ចង់​បាន​ផ្ទះ​តម្លៃ​មធ្យម​ និង​ទាប​ គួរ​ទិញ​នៅ​តំបន់​ណា​?

  • 2017-06-23 02:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ​ផ្ទះ​អាច​និយាយ​បាន​ថា​ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម​ ​ហេតុនេះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ ​លោក​អ្នក​ចាំបាច់​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ និង​មាន​ការ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ ដើម្បី​ទទួល​ព័ត៌មាន​សមស្រប​ផងដែរ។ ​

ទន្ទឹម​គ្នា​នេះ​ ការ​ទិញ​ផ្ទះ​ក្នុង​តម្លៃ​​មធ្យម​ និងទាប​ហើយ​មាន​ទីតាំង​ល្អ គឺ​ពិបាក​រក​ណាស់​ ជា​ពិសេស គឺ​គុណភាព​នៃ​ទីតាំង​តែ​ម្ដង​។​ នេះ​បើ​តាម​ប្រសាសន៍​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ បាន​អះអាង​ប្រាប់​ Sabay។ ​

លោក​ សន សៀប ​ប្រធាន​ក្រុមហ៊ុន​ Key Real Estate និង​ជា​អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែង​ថា ​ចរាចរ​ទិញ​លក់​អចលនទ្រព្យ​ពុះ​កញ្រ្ចោល​ខ្លាំង​នា​ពេល​សព្វ​ថ្ងៃ​ ​ច្រើន​នៅ​ជាយ​ក្រុង ដូចជា​ខណ្ឌ​សែន​ ព្រែក​ហូរ​ និង​តំបន់​ជ្រោយចង្វារ​នៅ​ហួស​គម្រោង​អភិវឌ្ឍន៍ OCIC​ជាដើម​ ​ដែល​នៅ​ទី​នោះ​តម្លៃ​ផ្ទះ​មធ្យម​ និង​ទាប​ ចាប់ពី ៥ ម៉ឺន​ ដល់​ ១០​ម៉ឺន​ដុល្លារ​។

លោក​យល់​ឃើញ​ថា​ ​គម្រោង​ភាគ​ច្រើន​ងាក​ទៅ​ភាគ​ជើង​ ​និង​ទិស​ខាង​លិច ហើយ​ភាគច្រើន​គឺ​ខាង​សែនសុខ​ ​ហើយ​យើង​សង្កេត​ឃើញ​ទៀត​ថា បច្ចុប្បន្ន​នៅ​ខណ្ឌ​សែនសុខ​មាន​ប្រជាជន​មាន​ជីវភាព​មធ្យម​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ​ខណៈ​ដែល​ប្រជាជន​នៅ​តំបន់​ទួលគោក​ ក៏​បាន​ចូល​ទៅ​នៅ​តំបន់​នោះ​ផងដែរ​។

លោក​ សន សៀប ​ប្រធាន​ក្រុមហ៊ុន​ Key Real Estate និង​ជា​អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​កម្ពុជា

លោក​បន្ត​ថា​ លំហូរ​ប្រជាជន​ច្រើនឡើងៗ ​ទៅកាន់​តំបន់​ភាគ​ខាង​ជើង​នេះ​ ដោយ​សារ​តែ ​គម្រោង​ធំៗ​លំដាប់​អន្តរជាតិ​បាន​ និង​កំពុង​បង្ហាញ​នៅ​ខ្លួន​នៅ​ទីនោះ​ ​តួយ៉ាង​ ​គម្រោង​ផ្សារ​ទំនើប​អ៊ីអន​២ ដែល​កំពុង​សាងសង់​យ៉ាង​សស្រាក់​សស្រាំ​។

លោក​ សន សៀប​ បាន​បញ្ជាក់​ជារួម​ « តាម​យោបល់​ខ្ញុំគិតថា​ ជុំវិញ​ទិញ​អចលនទ្រព្យ​ក្នុង​តម្លៃ​មធ្យម​ ​សម​ល្មម​នឹង​រស់នៅ​ និង​ធ្វើ​អាជីវកម្ម​ ​គួរតែ​មើល​នៅ​តំបន់​ដែល​ខ្ញុំ​បានរៀបរាប់​ខាងលើ​នេះ​ បើ​មិន​អ៊ី​ចឹងទេ​ ទៅ​ខាង​តំបន់​ភាគ​ខាង​ត្បូង​ ដូចជា​ ចំការដូង​ និងតាខ្មៅ។ « ​ម្យ៉ាង​យើង​មិន​អាច​ជ្រើសរើស​ផ្ទះ​តម្លៃ​ទាបពេក​ និង​តំបន់​ឆ្ងាយ​ក្រុង​ពេក​ហើយ​គ្មាន​មនុស្ស​នៅ​បានឡើយ​ ហើយ​ខ្ញុំ​គិតថា​ តម្លៃ​ផ្ទះ​ចាប់ពី​ ៥ ម៉ឺន ដល់ ១០​ម៉ឺន​ដុល្លារ​ គឺ​សមរម្យ​ សម្រាប់​អ្នក​មាន​ចំណូល​មធ្យម​»៕