កម្ពុជាប្រារព្ធខួប ទិវាឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ខួបលើកទី ៦១
- 2014-11-09 17:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាប្រារព្ធខួប ទិវាឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ខួបលើកទី ៦១
ចន្លោះមិនឃើញ
នៅថ្ងៃនេះ កម្ពុជាប្រារព្ធខួបទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-២០១៤ ជាខួបលើកទី ៦១ នៃទិវាឯករាជ្យជាតិ។ ពិធីនេះគឺជា ការរំលឹកដល់ការទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ដែលជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ហើយពិធីដែលបានចាប់ផ្ដើមព្រឹកមិញ គឺប្រារព្ធឡើងយ៉ាងអធិកអធមនៅឯវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជន ថ្នាក់ដឹកនាំកំពូលៗ ក្នុងស្ថាប័នជាតិ និង មហាជនរាប់ពាន់នាក់ដែលបានចូលរួម។
គួររំលឹកថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ ព្រះអង្គ បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ៕
សូមចុចអាន៖ ទិដ្ឋភាពថ្ងៃអុំទូក មើលហើយមានអារម្មណ៍ដូចបានមកដែរ
សូមចុចអាន៖ ជាង៤០០នាក់ខំធ្វើការបីថ្ងៃហើយឆ្លៀតមករើសសំរាមសំអាតបរិស្ថានទាំងព្រលឹមទៀត