សែន​ស្រងេះស្រងោច! ពេល​ដឹង​ប្រវត្តិ​ផ្លូវ​ដែក​ដ៏​កម្សត់​របស់​កម្ពុជា​

  • 2017-05-23 04:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ផ្លូវ​ដែក កម្ពុជា​ធ្លាប់​មាន​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ ហើយ​ផ្លូវ​ដែក​ទាំង​ពីរ​ខ្សែ​របស់​កម្ពុជា ធ្លាប់​ឆ្លងកាត់​នូវ​ការ​បំផ្លិចបំផ្លាញ​ជា​ច្រើន​លើក​ច្រើន​សារ គួរ​ឱ្យ​ស្រណោះ​បំផុត​​ក្នុង​សម័យ​កាល​ប្រទេស​ត្រូវ​ញាំញី​ដោយ​សង្គ្រាម ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី ​ឯក​ឧត្ដម លី បូរិន អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​ទទួល​បន្ទុក​ផ្លូវ​ដែក ថ្លែង​មក​កាន់​ Sabay​ក្នុង​​កិច្ច​សម្ភាសន៍​ពិសេស​មួយ​។

ឯក​ឧត្ដម លី បូរិន

ឯក​ឧត្ដម លី បូរិន ​បាន​​ឱ្យ​ដឹង​ទៀត​ថា ​កម្ពុជា​មាន​ផ្លូវ​ដែក​​ពីរ​ខ្សែ​ ខ្សែ​ទី ១ ពី​ភ្នំពេញ ទៅ​ព្រំដែន​ថៃ និង​ប៉ោយប៉ែត ប្រវែង ៣៨៦​គីឡូម៉ែត្រ​។ ​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ ត្រូវ​បាន​សាងសង់​កំឡុង​ឆ្នាំ ១៩២៩ ទៅ​ដល់​ឆ្នាំ​ ១៩៤២ ​​ដើម្បី​ធ្វើ​ដំណើរ​ចេញ​ចូល​ជាមួយ​ថៃ ​ហើយ​ត្រូវ​ប្រើ​រយៈពេល​រយៈ​ពេល​ ៣ ថ្ងៃ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ ​ដឹក​ទំនិញ​​។ ​ដូច្នេះ​ក្នុង​សម័យ​ដែល​បារាំង​ ត្រួត​ត្រា​ប្រទេស​កម្ពុជា គឺ​បាន​បន្សល់​ទុក​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ​។

​រហូត​​មក ​ក្នុង​ឆ្នាំ ១៩៦០ ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ ​ក្រោម​ព្រះរាជ​កិច្ច​ដឹក​នាំ​ប្រទេស ដោយ​ព្រះ​បរម​រតន​កោដិ ​ព្រះបាទ​សម្ដេច​នរោត្ដម សីហនុ ផ្លូវ​ដែក​នៅ​កម្ពុជា ត្រូវ​បាន​សាងសង់​មួយ​ខ្សែ​ទៀត ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ និង​សេដ្ឋកិច្ច​ជាតិ​។ ផ្លូវ​ដែក​នោះ សាងសង់​ពី​ភ្នំពេញ​រហូត​ដល់ កំពង់ផែ​ក្រុង​ព្រះសីហនុ ​ ​ប្រវែង ២៦៦​គីឡូម៉ែត្រ​។ ក្នុង​នោះ​ក៏​ធ្លាប់​មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា សង់​ក្នុង​សម័យ​អាណានិគម​និយម​បារាំង តែ​នេះ​ជា​ស្នាម​ព្រះហស្ត​ដ៏​ថ្លៃ​ថ្លា របស់​ព្រះ​បរម​រតន​កោដិ នៃ​យើង​។

តែ​គួរ​សោកស្ដាយ​យ៉ាង​ក្រៃ​លែង ប្រទេស​ធ្លាប់​តែ​រស់​ក្រោម​ដំបូល​សន្តិភាព ភាព​ក្សេមក្សាន្ត​ ក៏​ត្រូវ​បាន​បំផ្លាញ​ក្នុង​ថ្ងៃ​​ ១៨ មិនា ​ឆ្នាំ​ ១៩៧០ ​ក្រោម​ការ​ធ្វើ​រដ្ឋ​ប្រហារ​ពី​ លន់ នល់ ​​ពេល​នោះ​ហើយ​ផ្លូវ​ដែក​កម្ពុជា​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​គួរ​ឱ្យ​អាសូរ ក្រោម​សន្ធឹក​គ្រាប់​បែក​របស់​អាមេរិក​។ ផ្លូវ​ដែក ដែល​ធ្លាប់​តែ​ឭ​សំឡេង​គគ្រឹកគគ្រាក់ ប្រែ​​ជា​ស្ងាត់​ជ្រងំ​ ក្រោយ​ពេល​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ជន​រួម​ជាតិ​ទាំង​មូល​កំពុង​វឹកវរ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​។

ចុចអានអត្ថបទ៖ ថ្មី​បំផុត! ប្រជាជន​កម្ពុជា​នឹង​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក ​ទៅ​កាន់​​២៧​ប្រទេស

មក​ដល់​ឆ្នាំ ១៩៧៥ ​ក្នុង​សម័យ​ ប៉ុល ពត ផ្លូវ​ដែក​ទាំង​ពីរ​ខ្សែ​នោះ នៅ​តែ​បន្ត​ការ​ខូច​ខាត​កាន់​តែ​ខ្លាំង ក្រោម​ស្នាដៃ​ដ៏​ខ្មៅ​ងងឹត របស់​ខ្មែរ​ក្រហម​។ ​ព្រះ​អាទិត្យ​នៅ​រះ​ ក្ដី​សង្ឃឹម នៅ​តែ​មាន​ រហូត​មក​ដល់​ឆ្នាំ ១៩៧៩ ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ផ្លូវ​ដែក​កម្ពុជា​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ប៉ុន្តែ​គួរ​ឱ្យ​ស្រណោះ​ផ្លូវ​ដែក​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​។ ខ្មែរ​ក្រហម នៅ​តែ​បន្ត​លុក​លុយ ចំណែក​ផ្លូវ​ដែក​កាន់​តែ​បន្ត​ខូច​ខាត​ ទោះ​បី​ខំ​ស្រោច​ស្រង់​មក​វិញ​យ៉ាង​ណា​ក៏​មិន​ឈ្នះ​​ដែរ​។

​សង្គ្រាម ត្រូវ​បាន​បញ្ចប់​ស្រុក​ទេស ចាប់ផ្ដើម​ស្ងប់​សុខ​វិញ ទើប​​មក​ដល់​ឆ្នាំ ២០០៩ រាជ​​រដ្ឋាភិបាល​បាន​ធ្វើ​​កិច្ច​ព្រមព្រៀង​សម្បទាន លើ​ផ្លូវ​ដែក​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ​ដោយ​រដ្ឋាភិបាល​ខ្ចី​លុយ​ពី ADB (ASIAN DEVELOPMENT BANK) ដើម្បី​យក​មក​ស្ដារ​អភិវឌ្ឍ​ផ្លូវ​ដែក​​​ឡើង​វិញ​។ ​កាល​នោះ​ក្រុម​ហ៊ុន សម្បទានិក​ Toll Holding Limited របស់​​ប្រទេស​អូស្ត្រាលី បាន​ដេញ​ថ្លៃ​ឈ្នះ ​ហើយ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ដឹក​ជញ្ជូន​ទំនិញ ​រក​ប្រាក់​ដើម្បី​បង់​ឱ្យ​រដ្ឋាភិបាល ហើយ​រដ្ឋ​បង់​ទៅ​ឱ្យ​ ADB វិញ​។​ នេះ​ជា​ទិស​ដៅ​ដំបូង​បំផុត ក្រោយ​ប្រទេស​សាន្ត​ត្រាណ​។

អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​សាធារណការ ​បាន​បន្ត​ទៀត​ថា គម្រោង​ចំណាយ​លើ​ផ្លូវ​ដែក​នេះ ត្រូវ​ចំណាយ ៧៣​លាន​ដុល្លារ​ បូក​ជាមួយ​ប្រាក់​បដិភាគ​​រដ្ឋាភិបាល​ក្នុង​១​ឆ្នាំ​លើ​ការ​ជួស​ជុល​។ ​តែ​ក្រោយ​មក​ការ​ចំណាយ បូក​រួម​ទាំង​ការ​ស្ដារ​ស្ពាន​ចាស់ៗ ត្រូវ​បាន​កើន​រហូត​ដល់ ១៤០​លាន​ដុល្លារ ​ដែល​បន្ថែម​ដោយ ADB ​និង​ជំនួយ​ឥត​សំណង​ពី USAID។

ចុចអានអត្ថបទ៖ ថ្មី​បំផុត! ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ត្រឹម ២ ម៉ោង​ ​នឹង​បើក​ការដ្ឋាន​

ប៉ុន្តែ​ការជួសជុល​បាន​តែ​ពីភ្នំពេញ​ទៅ​ កំពង់​សោម និង​ ផ្លូវ​ពី​ស៊ីសាផុន ​ទៅ​​ប៉ោយប៉ែត ​តែ​ធ្វើ​មិន​ទាន់​ដល់​ព្រំដែន​ទេ បាន​ត្រឹម​ ៤២​គីឡូម៉ែត្រ ​ដោយសារ​អស់​ថវិកា​។ ​រហូត​មក​ដល់​ឆ្នាំ ២០១៥ ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ត្រឹម​តែ ២០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​ លើ​ការ​ជួសជុល​ផ្លូវ​ដែក​៕

ទស្សនាប្រវត្តិលម្អិតផ្លូវដែកកម្ពុជា ក្រោមកិច្ចសម្ភាសន៍ពិសេសមួយ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី