Surface Pro ថ្មី​ទម្ងន់​ត្រឹម​ ៧០០ ក្រាម​ តែ​សមត្ថភាព​ខ្លាំងកប់​លូ!

  • 2017-05-24 01:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​យប់​មិញ​នេះ​ Microsoft បាន​បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី​ Surface Pro ដែល​ជា​ការ​អាប់ដេត​ចេញ​ពី​ Surface Pro 4។ ស៊េរី​ថ្មី​នេះ​មាន​ការ​រចនា​រូបរាង​ថ្មី, អេក្រង់​ថ្មី, Hardware ថ្មី រួម​ទាំង​ Software ថ្មី​ដែល​ជួយ​ឲ្យ​វា​ក្លាយ​ជា​ Surface លេច​ធ្លោ​ជាង​គេ។

Surface Pro មាន​កម្រាស់​ស្ដើង​ត្រឹម​ ៨,៥ ម.ម និង មាន​ទម្ងន់​តែ​ ៧៧១ ក្រាម​ប៉ុណ្ណោះ​ ដោយ​ជា​ត្រកូល​ Surface ស្រាល​ជាង​គេ​នា​ពេល​បច្ចុប្បន្ន។ អេក្រង់​មាន​ទំហំ​ ១២,៣ អ៊ីញ​ ដោយ​មាន​ Resolution ២៧៣៦ x ១៨២៤ ជា​ប្រភេទ PixelSense Display ដែល​មាន​ដង់ស៊ីតេ​រូបភាព​ដល់​ទៅ​ ២៦៧ ភីកសែល​ក្នុង​មួយ​អ៊ីញ។

Surface ថ្មី​នេះ​ក៏​នឹង​មាន​បំពាក់​ដោយ​ CPU ជំនាន់​ទី ​៧ ​របស់​ Intel គឺ​ "Kaby Lake” ដោយ​រួម​មាន​ជា​ប្រភេទ Core m3, Core i5 និង Core i7។ ប្រភេទ​ Core m3 និង Core i5 គឺ​មិន​មាន​ប្រើ​កង្ហារ​ឡើយ​ ហេតុ​នេះ​មាន​សំឡេង​ស្ងាត់​ឈឹង​តែ​ម្ដង​ពេល​ធ្វើ​ប្រតិបត្តិការ។

ម៉ូដែល​ប្រើ​ Core m3 មាន​បំពាក់​ដោយ​ RAM ទំហំ​ ៤ GB, អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ Flash Storage ទំហំ​ ១២៨ GB និង ប្រើ​ក្រាហ្វិក​ Intel HD Graphics 615។

ចំណែក​ឯ​ម៉ូដែល​ Core i5 មាន​ជម្រើស​​ចំនួន​ពីរ​ដោយ​​មាន​ជា​ប្រភេទ​ RAM ទំហំ​ ៤ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និង ជា​ប្រភេទ​ RAM ទំហំ​ ៨ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ២៥៦ GB អម​ដោយ​ក្រាហ្វិក​ Intel HD Graphics 620។

ឯ​ម៉ូដែល​ប្រើ CPU Core i7 វិញ​​មាន​ជា​បី​ជម្រើស ទី​មួយ​ RAM ទំហំ​ ៨ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ២៥៦ GB, ទី​ពីរ​ RAM ទំហំ​ ១៦​ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ៥១២ GB និង ទី​បី​ RAM ទំហំ​ ១៦​ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ១ TB អម​ដោយ​ក្រាហ្វិក​ Intel Iris Plus Graphics 640។

លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់​ Surface ទាំង​បី​ម៉ូដែល​ខាង​លើ​រួម​មាន​​រន្ធ​ USB 3.0 ចំនួន​មួយ, រន្ធ​ Mini DisplayPort ចំនួន​មួយ, រន្ធ​ microSDXC និង រន្ធ​ដោត​កាស​ចំនួន​មួយ។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ទំហំ​ ៨ MP និង ខាង​មុខ​មាន​កាមេរ៉ា​ទំហំ​ ៥ MP ដែល​អាច​ថត​វីដេអូ​កម្រិត​ 1080p បាន​ដូច​គ្នា។

លើស​ពី​នេះ​ Microsoft ក៏​បាន​បង្ហាញ​ពី​ប៊ិច​ថ្មី​ Surface Pen សម្រាប់​ប្រើ​ជា​មួយ​ Surface Pro ដោយ​មាន​ចំណុច​សម្ពាធ​ដល់​ ៤០៩៦ ចំណុច​​ ខ្លាំង​ជាង​ប៊ិច​ជំនាន់​មុន​ដែល​មាន​ត្រឹម​ជាង ១០០០ ចំណុច​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​ប៊ិច​នេះ​មិន​បាន​ Free ដូច​មុន​ឡើយ​ ដោយ​ត្រូវ​ចំណាយ​ ៩៩​ ដុល្លារ​ បន្ថែម​ប្រសិន​បើ​ចង់​បាន។

Surface Pro នឹង​មាន​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​បរទេស​ចាប់​ពី​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​ ដោយ​មាន​តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ​ស៊េរី​ទាប​ រហូត​ដល់​ស៊េរី​ខ្លាំង​ផុត​លេខ​ដែល​មាន​តម្លៃ​ ២ ៦៩៩ ដុល្លារ៕​​

ប្រភព៖ The Verge | GSMarena   ប្រែ​សម្រួល៖ សុខហេង