អញ្ចឹង​សោះ​ ​បាន​ជា​អាមេរិក​ឲ្យ​ ​GPS​ ​ប្រើ​ជា​សាធារណៈ

  • 2017-06-27 06:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GPS​ ​ដែល​មាន​ពាក្យ​ពេញ​ថា​ ​Global Positioning System​ ​មាន​ន័យ​ថា​ប្រព័ន្ធ​កំណត់​ទីតាំង​សកល​ ​បង្កើត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ ​សម្រាប់​បម្រើ​ក្នុង​វិស័យ​យោធា​ ​ជា​ពិសេស​ទ័ពអាកាស​របស់​ប្រទេស​មហាអំណាច​នេះ។

ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​ ​១៩៧៣​ ​បច្ចេកវិទ្យា​នេះ​ប្រតិបត្តិការ​ជា​ទម្រង់​ ​Satellite-based​ ​(ប្រើ​ផ្កាយ​រណប​ច្រើន​កំណត់​ទីតាំង)​ ​ហើយ​មាន​ប្រើប្រាស់​សម្រាប់​តែ​យោធា​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​ ​នឹង​មិន​មាន​ប្រើ​ជា​សាធារណៈ​ព្រោះ​ហេតុផល​សុវត្ថិភាព​ ​ការ​គ្រប់គ្រង​ ​ឬ​ការ​ប្រើ​មក​វាយ​បក​លើ​សហរដ្ឋអាមេរិក។ GPS​ ​ក៏​ត្រូវ​បាន​អាមេរិក​បំពាក់​លើ​គ្រាប់​មីស៊ីល​ ​ដើម្បី​ឲ្យ​សមត្ថភាព​ ​និង​កម្រិត​វាយ​ប្រហារ​របស់​វា​ចំ​គោលដៅ។

លុះ​ដល់​ឆ្នាំ​ ​១៩៨៣​ ​យន្តហោះ​ចម្បាំង​របស់​រុស្សី​ប្រភេទ​ ​SU-15​ ​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​ដែល​បាន​ហោះ​ចូល​ដែនអាកាស​ហាមឃាត់​របស់​ខ្លួន​ដោយ​អចេតនា។ ក្រោយ​ឧបទ្ទវហេតុ​នោះ​ ​នឹង​យល់​ឃើញ​ថា​ ​GPS​ ​អាច​ការពារ​មិន​ឲ្យ​ឧបទ្ទវ​ដូច​នេះ​ទៀត​ ​ប្រធានាធិបតី​ទី​ ​៤០​ ​សហរដ្ឋអាមេរិក​ ​លោក​ ​Ronald Reagan​ ​បាន​អនុម័ត​ឲ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​GPS​ ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ​១៦​ ​ខែ​កញ្ញា​ ​ឆ្នាំ ១៩៨៣។ ប៉ុន្តែ​ ​GPS​ ​ដែល​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​នោះ​ ​គឺ​អាច​ចាប់​បាន​ត្រឹម​រយៈ​ចម្ងាយ​ ​១០០​ ​ម៉ែត្រ​ប៉ុណ្ណោះ។

ក្នុង​ឆ្នាំ​ ​២០០០​ ​ប្រធានាធិបតី​ ​ទី​ ​៤២​ ​របស់​សហរដ្ឋអាមេរិក​ ​លោក​ ​Bill Clinton​ ​ក៏​សម្រេច​ដាក់​ឲ្យ​បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​ជា​សាធារណៈ​កាន់​តែ​ទូលាយ​ជាង​មុន​ ​ដែល​ការ​សម្រេច​នេះ​ ​គឺ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​កើត​មាន​ ​រួម​ទាំង​ស្មាតហ្វូន​សព្វ​ថ្ងៃ​នេះ។ បច្ចេកវិទ្យា​ ​GPS​ ​របស់​យោធា​សហរដ្ឋអាមេរិក​ធ្លាប់​គាំង​រលក​សញ្ញា​ ​(Signal)​ ​ក្នុង​ទីតាំង​មួយ​ចំនួន​ដូចជា​នៅ​ ​Iraq​ ​ដែល​មាន​ការ​រំខាន​ពី​រលក​សញ្ញា​ផ្កាយ​រណប។

សហរដ្ឋអាមេរិក​អាច​បិទ​ដំណើរការ​ប្រព័ន្ធ​នេះ​ពេល​ណា​ក៏បាន​ ​ដែល​ដូច​នេះ​ហើយ​ទើប​បច្ចុប្បន្ន​ប្រទេស​ជា​ច្រើន​ជា​ពិសេស​មហាអំណាច​នានា​បាន​ចាប់ផ្ដើម​បង្កើត​ប្រព័ន្ធ​ ​GPS​ ​ផ្ទាល់ខ្លួន​ដើម្បី​ប្រកួតប្រជែង​ ​ហើយ​បច្ចេកវិទ្យា​ ​GPS​ ​ដែល​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​គឺ​មិន​មាន​សមត្ថភាព​ចាប់​ទីតាំង​បាន​ច្បាស់​ដូច​ប្រើ​ក្នុង​វិស័យ​យោធា​ទេ៕

ចុចអានបន្ត ៖

ប្រភព៖ PopularMechanics   អត្ថបទ ​៖ ប៊ុន ធឿន

អត្ថបទថ្មី