ឯកឧត្ដម លី បូរិន៖ កុំសង់ផ្ទះ ធ្វើគម្រោង នៅជិតផ្លូវដែកឱ្យសោះ បើមិនចង់មានបញ្ហាថ្ងៃក្រោយ​

  • 2017-05-29 06:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្ដម លី បូរិន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ទទួល​បន្ទុក​ផ្នែក​ផ្លូវ​ដែក​នៅ​កម្ពុជា​បាន​ប្រាប់​មក​កាន់​ Sabay ថា ប្រសិន​បើ​ចង់​សង់ផ្ទះ ឬ​ធ្វើ​គម្រោង​ផ្សេងៗ ត្រូវ​ធ្វើ​ឱ្យ​ផុត​ពី​គម្លាត​ចំណី​ផ្លូវ​ដែក ឬ​ផ្លូវ​​ធម្មតា​ក៏​ដោយ​ ទើប​មិន​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។

អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណការ​ បាន​ឱ្យ​ដឹង​​ថា ​សម្រាប់​ក្នុង​ក្រុង​ ត្រូវ​សង់​ផ្ទះ​ពី​អ័ក្ស​សង្ខាង​​នៃ​ផ្លូវ​ប្រវែង ២៥​ម៉ែត្រ។ ចំណែក​ក្រៅ​ក្រុង​ ប្រវែង​៣០​ម៉ែត្រ ​ហើយ​ចំពោះ​តំបន់​ព្រៃ​​ភ្នំ​វិញ ប្រវែង​១០០​ម៉ែត្រ​ពី​ផ្លូវ​ដែក​។ ឯកឧត្ដម លី បូរិន បន្ត​ទៀត​ថា ​សេចក្ដី​ប្រកាស​អំពី​ការ​ប្រើប្រាស់​ដី​ចំណី​ផ្លូវ​ដែក​​នេះ​ មាន​តាំង​ពី​ឆ្នាំ ១៩៨៣ មក​ម្ល៉េះ​ ដោយ​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ ​ហើយ​សេចក្ដី​ប្រកាស​នោះ ​គឺ​បាន​ដក​ស្រង់​​ពី​សម័យ​សង្គម​រាស្ត្រ​​​និយម​។ ​បន្ទាប់​មក​ក្នុង​ឆ្នាំ ១៩៨៩ ​មាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ទៀត ​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ​ ដោយ​​ធ្វើ​រួម​គ្នា​ទាំង​ដី​ចំណី​ផ្លូវ​ជាតិ និង​ផ្លូវ​ដែក​។

​ ឯកឧត្ដម លី បូរិន បន្ថែម​ទៀត​ថា រហូត​មក​ដល់​ឆ្នាំ ២០០៩ គឺ​ចេញ​អនុក្រឹត្យ​តែ​ម្ដង ស្ដី​ពី​បញ្ហា​នេះ ​​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ស្ដី​ពី​ចំណី​ផ្លូវ​ជាតិ និង​ផ្លូវ​ដែក​នេះ​។ លោក​ប្រាប់​ថា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កំពុង​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដែល​មាន​លំនៅឋាន ប្រវែង​៣​ម៉ែត្រ​កន្លះ​ពី​ផ្លូវ​ដែក ហើយ​ក៏​ដោះ​ស្រាយ​រួចរាល់​​ខ្លះ​ដែរ​ គឺ​នៅ​តែ​ខាង​ប៉ោយប៉ែត​ប៉ុណ្ណោះ ដែល​នៅ​តែ​តវ៉ា​មិន​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ដែក​នៅ​ប៉ោយប៉ែត​នេះ ឯកឧត្ដម លី បូរិន​ បាន​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​​ប៉ះពាល់​ចំនួន ៩៤០​គ្រួសារ​ ​ប៉ុន្តែ​ក្នុង​នោះ​បាន​ចាកចេញ​អស់ ៩៣៦​គ្រួសារ​ហើយ ​ដោយ​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​ឱ្យ​តែ​ម្ដង ​ហើយ​ក្នុង​នោះ​ មាន​ទឹក​ មាន​ភ្លើង​ តភ្ជាប់​ឱ្យ​គ្រប់គ្រាន់​​មិន​ពិបាក​ទេ។ ​ដោយ​ឡែក ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន ក្នុង​ដី​ចំណី​ផ្លូវ ដែល​មិន​ស្ថិត​ក្នុង​អ័ក្ស​ ៣​ម៉ែត្រ​កន្លះ គឺ​អាច​បន្ត​រស់​នៅ​បាន ប៉ុន្តែ​រដ្ឋ​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​នោះ​ទេ៕​

ទស្សនាបទសម្ភាសន៍ជាមួយ ឯកឧត្ដម លី បូរិន៖

ចុចអានអត្ថបទទាក់ទងនឹងផ្លូវដែក៖

@ សែន​ស្រងេះស្រងោច! ពេល​ដឹង​ប្រវត្តិ​ផ្លូវ​ដែក​ដ៏​កម្សត់​របស់​កម្ពុជា​

@ ថ្មី​បំផុត! ប្រជាជន​កម្ពុជា​នឹង​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក ​ទៅ​កាន់​​២៧​ប្រទេស

អត្ថបទ៖ វឌ្ឍនៈ