នេះជាមូលហេតុធំៗទាំង៧ ពីក្រោយការបែកបាក់ក្រុមចម្រៀងកូរ៉េ K-Pop
- 2017-05-24 02:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាមូលហេតុធំៗទាំង៧ ពីក្រោយការបែកបាក់ក្រុមចម្រៀងកូរ៉េ K-Pop
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសឆ្នាំ ២០១៦ និង ២០១៧ គេសង្កេតឃើញថាក្រុមចម្រៀងកូរ៉េល្បីៗ ជាច្រើនក្រុមបានបាក់បែកជាបន្តបន្ទាប់មិនឈប់ឈរ។ ជាក់ស្ដែងក្រុមចម្រៀងដ៏ល្បី 2NE1 និង KARA បានបាក់បែកជាបន្តបន្ទាប់នៅឆ្នាំ ២០១៦ បន្ទាប់មកមានដូចជាក្រុម 4 Minutes ក្រុម Rainbow សុទ្ធតែត្រូវបានបាក់បែកក្រុមក្នុងឆ្នាំ ២០១៦ ដូចគ្នា។ លុះឈានមកដល់ឆ្នាំ ២០១៧ ក្រុមចម្រៀងដូចជា T-Ara, Wonder Girl សុទ្ធតែបាក់បែកគ្នាមិនឈប់ រហូតដល់ពេលថ្មីៗនេះក្រុមចម្រៀង Sistar ក៏បានប្រកាសថានឹងបែកគ្នាផងដែរ។
អីចឹងតើមកពីមូលហេតុអ្វីទៅ បានក្រុមចម្រៀង K-Pop ចាស់ៗទាំងនេះបែកបាក់មិនឈប់បែបនេះ?
១. ដោយសារផុតកុងត្រា
ជាធម្មតាតារាសម្រាប់ផលិតកម្មនីមួយៗនៅកូរ៉េចាំបាច់ត្រូវតែចុះកុងត្រា ដែលពេលវេលាជាមធ្យមសម្រាប់ក្រុមចម្រៀងមួយគឺរយៈពេល៧ឆ្នាំ។ សមាជិកក្រុមចម្រៀងមួយចំនួនធំបានចាកចេញពីក្រុមដោយសារតែកុងត្រាបានបញ្ចប់ ក្នុងនោះមានដូចជា Minzy សមាជិកក្រុម 2NE1, Jia សមាជិកក្រុម Miss A ជាដើមសុទ្ធតែចេញពីក្រុមហ៊ុនបន្ទាប់ពីកុងត្រាត្រូវបានបញ្ចប់។
២. ដោយសារគំនាបផលិតកម្ម
មូលហេតុមួយទៀតនោះគឺដោយសារតែផលិតកម្មចម្រៀងកូរ៉េមួយចំនួនបានដាក់គំនាបខ្លាំងទៅលើ សមាជិកឫមិនយកចិត្តទុកដាក់ទៅលើក្រុមចម្រៀង។ ជាឧទាហរណ៍ដូចជាក្រុមចម្រៀង The Ark ដែលទើបតែនឹងបានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ ២០១៦ ហើយក៏ត្រូវរំសាយចេញមកវិញដោយសារតែផលិតកម្មមិនយកចិត្តទុកដាក់។ ព្រមទាំងក្រុមចម្រៀង TVXQ ជាដើម ដោយសារតែមានបញ្ហាច្រើនក្រុមនេះបានបាក់បែកសមាជិកជា២ក្រុម TVXQ ដែលមានសមាជិក២នាក់ និង JYJ ដែលមានសមាជិក៣នាក់។ ប៉ុន្តែក្រុមចម្រៀងនោះមិនអាចនៅស្ថិតស្ថេរបានយូរឡើយ ដោយសមាជិកស្រវារកកន្លែងថ្មីដូចជាធ្វើជាតារាសម្ដែងជាដើម។
៣. លែងមានប្រជាប្រិយភាព
នេះក៏ជាមូលហេតុចម្បងមួយដែរ ដែលធ្វើឲ្យក្រុមចម្រៀងជាច្រើនត្រូវបានរំសាយ។ ឧទាហរណ៍ដ៏ល្អមួយគឺក្រុមចម្រៀង 4 Minutes ដោយសារអាល់ប៊ុមចុងក្រោយទទួលបានចំនួនទិញតិចពេក ដូច្នេះផលិតកម្ម Cube ក៏សម្រេចរំសាយក្រុមនេះចោល។ បញ្ហានេះជាមូលហេតុចម្បងធ្វើឲ្យសមាជិកក្រុមចង់ចេញពីក្រុមដោយសារគាប់ជួននឹងផុតកំណត់កុងត្រាទៀតនោះ។
៤. សមាជិកចង់ច្រៀង Solo
សមាជិកក្រុមចម្រៀងខ្លះមិនពេញចិត្តទេ ព្រោះកាលពីនៅក្នុងក្រុមខ្លួនមិនមានភាពលេចធ្លោឫអាចធ្វើអ្វីដែលជា Styleរបស់ខ្លួន។ មួយទៀតគឺអាចដោយសារខ្លួនជោគជ័យពេលចេញអាល់ប៊ុមចម្រៀង Solo។ តួយ៉ាងដូចជា HyunA និង Hyolin ជាដើមសុទ្ធតែធ្លាប់ចេញបទចម្រៀង Solo ហើយទទួលបានជោគជ័យ ដូច្នេះហើយពួកគេមិនញញើតនឹងការចាកចេញពីក្រុមនោះទេ។
៥. ក្រុមចម្រៀងស្រីទទួលបានការគាំទ្រតិចជាងក្រុមចម្រៀងប្រុស
បើតាមផ្នត់គំនិតមួយទៀតនោះគឺក្រុមចម្រៀងប្រុសទទួលបានការគាំទ្រច្រើនជាងក្រុមចម្រៀងស្រី។ នេះអាចដោយសារតែអ្នកគាំទ្រវិស័យ K-Pop គឺភាគច្រើនជានារី។ តួយ៉ាងក្រុមចម្រៀង 2NE1 និងក្រុមចម្រៀង Big Bang គឺជាក្រុមចម្រៀងដែលស្ថិតនៅផលិតកម្មជាមួយគ្នានិង ធ្លាប់ទទួលបានប្រជាប្រិយភាពមិនចាញ់គ្នា ប៉ុន្តែក្រុមចម្រៀង Big Bang គឺទទួលបានការគាំទ្រច្រើនជាងទូទាំងពិភពលោក។
៦. រឿងអាស្រូវ
ឧទាហរណ៍មួយដែលរសើបបំផុតនោះគឺករណីរឿងអាស្រូវរបស់ Park Bom។ នេះក៏ជាមូលហេតុមួយដែរដែលបណ្ដាលឲ្យ 2NE1 បែកបាក់ក្រុម។ Bom ត្រូវគេចោទថាជួញដូរគ្រឿងញៀនដោយសារតែមានការយល់ច្រឡំមួយចំនួន។ រឿងអាស្រូវនេះបានបង្អាក់ការត្រលប់មកវិញរបស់ ក្រុមចម្រៀងនេះរហូតដល់មានការបែកបាក់។
៧. ការផ្លាស់ប្ដូររបត់របស់ K-Pop
តារាចម្រៀងដែលស្ថិតនៅក្នុងក្រុមចម្រៀងល្បីៗ ដូច CL ពីក្រុម 2NE1, G-Dragon ពីក្រុម Big Bang និង Taeyeon ពីក្រុម Girls' Generation សុទ្ធតែជាបណ្ដាតារា K-Pop ដែលទទួលបានជោគជ័យក្នុងការចេញបទចម្រៀងនិងអាល់ប៊ុមលក្ខណៈ Solo។ ដូច្នេះហើយទើបក្រុមចម្រៀងចាស់ៗ បានបំបែកក្រុមដើម្បីក្លាយជាតារាចម្រៀង Solo ប៉ុន្តែស្វាគមន៍នូវក្រុមចម្រៀង K-Pop ចំណូលថ្មីដែលកំពុងល្បីដូចជា Black Pink, Twice, និង BTS ជាដើម៕
ចុចអាន៖ ព័ត៌មានទាក់ទងតារាកូរ៉េ
ចុចអាន៖ SISTAR បង្ហោះសារចុងក្រោយទៅកាន់ Fan ជុំវិញព័ត៌មានរំសាយក្រុម
ចុចអាន៖ មកស្គាល់អង្គរក្សរបស់ប្រធានាធិបតីរបស់កូរ៉េថ្មីសង្ហាមិនចាញ់តារាសម្ដែង