ម្រេច​កំពត​មាន​តម្រូវ​ការ​ខ្ពស់ ខណៈ​ការ​ផ្គត់​ផ្គង់​មិនទាន់​តម្រូវ​ការ

  • 2017-06-16 03:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រប​ពេល​កិត្តិនាម​ ​ម្រេច​កំពត​កំពុង​ល្បី​រន្ទឺ​នៅ​ជុំវិញ​ពិភព​លោក ដោយ​ទទួលស្គាល់​គុណភាព​ល្អ​ដាច់​គេ​លើ​ម្រេច​ពី​ប្រទេស​ដទៃ ទន្ទឹម​នឹង​កំណើន​​តម្រូវ​ការ​ម្រេច​កំពត​ក៏​កាន់តែ​ខ្ពស់​ឡើង​ ប៉ុន្ដែ​ការ​ផ្គត់ផ្គង់​មិន​ទាន់​តាម​តម្រូវ​ការ​នៅ​ឡើយ។ ផ្អែក​តាម​​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ការ​បញ្ជា​ទិញ​ម្រេច​កំពត​ឆ្នាំ​នេះ មាន​កើន​ឡើង​រហូតដល់ ​១០០​តោន ​ឯ​ណោះ​។ លោក​ថា តម្រូវ​ការ​ គឺ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ស្របគ្នា​នឹង​តម្លៃ​ខ្ពស់​ជាងគេ​ផងដែរ​។​

​លោក ងួន ឡាយ ជា​កសិករ​ដាំ​ម្រេច និង​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ថា​៖ « ការ​ប្រមូល​ផល​ម្រេច​នា​រដូវ​នេះ​នៅ​សល់តិច​តួច​ប្រហែល ៥​ភាគ​រយ​ទៀត ហើយ​នឹង​ត្រូវ​បញ្ចប់​ការ​ប្រមូល​ផល​នៅ​ចុងខែ​មិថុនា​ខាងមុខ​នេះ « ហើយ​បើ​តាម​ការ​ព្យាករ មាន​គេ​បញ្ជា​ទិញ​ប្រមាណ ១០០​តោន ប៉ុន្តែ​យើង​អត់​ទាន់​ដឹងថា យើង​ចម្រាញ់​ឲ្យ​ត្រូវ​គុណភាព​ស្តង់ដារ​ម្រេច​កំពត​ឲ្យ​បាន​ប៉ុន្មាន​នោះ​ទេ​»​។​

​យ៉ាងណា​មិញ តំណាង​សមាគម​ខាងលើ បង្ហាញ​សុទិដ្ឋិនិយម​​ថា ម្រេច​កំពត​ឆ្នាំនេះ អាច​ផ្គត់​ផ្គង់​ទីផ្សារ​បាន​ប្រមាណ​ជា ៨០​តោន ប៉ុណ្ណោះ ក្នុង​នោះ​សមាគម​នឹង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ប្រហែល ៧០​ភាគ​យ និង​សល់​ប៉ុន្មាន​សម្រាប់​តម្រូវ​ការ​ក្នុងស្រុក​។

​ដោយឡែក ម្រេច​កំពត​ដែល​ទទួលស្គាល់​ដោយ​ពិភពលោក មាន​គុណភាព​ល្អ​ដាច់​គេ និង​រក្សា​តម្លៃ​ខ្ពស់​រហូតដល់​ទៅ ៤២៥ ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូក្រាម​។ យោង​តាម​ប្រសាសន៍​ប្រធាន​សមាគម​ខាងលើ បាន​ថ្លែង​ថា ទោះបីជា​ម្រេច​កំពត មាន​តម្លៃ​ថ្លៃ​យ៉ាងណាក៏ដោយ ក៏​ប្រជាកសិករ​មិនទាន់​អាច​ផលិត​ម្រេច​គ្រប់​គ្រាន់ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ទីផ្សារ​បាន​នៅឡើយ ដោយសារ​ផ្ទៃដី​ដាំ​ដុះ​មាន​តិច ហើយ​ការ​ដាំ​ដុះ​ទៀតសោត​ក៏​ធ្វើតាម​លក្ខណៈ​ប្រពៃណី​។​

​ដោយ​ឆ្លងតាម​បទ​ពិសោធ​កន្លង​មក នៅ​ឆ្នាំ ២០១៦ ម្រេច​កំពត​ប្រមូល​ផល​បាន ៧៣​តោន​ហើយ​បាន​ចម្រាញ់​ឲ្យ​ត្រូវ​គុណភាព​ស្ដង់ដារ​ម្រេច​កំ​ពត​បាន​ប្រមាណ​តែ ៥៣ តោន ខណៈ​ឆ្នាំ ២០១៥ ប្រមូល​បាន ៦២ តោន និង​សម្រេច​គុណភាព​ផ្លូវ​បាន ៦០​តោន​។ លោក ងួន ឡាយ បញ្ជាក់​ប្រាប់​៕​

​អត្ថបទ​៖ ស៊ិន សា​វ៉េ​ត​

អត្ថបទពេញនិយម
អត្ថបទថ្មី