ស្រ្តីម្នាក់ប្តឹងកាស៊ីណូ ក្រោយឈ្នះរង្វាន់ធំ ៤៣លានដុល្លារ តែទទួលបានត្រឹម ២ដុល្លារ

  • 2017-06-17 02:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​កាស៊ីណូ​មួយ​កន្លែង បន្ទាប់​ពី​ឈ្នះ​រង្វាន់​ធំ​នៅ​លើ​ម៉ាស៊ីន​ហ្គេម Slot Machine ចំនួន ៤៣ លាន​ដុល្លារ ប៉ុន្តែ​ត្រូវ​ខាង​កាស៊ីណូ ផ្ដល់​រង្វាន់​ជា​អាហារ​ពេល​ល្ងាច ដែល​មាន​តម្លៃ​ត្រឹមតែ ២,២៥ ដុល្លារ​ជំនួស​វិញ ដោយ​ប្រាប់​ថា វា​គឺ​ជា​កំហុស​បច្ចេកទេស​ប៉ុណ្ណោះ។

ស្ត្រី​ខាងលើ​មាន​ឈ្មោះ​ថា Katrina Bookman បាន​ថតរូប Selfie ជាមួយ​ម៉ាស៊ីន​ហ្គេម ដែល​បង្ហាញ​សារ​ជា​ភាសា​អង់គ្លេស​ថា «printing cash ticket $42,949,672.76» នៅ​ឯ​កាស៊ីណូ Resorts World Casino ស្ថិត​ក្នុង​ទីក្រុង New York កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ។ ផ្ទុយទៅវិញ អ្នកស្រី Katrina ត្រូវ​បាន​គេ​នាំ​ចេញ​ទៅ​ខាងក្រៅ ហើយ​បាន​ប្រាប់​ថា​អ្នកស្រី​ឈ្នះ​ត្រឹមតែ ២,២៥ ដុល្លារ​ប៉ុណ្ណោះ។

លោក Alan Ripka មេធាវី​របស់​អ្នកស្រី Katrina បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ស្រី​មាន​សិទ្ធិ​ទទួល​បាន​រង្វាន់ គ្រប់​ចំនួន​ដែល​បាន​បង្ហាញ។

បើ​តាម​ពាក្យ​បណ្ដឹង​នៅ​តុលាការ​កំពូល Queens County Supreme Court បាន​ឲ្យ​ដឹង​ថា កណ្ដឹង សំឡេង និង ភ្លើង​របស់​ម៉ាស៊ីន​ហ្គេម Slot Machine រួម​ទាំង​សារ​នៅ​លើ​អេក្រង់ បាន​ប្រាប់​អ្នក​ស្រី Katrina ថា​អ្នកស្រី​បាន​ឈ្នះ​រង្វាន់​ធំ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​របស់​កាស៊ីណូ Resorts World Casino បាន​និយាយ​ថា នៅ​ពេល​នោះ​ម៉ាស៊ីន​ពិត​ជាដំណើរ​ការ​ខុស​ប្រក្រតីមែន។ ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ New York State Gaming Commission ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ម៉ាស៊ីន​ហ្គេម​នោះ​បាន​បង្ហាញ​សារ​ថា «បញ្ហា​មិន​ប្រក្រតី ចាត់​ទុក​ជា​មោឃៈ​ចំពោះ​ការ​សង និង​លេង​ទាំង​អស់»

យ៉ាងណាមិញ លោក​មេធាវី Ripka បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា នៅ​ពេល​នោះ ខាង​កាស៊ីណូ​មិន​បាន​ឆ្លើយ​តប ទៅ​នឹង​សំណើ​សុំ​ការ​ពន្យល់​អំពី​ការ​ខូច ឬ​ដំណើរការ​មិន​ប្រក្រតី​របស់​ម៉ាស៊ីន​ហ្គេម​នោះ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម