង្ហាញ​នូវ​ភាព​ស្អាត ភាព​បរិសុទ្ធ មនុស្ស​នៅ​មាន​សច្ចភាព​ពេញ​លេញ​។ ចម្លាក់​ទាំង​នោះ​ជា​រឿងរ៉ាវ​នៃ​ទេព​សុទ្ធសាធ ដោយ​មាន​រឿង​កូរ​សមុទ្រ​ទឹកដោះ និង​ជ័យ​ជម្នះ​ព្រះនារាយណ៍ លើ​ពួក​អសុរ​ទាំង​ឡាយ។

ចម្លាក់​ពីរ​ផ្ទាំង​បន្ទាប់​នៅ​ទិស​ខាង​ជើង តំណាង​ឲ្យ​ត្រេក​យុគ ជា​យុគ​ដែល​មនុស្ស​មាន​គុណ​ធម៌​ថមថយ​ចុះ​ខ្លះ តែ​ក៏​នៅ​ក្នុង​ភាព​ល្អ​ប្រសើរ​គ្រាន់​ជាង​ពាក់​កណ្ដាល។ ចម្លាក់​ទាំង​នោះ​បង្ហាញ​ពី​រឿងរ៉ាវ​ចម្បាំង​គ្នា​រវាង​ទេព​និង​ពួក​អសុរ ដោយ​មាន​រឿង​ជ័យ​ជម្នះ​នៃ​ព្រះ​ក្រឹស្ណៈ​លើ​ស្តេច​អសុរ​ឈ្មោះ​ពាន និង​ចម្បាំង​រវាង​ទេព​ផ្សេងៗ​ជាមួយ​នឹង​ពួក​អសុរ។

ចម្លាក់​ពីរ​ផ្ទាំង​នៅ​ទិស​ខាង​លិច តំណាង​ឲ្យ​ទ្វាបរ​យុគ ជា​យុគ​ដែល​មនុស្ស​លោក​នៅ​សល់​គុណធម៌​តែ​ពាក់​កណ្ដាល ដោយ​ឆ្លាក់​នូវ​រឿង​រាមកេរ្តិ៍​និង​រឿង​មហា​ភារត ដែល​មាន​សាច់​រឿង​លំនាំ​ជា​ទេព​ពាក់​កណ្ដាល​​ និង​មនុស្ស​ពាក់​កណ្ដាល។

ចម្លាក់​ពីរ​ផ្ទាំង​ចុង​ក្រោយ​គេ គឺ​នៅ​ទិស​ខាង​ត្បូង ដែល​តំណាង​ឲ្យ​កលិយុគ ជា​យុគ​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ។ ចម្លាក់​ទាំងពីរ​ផ្ទាំង​នេះ​ឆ្លាក់​នូវ​រឿងរ៉ាវ​នានា​ដែល​កើត​មាន​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី២ និង​បញ្ចប់​ទៅ​ដោយ​ចម្លាក់​នរក​សួគ៌ ដែល​បង្ហាញ​អំពី​ទី​បញ្ចប់​នៃ​ចក្រ​វាឡ ដែល​មាន​មនុស្ស​ខ្លះ​ឡើង​ទៅ​ស្ថាន​សួគ៌ និង​មនុស្ស​ខ្លះ​ធ្លាក់​ចុះ​នរក៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី