រឿងអស្ចារ្យ ៧យ៉ាងរបស់ប្រាសាទអង្គរវត្ត និងតំបន់អង្គរ កូនខ្មែរភាគច្រើនដឹងមិនអស់
- 2017-06-27 03:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងអស្ចារ្យ ៧យ៉ាងរបស់ប្រាសាទអង្គរវត្ត និងតំបន់អង្គរ កូនខ្មែរភាគច្រើនដឹងមិនអស់
ចន្លោះមិនឃើញ
ប្រាសាទអង្គរវត្ត និងប្រជុំសំណង់ទាំងអស់នៃតំបន់អង្គរ បានបន្សល់ទុកអច្ឆរិយភាព និងអាថ៌កំបាំងរាប់មិនអស់សម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។ សម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបានមួយនេះ គឺជាមរតកដ៏អស្ចារ្យដែលធ្វើឲ្យកម្ពុជា ល្បីរន្ទឺលើពិភពលោករហូតទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់។ យ៉ាងណាក្ដី មានរឿងរ៉ាវចាប់អារម្មណ៍មួយចំនួន ដែលកូនខ្មែរភាគច្រើនដឹងមិនអស់។
១. អង្គរវត្ត ជាសំណង់ឧទ្ទិសសាសនាធំបំផុត ជាប់ក្នុងកំណត់ត្រាពិភពលោក Guinness
សំណង់ទាំងអស់នៃប្រជុំប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក ជាប់ក្នុងកំណត់ត្រា Guinness។ ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើង ក្នុងឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ ព្រះវិស្ណុ។
២. អង្គរវត្ត ទទួលបានលេខមួយ ៤ឆ្នាំជាប់គ្នាលើគេហទំព័របរទេសនានា
គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរបរទេស។
កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្ដងទៀត នៅលើគេហទំព័រអន្តរជាតិ TripAdvisor។
នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវិបសាយ ទស្សនាវដ្ដី និងសៀវភៅ ជាដើម។
៣. តំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដំបូងគេរបស់កម្ពុជា
តំបន់អង្គរលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០គីឡូម៉ែត្រក្រឡា ដែលមានប្រាសាទបុរាណជាច្រើន រាប់បញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវអង្គការ UNESCO ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោកក្នុងឆ្នាំ១៩៩២។
៤. បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត កើតឡើងជាប្រចាំរាល់ឆ្នាំ
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់ Sabay ថា បាតុភូតកម្រនេះកើតឡើងជាប្រចាំរាល់ឆ្នាំ គឺនៅខែកញ្ញា ចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា និងម្ដងទៀតក្នុងខែមិនា។ បើតាម Science Channel បានឱ្យដឹងថា ព្រឹត្តិការណ៍នេះឈ្មោះថា អ៊ីខ្វីណក់ (ជាពេលព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) ដែលរន្ធមួយនៅចំកំពូលកណ្ដាលនៃប្រាសាទនឹងទទួលពន្លឺព្រះអាទិត្យ ចាំងទៅក្រោមនៃចំណុច ផ្ចិតខាងក្រោមប្រាសាទ ។
ពន្លឺចែងចាំងព្រះអាទិត្យ ក្នុងព្រឹត្តិការណ៍ ថ្ងៃរះចំណុច កំពូលប្រាសាទនេះត្រូវបានគេជឿថាវាបានបញ្ជូនពន្លឺ ព្រះអាទិត្យនោះ ទៅបន្ទប់អាថ៌កំបាំងមួយ ផ្នែកជាន់ក្រោមដី នៃប្រាសាទអង្គរវត្តដែលមានជម្រៅប្រមាណជាង ៣០ម៉ែត្រ។ អ្នកជំនាញខ្លះបានជឿជាក់ថា ព្រះបានជ័យវរន្ម័ទី២ រចនាកន្លែងសំងាត់នេះ គឺដើម្បីរក្សាអដ្ឋិធាតុ របស់ព្រះអង្គពេលសុគត។
៥. ស្ថាបត្យករបុរាណ ជីកគូទឹកដើម្បីការពារប្រាសាទ រហូតឈរបានជាច្រើនរយឆ្នាំ
យោងតាមវីដេអូឯកសារស្រាវជ្រាវស្ដីពីការកសាងប្រាសាទអង្គរវត្ត ដោយបុរាណវិទូជនជាតិបារាំង បានបង្ហាញថា ស្ថាបត្យករក្នុងសម័យអង្គរ បានជីកធ្វើជាគូទឹកនេះឡើង គឺដើម្បីការពារដល់តួប្រាសាទអង្គរវត្តទាំងមូលតែម្ដង។ តាមរយៈវីដេអូនោះ បានឱ្យដឹងទៀតថា ស្ថាបត្យករដ៏អស្ចារ្យក្នុងសម័យនោះ បានយកដីខ្សាច់ ដើម្បីចាក់គ្រឹះកសាងប្រាសាទអង្គរវត្ត ព្រោះបុព្វបុរសខ្មែរជឿថា ដីខ្សាច់អាចធ្វើឱ្យតួប្រាសាទ ឈររឹងមាំបានរាប់ពាន់ឆ្នាំ។
តាមការស្រាវជ្រាវពីបុរាណវិទូ បានបង្ហាញទៀតថា ដីខ្សាច់ជាប្រភេទដីមានសំណើម ដូច្នេះហើយត្រូវការទឹកដើម្បីបន្សើមជាប្រចាំ។ ដូច្នេះប្រសិនបើដីខ្សាច់គ្មានជាតិទឹក នោះតួប្រាសាទទាំងមូលអាចស្រុតចុះបាន។ ដោយមូលហេតុនេះ ហើយទើបស្ថាបត្យកររបស់ខ្មែរ ក្នុងសម័យនោះបានកេណ្ឌមនុស្សជាច្រើននាក់ ដើម្បីជីកស្រះធ្វើជាគូទឹក ដែលមានបណ្ដោយប្រវែងរហូតដល់ជាង ១៦ គីឡូម៉ែត្រ និងទទឹងជាង ២០០ម៉ែត្រ។
៦. ចម្រឹងបង្អួចប្រាសាទអង្គរវត្តជះស្រមោល ចេញកំពូលប្រាំ ដូចកំពូលប្រាសាទអង្គរវត្ត
ចម្រឹងនៃបង្អួចប្រាសាទអង្គរវត្តបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យ ស្ទើរគ្មាននរណាម្នាក់ចាប់អារម្មណ៍នោះឡើយ។ បើតាមការឱ្យដឹងពី លោក កាន់ សុខម៉េង មគ្គុទ្ទេសក៍ភាសាបារាំង អង់គ្លេស និងថៃ បានស្រាយពីអាថ៌កំបាំងនេះថា ស្រមោលពន្លឺថ្ងៃ នៃចម្រឹងបង្អួចប្រាសាទអង្គរវត្ត គឺជាប្រាសាទកំពូលប្រាំ និងកំពូល៣។
៧. មានសំណង់ជាច្រើនទៀត កប់ក្នុងដីក្រោមប្រាង្គប្រាសាទអង្គរវត្ត
កាលពីដើមឆ្នាំ២០១៥ សារព័ត៌មានអង់គ្លេស Daily Mail បានចុះផ្សាយថា ក្រុមបុរាណវិទូបានរកឃើញសំណង់បុរាណខ្សាច់ដ៏ធំមួយរួមជាមួយសំណង់កប់ក្នុងដីជាច្រើននាបរិវេណខាងក្រោមនៃប្រាង្គប្រាសាទអង្គរវត្ត ដែលជាការគាស់របើកនូវអាថ៌កំបាំងថ្មីមួយទៀត ទាញបានចំណាប់អារម្មណ៍អ្នកស្រាវជ្រាវទូទាំងពិភពលោក។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Sydney បានស្រាវជ្រាវនៅកម្ពុជាក្នុងគម្រោងមួយឈ្មោះ Greater Angkor Project។ ដោយប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR ជាមួយរ៉ាដា ពួកគេបានរកឃើញ និងជីករកសំណង់បុរាណជាច្រើនកប់ក្នុងដីអាថ៌កំបាំងនោះ។ កាលពីពេលមុនគេជឿថាប្រាសាទអង្គរវត្តរបស់កម្ពុជាគឺស្ថិតក្នុងទីកន្លែងសក្ការបូជា ប៉ុន្តែបន្ទាប់ពីរកឃើញសំណង់បុរាណដីខ្សាច់រាងរង្វង់ធំមួយ ព្រមទាំងសំណល់នៃសំណង់បុរាណកប់ក្នុងដីនេះមក បុរាណវិទូជាច្រើននិយាយថាប្រាសាទអង្គរវត្តគឺមានភាពស្មុគស្មាញនិងអាថ៌កំបាំងជាងការគិតទៅទៀត។
ក្រៅពីចំណុចទាំង៧ ខាងលើនេះ នៅមានរឿងរ៉ាវអស្ចារ្យជាច្រើនទៀត ដែលធ្វើឲ្យប្រាសាទអង្គរវត្តល្បីឈ្មោះទូទាំងពិភពលោក រហូតមានប្រទេសនានាចម្លងតាម។ ចំណែកក្រុមអ្នកស្រាវជ្រាវនានា នៅតែបញ្ចេញរបកគំហើញថ្មីៗបន្តបន្ទាប់ ក្រោយពេលរុករកអាថ៌កំបាំងនៅតំបន់នេះ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖