ផ្អើល​អ្នក​ស្រុក! ដើមស្នួល ​រលើង​ដួល​ជិត​១ឆ្នាំ ងើបឈរ​ត្រង់​ឡើង​វិញ​ឯកឯង (មានវីដេអូ)

  • 2017-06-12 08:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ស្នួលធំ​មួយ​ដើម​ប្រវែង​ខ្ទង់​៣០​ម៉ែត្រ​ ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោក​បក់​រលើង​ដួល​ដាច់ ​ឫស​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​បាន​ងើប​ឈរ​ត្រង់​ឡើង​វិញ​ដោយ​ឯកឯង​ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ស្រុក​។

បើ​តាម​ព្រឹទ្ធាចារ្យ​ ហម​ អេង​ អាយុ ​៥៧​ឆ្នាំ​ បាន​ប្រាប់​ថា​ ដើម​ស្នួល​បុរាណ​នេះ​ដួល​រលំ​ដាច់​ឬស​ពី​ដី​ទាំង​អស់​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦។ ម្ចាស់​ស្រែ​ និង​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​ទាំង​អស់​បាន​មូល​មតិគ្នា​ ធ្វើ​ពិធី​សូត្រ​មន្ត​បង្កក់​ជូន​ដល់​ម្ចាស់​ស្រែ​ដែល​ដើម​ឈ្នួល​នេះ​បាន​ដួល​រលំ​លើ​ផង​ដែរ។

សូមស្ដាប់​លោក ហម អេង និយាយ៖

លុះ​ដល់​អំឡុង​ខែ​បី​មុន​ចូល​ឆ្នាំ​ខ្មែរ​ទើប​នាំ​គ្នា​ធ្វើ​ពិធី​ម្ដង​ទៀត​ ដើម្បី​សុំ​អារ​ ឬ​កាប់​ចេញ​ កុំ​ឲ្យ​ទើស​ដល់​ម្ចាស់​ស្រែ​ដែល​ជិត​ដល់​រដូវ​កាល​ភ្ជួរ​រាស់។ ដើម​និង​មែក​នានា​ត្រូវ​បាន​អ្នក​ភូមិ​យក​ទៅ​ទុក​ប្រើ​ប្រាស់​តាម​ផ្ទះ​អស់​ទៅ​ហើយ​ នៅ​ឡើយ​តែ​គល់​ធំ​ប្រវែង​ជាង​មួយ​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ​ ដែល​ពុំ​ទាន់​យក​ចេញ​រួច។

រឿង​ចម្លែក​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នា​ព្រឹក​ព្រលឹម​ បុរស​ម្នាក់​បាន​ដឹក​គោ​យក​ទៅ​ចង​ដូច​សព្វ​មួយ​ដង​ ប៉ុន្តែ​បាន​ប្រទះ​ឃើញ​គល់​ស្នួល​​ងើប​ឈរ​ត្រង់​ឡើង​វិញ​ និង​មាន​ដុះ​ចេញ​កូន​ថ្មី​ប្រាំ​បី​ដើម ដោយ​ពុំ​មាន​នរណា​ម្នាក់​បាន​ធ្វើ​អ្វី​សោះ។ ដំណឹង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ ល្បី​តៗ​គ្នា​ដល់​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ទិស​ទី​ធ្វើ​ដំណើរ​មក​មើល​និង​អុជ​ធូប​បន់​ស្រន់​សុំ​សេចក្ដី​សុខ​យ៉ាង​ច្រើន​កុះករ​មិន​ចេះ​ដាច់។

អ្នក​ស្រុក​បន្ត​លើក​ឡើង​ថា​ ពេល​ពួក​គាត់​បាត់​របស់​មាន​តម្លៃ​ ឬ​កូន​ចៅ​មាន​ជំងឺ​តម្កាត់​ ក៏​នាំ​មក​បន់​ស្រន់​ឃើញ​ថា​ពិត​ជា​ពូកែ​សក្ដិសិទ្ធិ​មែន។ ដើម​ឈ្នួល​បុរាណ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បោក​ផ្ដួល​ ហើយ​ងើប​ឈរ​ត្រង់​ឡើង​វិញ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​រកា​ពក​ ឃុំ​ត្រពាំងក្រសាំង​ ស្រុក​បាទី​​ ខេត្ត​តាកែវ។

អត្ថបទ៖ សូទ្រី

អត្ថបទពេញនិយម