សេន​ ប៊ុនថេន​ លើក​ឡើង​ពី​ការ​ប៉ះ​គ្នា​រវាង​ ឃីម​ ឌីម៉ា​ និង​ ឆៃ​ សារ៉ា​ វគ្គ​ផ្ដាច់​ព្រ័ត្រ

  • 2017-06-21 06:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ដែល​ទើប​ស្ពាយ​ខ្សែក្រវាត់​មក​ពី​ប្រទេស​បារាំង​ សេន​ ប៊ុនថេន​ ថា​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ភេសជ្ជៈ​គោ​ជល់​របស់​សង្វៀន​ CNC​ ចុង​សប្ដាហ៍​នេះ​ កីឡាករ​ ឆៃ​ សារ៉ា​ ពិបាក​ស៊ី​ ឃីម​ ឌីម៉ា​ ណាស់។​

កីឡាករ​ សេន​ ប៊ុនថេន​

កីឡាករ​ សេន​ ប៊ុនថេន​ លើក​ឡើង​ថា​ បើ​តាម​មើល​សមត្ថភាព​កីឡាករ​ ឃីម​ ឌីម៉ា ​បច្ចុប្បន្ន​នេះ​គឺ​ខ្លាំង​ពិបាក​និង​កីឡាករ​ដទៃ​ទប់ទល់​ណាស់។​ ចំពោះ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៦៣.៥​គីឡូក្រាម​នេះ​ គេ​មាន​សង្ឃឹម​ឈ្នះ​ច្រើន​បើ​ប្រៀបធៀប​ជា​មួយ​កីឡា​ករ​ ឆៃ​ សារ៉ា ​ព្រោះ​ទាំង​បទពិសោធ​ តិចនិក​ប្រកួត​ ភាព​វ៉ៃ​ឆ្លាត​ ចិត្ត​សឿង​ និយាយ​ជា​រួម​ទៅ​គឺ​គេ​មាន​តែម​ជាង​ ហើយ​ ឌីម៉ា​ ជា​កីឡាករ​វ៉ៃ​ក្បាច់​តែ​ម្ដង​ មិន​ចេះ​តែ​វ៉ៃ​អាង​កម្លាំង​នោះ​ទេ។​

គ្រូ​ប្រដាល់​នៅ​ក្លឹប​ Prokout​ រូប​នេះ​បន្ត​ថា​ លោក​មិន​សូវ​ជា​បាន​មើល​ពី​ការ​ប្រកួត​របស់​ ឆៃ​ សារ៉ា​ ច្រើន​នោះ​ទេ​ ប៉ុន្តែ​សំអាង​លើ​សមត្ថភាព​របស់​ ឃីម​ ឌីម៉ា​ ប្រកួត​កន្លង​មក​កីឡាករ​មួយ​ចំនួន​ពិបាក​នឹង​យក​ឈ្នះ​លើ​គេ​ណាស់​ កម្រិត​វិជ្ជា​គុន​ប្រហាក់ប្រហែល​ នាគខ្មៅ​បន្ទាយមានជ័យ​ម្នាក់​នេះ​នៅ​កម្ពុជា​មាន​តែ​២នាក់​ទេ។​

កីឡាករ ឃីម ឌីម៉ា​ ផ្ដួល ខុន ក្រុមថេប
កីឡាករ​ ឆៃ សារ៉ា ពេលឈ្នះថៃ

សេន​ ប៊ុនថេន​ កីឡាករ​ចាស់​វស្សា​របស់​កម្ពុជា​ គេ​ធ្លាប់​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ធំៗ​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស​ដូច​ជា​កម្មវិធី​ Thai Fight និង​ការ​ប្រកួត​នានា​នៅ​ប្រទេស​បារាំង។​ សូម​រំលឹក​ថា​ ការ​ប៉ះ​គ្នា​រវាង​ ឃីម​ ឌីម៉ា​ និង​ ឆៃ​ សារ៉ា​ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី២៤ ​មិថុនា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ​នៅ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​