មិនធម្មតា តារា​ខ្មែរ​កាត់​ថៃ​ម្នាក់​នេះ ច្រៀង​បាន​​ដល់​១០ភាសា

  • 2017-07-03 01:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​​តិច ១០ភាសា លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ម្ចាស់​បទ​ «អតីត» តារា​ចម្រៀង​កូន​​កាត់​ខ្មែរ-ថៃ អាច​ច្រៀង​បាន នេះ​បើ​តាម​ការ​បង្ហើប​​​ពី​សាមី​ខ្លួន​ប្រាប់។

លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ភាសា​​​ទាំង​នោះ មាន ភាសា​ខ្មែរ ចិន ថៃ អង់គ្លេស ជប៉ុន ហ្វីលីពីន ឥណ្ឌូណេស៊ី អេស្ប៉ាញ ឡាវ វៀតណាម ជា​ដើម។ ខ្មែរ ចិន ថៃ និង អង់គ្លេស លោក​អាច​ច្រៀង​​បាន​​ច្រើន​ជាង​គេ។ «ខ្ញុំ​ច្រៀង​បទ​ដែល​ណា​ល្បី ច្រៀង​បាន​មិន​ច្រើន​បទ​ទេ គឺ​១ភាសា បាន​២ទៅ​៣បទ​ហ្នឹង»។ ប៉ាវផ្លយ ថ្លែង។

វិធី​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​អាច​ច្រៀង​ច្រើន​ភាសា​បែប​នេះ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា គឺ​យក​បទ​ចម្រៀង​ដែល​ល្បី​​នៃ​ប្រទេស​ទាំង​នោះ មក​សរសេរ​ជា​ភាសា​អង់គ្លេស ឲ្យ​ត្រូវ​នឹងប៉ារូ​​​បទ​ចម្រៀង​របស់​គេ ហើយ​ច្រៀង​តាម។ បែប​នេះ​ក្ដី​លោក​ថា ការ​មក​ច្រៀង​តាម​នេះ មិន​ត្រូវ​សូរសៀង​ទាំង​អស់​ឡើយ ព្រោះ​​លោក​ក៏​បាន​មិន​បាន​យល់​ភាសា​ទាំង​អស់​នោះ​ដែរ។

ជា​ការ​ពិត​តារា​ចម្រៀង​វ័យ​៣៧ឆ្នាំ​​ខាង​លើ រៀន​បាន​ច្រើន​នោះ​ទេ ​ពោល​គឺ​ត្រឹម​តែ​ថ្នាក់​ទី៨ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មាន​ទេពកោសល្យ​ខាង​សិល្បៈ និងការ​ព្យាយាម ទើប​ធ្វើ​លោក​​អាច​មាន​សមត្ថភាព​ច្រៀង​បាន​ច្រើន​ភាសា​បែប​នេះ។

លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ បាន​បន្ត​ឲ្យ​ដឹង​ថា ខ្លួន​​បាន​ប្រលូក​​​អាជីព​​ជា​តារា​ចម្រៀង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទាំង​នៅ​​ប្រទេស​កម្ពុជា និងថៃ ។ ជា​មួយ​គ្នា​នោះ​លោក​ក៏​ធ្លាប់​សម្ដែង​ MV ​ជា​ច្រើន​​ផលិតកម្ម​ផង​ដែរ ដូច​ជា ផលិតកម្ម​រស្មី​ហង្ស​មាស សាន់ដេ កាឡាក់ស៊ី​ជា​ដើម។ ប៉ាវផ្លយ ធ្លាប់​​ច្រៀង​នៅតាម​ភោជនីយដ្ឋាន​ជា​ច្រើននៅ​​ក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា មេកុង​ឡញ M2 បូស​ក្លឹប អ័រគីដេ និងភូមិគ្រឹះ​ឆ្ងាញ់ ជា​ដើម។

លោក​ទទួល​ស្គាល់​ថា ទោះបី​ជា​​បាន​ប្រលូក​សិល្បៈ​ច្រើនឆ្នាំ​បែប​នេះ​ក្ដី ប៉ុន្តែ​ប្រជាប្រិយភាព​មិន​សូវ​ទស្សនិកជន​ស្គាល់​ឡើយ ពោល​គឺ​ទើប​តែ​ស្គាល់​ខ្លាំង​តាម​រយៈ​បទ «​អតីត» ​ដែល​លោក​បាន​ច្រៀង​ជា​មួយ​​លោក Shutter ប៉ុណ្ណោះ។ ឆាប់ៗ​ខាង​មុខ​នេះ លោក​គ្រោង​នឹង​​ចេញ​ចម្រៀង​១បទ​ទៀត ​​ច្រៀង​រួម​​គ្នា​ជា​មួយ​ដៃគូ​ដដែល ហើយ​​តាម​​រយៈ​​ស្នាដៃ​ថ្មី​នេះ ប្រជាប្រិយភាពនឹង​ធ្វើ​ឲ្យ​មហាជន​កាន់​តែ​ស្គាល់​លោក​កាន់​ច្បាស់​ជាក់​ជា​មិន​ខាន៕

អត្ថបទៈ ស៊ុនហួត