ជើងហោះហើរ United Airline កើតចលាចល​គ្រវែង​អ្នកដំណើរចេញ​ពីកៅអីរបួសច្រើននាក់

  • 2017-06-22 02:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងហោះហើរ​​មួយ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ United Airline ​បាន​ជួប​ឧបទ្ទវហេតុ​គួរ​ឲ្យ​រន្ធត់​ជា​ថ្មី ​ដោយ​អ្នក​ដំណើរ​ចំនួន ១៤​នាក់​​បាន​រង​របួស ​អំឡុង​​ពេល​​មាន​ចលាចល​ធ្ងន់​ធ្ងរ ពេល​កំពុង​ហោះ​ហើរ​ពី​ទីក្រុង Panama City ទៅ​កាន់​ព្រលាន​យន្តហោះ George Bush Intercontinental Airport ​ទីក្រុង Houston រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក។

មនុស្ស ១០​​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ជើង​ហោះ​ហើរ​លេខ ១០៣១ ​បាន​​ចុះ​ចត​កាល​ពី​វេលា​ម៉ោង ១៖៣០​នាទី​រសៀល​ថ្ងៃ​អង្គារ។ យន្តហោះ​បាន​ជួប​ឧបទ្ទវហេតុ​ក្រឡាប់​ចាក់ ខណៈ​ពេល​ហោះ​ហើរ​ឆ្លង​​កាត់​តំបន់ Cancun ដែល​ជួប​​ចំហាយ​ព្យុះ​ស៊ីក្លូន​ត្រូពិក។

​តាម​សេចក្ដី​រាយការណ៍ អ្នក​ដំណើរ​មួយ​ចំនួន​​ត្រូវ​បាន​​យន្តហោះ​គ្រវែង​​ខ្ទាត​​ចេញ​ពី​កៅអី​​អង្គុយ​ទៅ​ត្រូវ​នឹង​ពិតាន​​យន្ដ​ហោះ​ទាំង​កម្រោល​ បណ្ដាល​ឲ្យ​របួស​ក្បាល ក និង​ដៃ​ជា​ដើម។ ពេល​កើត​ហេតុ មាន​អ្នក​ដំណើរ​លើ​យន្ត​ហោះ​សរុប​ទាំង​​អស់​ចំនួន ១៦០​នាក់។

​ប្រភព​ពី​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​ខាង​លើ​​អះអាង​ថា United flight 1031 ពិត​ជា​បាន​កើត​មាន​ឧបទ្ទវហេតុ​​ប្រាកដ​មែន​ដោយ​​អ្នក​ដំណើរ​ ៩​នាក់ រួម​នឹង​បុគ្គលិក​ម្នាក់​របួស​ធ្ងន់​ត្រូវ​​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ។

គួរ​រម្លឹក​ថា​ កាល​ពី​ដើម​ខែ​មេសា អ្នក​ដំណើរ​អាស៊ី​ជា​គ្រូពេទ្យ​ម្នាក់ ​ត្រូវ​បាន​បុគ្គលិក​យន្តហោះ​អាមេរិក United Airlines ​វាយ​​ហូរ​ឈាម​ពេញ​មុខ​ រួច​ទាញ​ចេញ​ពី​កៅអី​អង្គុយ​​​របស់​ខ្លួន ដោយសារ​ក្រុមហ៊ុន​ទទួល​កក់​សំបុត្រ​លើស​ចំនួន​​កំណត់​នៅ​អាកាសយានដ្ឋាន O'Hare ទីក្រុង​ឈីហ្កាហ្គូ បង្ក​ឲ្យ​​ផ្ទុះ​កំហឹង​ពី​​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភព​លោក៕

ប្រភព៖ CBSNews   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម