ឡាន​កញ្ចាស់​ប្រធានាធិបតី​ក្រ​បំផុត​ មាន​គេ​សុំ​ទិញ​១​លាន​ដុល្លារ​

  • 2014-11-08 18:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​របស់​ប្រទេស​អ៊ុយរុយហ្គាយ លោក Jose Mujica បាន​និយាយ​ថា មាន​គេ​ស្នើ​សុំ​ទិញ​ឡាន​ម៉ាក Volkswagen Beetle ផលិត​ឆ្នាំ១៩៨៧ របស់​លោក ក្នុង​តម្លៃ ១​លាន​ដុល្លារ។ ​​​​

 

ប្រធានាធិបតី​អ៊ុយរុយហ្គាយ Jose Mujica និង​ភរិយា នៅក្នុង​ឡាន Volkswagen Beetle

 

បុរស​ដែល​មាន​រហ័ស​នាម​ថា "ប្រធានាធិបតី​ក្រ​ជាង​គេ​លើ​លោក" បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា មេដឹកនាំ​ជនជាតិ​អារ៉ាប់​ម្នាក់​បាន​ដាក់​សំណើ ១លាន​ដុល្លារ ទិញ​ឡាន​កញ្ចាស់​របស់​លោក។ ទោះ​យ៉ាង​ណា លោក​បាន​និយាយ​ថា នោះ​គ្រាន់​ជា​សំណើ​របស់​គេ​ប៉ុណ្ណោះ ហើយ​លោក​​មិន​គិត​ថា​វា​ជា​រឿង​សំខាន់​ឡើយ។

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ ឯក​អគ្គរដ្ឋទូត​ម៉ិកស៊ីកូ​ប្រចាំ​ប្រទេស​អ៊ុយរុយហ្គាយ ធ្លាប់​បាន​ស្នើ​ទៅ​លោក Mujica ឲ្យ​ដាក់​ដេញ​ថ្លៃ​ឡាន​នោះ​នៅ​ប្រទេស​ម៉ិកស៊ីកូ ហើយ​គេ​រំពឹង​ថា​លោក​អាច​នឹង​ទទួល​បាន​ឡាន​ទំនើប​ដល់​ទៅ ១០​គ្រឿង​ឯ​ណោះ​ជា​ថ្នូរ​នឹង​ឡាន​កញ្ចាស់​របស់​លោក។ នេះ​បើ​តាម​ការ​តាម​ការ​បង្ហាញ​របស់​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ម៉ិកស៊ីកូ​ម្នាក់។ ​​​​

​​​

ប្រធានាធិបតី​ទី ៤០​របស់​អ៊ុយរុយហ្គាយ​រូប​នេះ​បាន​បញ្ជាក់​ថា បើ​លោក​ទទួល​បាន​មួយ​លាន​ដុល្លារ​ពី​ការ​លក់​ឡាន លោក​នឹង​បរិច្ចាគ​លុយ​ទាំង​នោះ​ជួយ​សាង​សង់​ផ្ទះ​ដល់​អ្នក​គ្មាន​ជម្រក។ ប្រសិនបើ​បាន​ឡាន​ ១០​គ្រឿង​ជា​ថ្នូរ​វិញ លោក​នឹង​ផ្ដល់​វា​ទៅ​​ឲ្យ​​ការិយាល័យ​សុខភាព​សាធារណៈ ឬ​​អ្នក​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​លោក។ ​​​

 

លោក Jose Mujica ប្រធានាធិបតីទី៤០ ​របស់​ប្រទេស​អ៊ុយរុយហ្គាយ

 

នៅ​ពេល​សួរ​ថា ហេតុអ្វី​បាន​ជា​មាន​គេ​ចំណាយ​លុយ​យ៉ាង​ច្រើន​​ទិញ​ឡាន​ដ៏​តូច​របស់​លោក? Mujica បាន​និយាយ​ថា "មនុស្ស​តែង​តែ​​ចង់​បាន​របស់​ប្លែកៗ យើង​ត្រូវ​ការ​របស់​មួយ​ដែល​សំខាន់​ទុក​ជា​និមិត្តរូប។ វា​ជា​របស់​តូចតាច​សម្រាប់​ពិភពលោក​មែន ប៉ុន្តែ​មាន​តម្លៃ​ធំធេង​សម្រាប់​យើង"។ ប្រធានាធិបតី​វ័យ ៧៩​ឆ្នាំ​រូប​នេះ  ថែម​ទាំង​បញ្ជាក់​ទៀត​ថា លោក​បាន​រក្សា​ទុក​របស់​ពីរ​គឺ ញញួរ និង​ប៉ែល ដែល​បន្សល់​ទុក​ពី​ឪពុក​របស់​លោក៕

 

ចុចអាន៖ ប្រើ​ពេល​៣២ឆ្នាំ​ជីក​រូង​ថ្មទម្លុះភ្នំ សង្ស័យ​ថា​ទុក​នាំ​មាស​ចេញ

 

ចុចអាន៖ ចិត្ត​ខ្លាំង​មែន! គ្រាន់​តែ​ផាក​ពិន័យ​តិចតួច ចាក់​សាំង​ដុត​ឡាន​ចោល

 

ប្រែ​សម្រួល៖ គង់ វិសាល

​ប្រភព៖ telegraph